កន្លងមកប្រធានាធិបតីអាមេរិក និងប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានហៅមេដឹកនាំគីម ជុងអ៊ុនថា ជាមនុស្សមីស៊ីល ។ ប៉ុន្តែ ការហៅបែបនេះ ត្រូវបានស្ងប់ស្ងាត់វិញ ក្រោយពេលមេដឹកនាំប្រទេសទាំងពីរបានជួបពិភាក្សាគ្នា ។ នៅពេលនេះ លោកត្រាំ ក៏បានបន្តហៅ គីម ជុងអ៊ុន ថាជាមនុស្សមីស៊ីលរងការប្រតិកម្មយ៉ាងខ្លាំង ។
កូរ៉េខាងជើង បានខឹងសម្បាយ៉ាងខ្លាំង ក្រោយពេលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានឲ្យរហស្សនាមមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ថាជា«មនុស្សមីស៊ីល» ។ ភាគីកូរ៉េខាងជើង បានព្រមានថា ប្រសិនបើលោក ត្រាំ នៅតែហៅបែបនេះទៀត កូរ៉េខាងជើង ក៏ និងដាក់រហស្សនាមឲ្យលោកត្រាំដូចគ្នា ។
រដ្ឋលេខាធិការក្រសួងការបរទេសកូរ៉េខាងជើង លោកស្រី Choe Son Hui បានលើកឡើងថា «ប្រសិនបើប្រធានាធិបតីអាមេរិក នៅប្រើប្រាស់ពាក្យសម្ដី មិនសមរម្យជាមួយ និងមេដឹកនាំកូរ៉េខាងជើង ធ្វើឲ្យបរិយាកាស អ័ព្ទអួនោះ កូរ៉េខាងជើង និងមានវិធានការតបតវិញ» ។ លោកស្រី Choe Son Hui បានលើកឡើងថា លោក ត្រាំ និយាយស្ដីខ្វះសុជីវធម៌ ក្នុងការប្រើប្រាស់ពាក្យសម្ដីទៅលើមេដឹកនាំប្រទេសកូរ៉េខាងជើង ។
ការលើកឡើងខាងលើរបស់លោកស្រី Choe Son Hui ក្រោយពេលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបាន ហៅ លោក គីម ជុងអ៊ុន ថាជា «មនុស្សមីស៊ីល» ដោយលោកចូលចិត្តបាញ់មីស៊ីលនោះជាការពិត ។
ជាមួយគ្នានេះដែរ លោកត្រាំ បានលើកឡើងថា« នៅពេលនេះ យើងមានកម្លាំងទាហានខ្លាំងបំផុតលើពិភពលោក ហើយយើងក៏ជាប្រទេសខ្លាំងបំផុតលើពិភពលោកផងដែរ ។ យើងសង្ឃឹមថា និងមិនប្រើប្រាស់ដល់កម្លាំងដ៏ខ្លាំងក្លាទាំងនោះឡើយ ប៉ុន្តែនៅពេលចាំបាច់ ទើបយើង និងប្រើប្រាស់កម្លាំងដ៏ខ្លាំងនោះ» ។
រហស្សនាមថា «មនុស្សមីស៊ីល»សំដៅទៅលើមេដឹកនាំ គីម ជុងអ៊ុន ត្រូវបានលោកតាំ ដាក់ឲ្យតាំងពីខែកញ្ញាឆ្នាំ២០១៧ មកម៉្លេះ ប៉ុន្តែមិនត្រូវបានលោកត្រាំ ប្រើប្រាស់ជាប្រចាំពេលថ្កោលទោសមេដឹកនាំកូរ៉េខាងជើង ៕