ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយតុលាការចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនជាតិកូរ៉េម្នាក់ ពាក់ព័ន្ធការបោកលុយគេជិត ៣លានដុល្លារនោះ ជនរងគ្រោះជាជនជាតិម៉ាឡេស៊ី២នាក់ទៀត ចេញមុខប្តឹងបន្ត

ចែករំលែក៖

ភ្នំពេញ៖ យោងតាមប្រភពព័ត៍មានពីសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ លេចលឺថា ជនត្រូវចោទឈ្មោះ ផាក ហេយ៉ុង ជាជនជាតិកូរ៉េម្នាក់ ពាក់ព័ន្ធការបោកលុយគេជិត ៣លានដុល្លារនោះ កំពុងមានការរត់ការខ្វែងដៃខ្វែងជើង ដើម្បីអន្ដរាគមន៍ដោះលែង ឲ្យនៅក្រៅឃុំ ។ បន្ទាប់ពីចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនជាតិកូរ៉េខាងលើនេះ ។ ក្រោយពីតុលាការសម្រេចឃុំខ្លួនជនជាប់ហើយ ស្រាប់តែលេចមុខជនរងគ្រោះជាជនជាតិម៉ាឡេស៊ី២នាក់បន្ថែមទៀត ដែលជាអ្នករកស៊ីជាមួយជនត្រូវចោទឈ្មោះ ផាក ហេយ៉ុង បានមកដាក់ពាក្យប្ដឹងថាជននេះ ធ្លាប់បោកលុយខ្លួនដូចគ្នាខ្ទង់ម៉ឺនដុល្លារ ។

យោងតាមម្ចាស់បណ្ដឹងជនរងគ្រោះទាំង២នាក់ សុទ្ធតែបានអះអាងថា ជនត្រូវចោទឈ្មោះ ផាក ហេយ៉ុង ជាជនជាតិកូរ៉េខាងលើ បានចែកសែកស្អុយ (សែកគ្មានលុយ)ម្នាក់ មានទឹកប្រាក់ចំនួន២២ម៉ឺនដុល្លារ ហើយម្នាក់ទៀត មានទឹកប្រាក់ចំនួន១លានដុល្លារឯណោះ ប៉ុន្ដែនៅពេលដែលពួកគេយកសែកនោះ ទៅបើកលុយនៅធនាគារ ស្រាប់តែខាងធនាគារបញ្ជាក់មកវិញថា សែកនោះគ្មានឡើយ ។

យោងតាមដំណើររឿងបានឲ្យដឹងដែរថា បុរសជនជាតិកូរ៉េនេះ បានបោកលុយដៃគូថា យកលុយទៅទិញដី ប៉ុន្តែធាតុពិតគ្មានដីនោះឡើយ ហើយពេលសងលុយគេវិញ ក៏បានចេញសែក តែសែកនោះអត់មានលុយនោះទេ ។

គួររំលឹកថា បុរសជនជាតិកូរ៉េម្នាក់នេះឈ្មោះ ផាក ហេយ៉ុង អាយុ៦៧ឆ្នាំ ថែមទាំងមានសញ្ជាតិខ្មែរផង ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនកាលពីល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧករណ៍ ដែលអាចជួញដូរបាន» តាមមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍ ដែលអាចជួញដូរបាន និងប្រតិបតិ្តការទូរទាត់សងប្រាក់ ។

បើតាមប្រភពពីមន្រ្តីនគរបាលនៃការិយាល័យព្រហ្មទណ្ឌរាជធានីភ្នំពេញ បានឲ្យដឹងថា ឈ្មោះ ផាក ហេយ៉ុង បានបោកលុយជនរងគ្រោះជាជនជាតិកូរ៉េដូចគ្នា ; ជនជាតិចិន និងជនជាតិម៉ាឡេស៉ី មានទឹកប្រាក់ប្រមាណជិត ៣លានដុល្លារអាមេរិក ហើយការចាប់ខ្លួននេះ បានធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញា និងខណៈជនសង្ស័យទើបតែចុះពីលើយន្តហោះ ។

មន្រ្តីដដែលបន្តថា ចុងក្រោយនេះបុរសឆបោកជនជាតិកូរ៉េម្នាក់នេះ បានចេញសែកសងលុយទៅឲ្យក្រុមជនរងគ្រោះ ប៉ុន្តែជាសែកស្អុយ ទើបជនរងគ្រោះដាក់ពាក្យបណ្តឹងទៅកាន់តុលាការ ឈានដល់ការចេញដីកាតាមចាប់ខ្លួនតែម្តង។

ពាក់ព័ន្ធនឹងការចាប់ខ្លួនបុរសជនជាតិកូរ៉េរូបនេះ ក៏មានព័ត៌មានថា កំពុងមានការអន្តរាគមន៍យ៉ាងខ្វាត់ខ្វែងផងដែរ ដើម្បីដោះលែងឲ្យមានសេរីភាពផងដែរ ៕ ស តារា


ចែករំលែក៖