កន្លងមកនៅក្នុងប្រទេសមួយចំនួន ដូចជារុស្ស៊ី និងបណ្តាប្រទេសតំបន់អារ៉ាប រងការវាយប្រហារ ដោយហ្វូងកណ្តូប រាប់ពាន់លានក្បាលចុះមកបំផ្លាញផលដំណាំ ។ នៅពេលនេះប្រទេសយេមែន ជាប្រទេស ក្រីក្រ ប្រឈម និងសង្គ្រាម កង្វះស្បៀងអាហារ ពេលនេះកំពុងប្រឈម ការវាយប្រហារដោយហ្វូងកណ្តូបបំផ្លាញផលដំណាំ ។
មន្រ្ដីជំនាញ បានថ្លែងថា វិស័យកសិកម្ម នៅក្នុងប្រទេសយេមែន (Yemen) បានធ្លាក់ចុះកាន់តែខ្លាំងឡើង ចាប់តាំងពីការផ្ទុះសង្រ្គាមស៊ីវិល នាអំឡុងឆ្នាំ២០១៥ រវាងកងកម្លាំងរបស់លោក Abdrabbuh Mansur Hadi ដឹកនាំប្រទេសយេមែន និងក្រុមឧទ្ទាមហ៊ូធី ។ សង្រ្គាមដែលអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំមកនេះ ធ្វើឲ្យប្រជាពលរដ្ឋ នៅក្នុងប្រទេសនេះ ប្រហែល១៤លាននាក់ កំពុងប្រឈម និងបញ្ហាខ្វះខាតស្បៀងអាហារ ។
មន្រ្ដីដដែល បានបន្ដថា តំបន់ Tihama ស្ថិតនៅភាគខាងលិច នៃប្រទេសយេមែន ជាកន្លែងអំណោចផលល្អ សម្រាប់វិស័យកសិកម្ម ។ នៅឆ្នាំនេះ ដំណាំពោត នៅក្នុងតំបន់នោះ មានការលូតលាស់ ព្រោះមានភ្លៀងធ្លាក់គ្រប់គ្រាន់ ។ ប៉ុន្ដែនៅពេលរដូវរងារ បានចូលមកដល់ ហ្វូងសត្វកណ្ដូបរាប់លានក្បាល បានវាយប្រហារទៅលើដំណាំទាំងនោះ ។ កត្ដាទាំងនេះ និងធ្វើឲ្យទិន្នផលដំណាំធ្លាក់ចុះយ៉ាងខ្លាំង ខណៈប្រទេសដែលហែកហួរ ដោយសារសង្រ្គាមនេះ កំពុងប្រឈម និងកង្វះខាតស្បៀងអាហារ ។ ដោយឡែក ប្រជាពលរដ្ឋខ្លះ ក៏បានចាប់វាយកទៅលក់ ដែលមានតម្លៃ ក្នុងមួយបាវ ប្រហែល ចន្លោះពី១២ដុល្លារអាមេរិកឡើងទៅ ។
អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ បានព្រមានថា ប្រសិនបើអាជ្ញាធរ ក៏ដូចជា មន្រ្ដីជំនាញពាក់ព័ន្ធ នៅក្នុងប្រទេសយេមែននេះ មិនមានវិធានការណាមួយ ទប់ទល់ និងហ្វូងកណ្ដូបនេះឲ្យទាន់ពេលវេលាទេនោះ គឺនៅក្នុងរដូវរងានេះ វា និងបំផ្លិចបំផ្លាញនៅតំបន់កសិកម្មទាំងនោះ ។
លោក Adel Sheibani ប្រធានមជ្ឈមណ្ឌលគ្រប់គ្រងកណ្ដូប នៅតំបន់វាលខ្សាច់ បានថ្លែងថា ដោយសារតែប្រទេសកើតមានសង្គ្រាម រដ្ឋាភិបាលយេមែន មិនអាចប្រតិបត្ដិការទប់ទល់ និងសត្វកណ្ដូបនេះឲ្យមានប្រសិទ្ធភាពឡើយ ។ រហូតមកដល់ពេលនេះ យើងកំពុងតែប្រឈមមុខ និងឧបសគ្គជាច្រើន ។ ដោយឡែក បញ្ហាចម្បង សម្រាប់ការងារគ្រប់គ្រងសត្វកណ្ដូបនោះ គឺបញ្ហាសន្ដិសុខ នៅក្នុងតំបន់ ហើយតំបន់ខ្លះ ក៏យើងមិនអាចចូលទៅដល់ដែរ៕