ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់សង្ស័យប្រើប្រាស់ថ្នាំញៀនហួសកម្រិតដល់ថ្នាក់ដុតផ្ទះខ្លួនឯងផ្អើលសមត្ថកិច្ចអន្តរាគមន៍ទាំងយប់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់សង្ស័យប្រើប្រាស់ថ្នាំញៀនហួសកម្រិតបានយកភ្លើងដុតផ្ទះខ្លួនឯងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍បាញ់ពន្លត់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១០យប់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយលេខ៣៥៨ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឮសំឡេងឈ្លោះគ្នានៅក្នុងផ្ទះកើតហេតុមួយសន្ទុះក្រោយមក ស្រាប់តែមានហុយផ្សែងខ្មួលខ្មាញ់ចេញពីជាន់ក្រោមបង្កើតចេញជាអណ្ដាតភ្លើង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ បានមកជួយយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ តែដោយសារភ្លើងឆេះខ្លាំងពេក ទើបបានរាយការណ៍ជូនទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចំនួន៦គ្រឿង ចុះមកជួយអន្តរាគមន៍បាញ់ពន្លត់ដោយបានប្រើប្រាស់រថយន្តបាញ់ទឹកអស់ចំនួនទាំង៦គ្រឿង ប្រើពេលអស់ជិត១ម៉ោង ទើបអគ្គិភ័យបានរលត់ទៅវិញទាំងស្រុង ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាសម្ភារដែរត្រូវអគ្គិភ័យឆាបឆេះនេះ មិនទាន់បានស្មានដឹងឡើយ ហើយចំពោះមូលហេតុដែលបង្កឲ្យមានការឆាបឆេះនេះ បណ្ដាលមកពីបុរសម្នាក់ជាកូនម្ចាស់ផ្ទះសង្ស័យប្រើប្រាស់នូវសារធាតុញៀនហួសកម្រិត បានដុតផ្ទះខ្លួនឯងចំពោះករណីអគ្គិភ័យនេះ មិនបណ្ដាលឲ្យមានអ្នករងរបួសទេចំណែកបុរសដែលដុតផ្ទះខ្លួនឯងនោះត្រូវបានសមត្ថកិច្ចយកទៅប៉ុស្តិ៍ដើម្បីសួរនាំបន្ត៕ ជ្រោយពេជ្រ


ចែករំលែក៖