ភ្នំពេញ៖ គណៈប្រតិភូសហភាពបញ្ញវ័ន្ដមុស្លិមកម្ពុជា (CMIU)នៅល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០១៩នេះ បានធ្វើមាតុភូមិនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញហើយបន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋឥណ្ឌូណេស៊ី ជាមួយនឹងលទ្ធផលជោគជ័យរួចមក ។
សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០១៩ កន្លងទៅនេះលោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានដឹកនាំគណៈប្រតិភូ នៃសហភាពបញ្ញវ័ន្ដមុស្លិមកម្ពុជា រួមមានសមាជិកសមាជិការដ្ឋសភា ថ្នាក់ដឹកនាំក្រសួងនានា បំពេញទស្សនកិច្ចផ្លូវការ ទៅកាន់សាធារណរដ្ឋឥណ្ឌូនេស៊ី ដើម្បីចូលរួមក្នុងសន្និសីទបញ្ញវន្តមុស្លិមអាស៊ីអា គ្នេយ៍ (ICMA) ហើយសន្និសីទនេះ ក៏ត្រូវបានអញ្ជើញ ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដោយ លោក សាស្ត្រាចារ្យ បណ្ឌិត Ma’ruf Amin អនុប្រធានាធិបតីសាធារណរដ្ឋឥណ្ឌូណេស៊ី នៅឯសាកលវិទ្យាល័យជាតិប៉ាដាំង ទីក្រុងប៉ាដាំង កោះស៊ូម៉ាត្រា សាធារណរដ្ឋឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០១៩ ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង បង្រួបបង្រួមបញ្ញវន្តមុស្លិមទូទាំងបណ្ដាប្រទេសជាសមាជិកអាស៊ាន នឹងការពិភាក្សាជាយុទ្ធសាស្ត្រទាក់ទងនឹងលក្ខន្តិកៈនៃ សមាគម ច្បាប់ការងារ រចនាសម្ព័ន្ធថ្នាក់ ដឹកនាំនៃ ICMA រួមជាមួយនឹងប្រធានបទពាក់ព័ន្ធដទៃទៀត ផ្ដោតសំខាន់លើកិច្ចសហប្រតិបត្តិការរួមគ្នាររវាងបញ្ញវន្តមុស្លិមនៃប្រទេសជាសមាជិកដោយភាតរភាព នឹងរឹតចំណងទំនាក់ទំនងឲ្យបានកាន់តែប្រសើរឡើងនិងយូរអង្វែង ដែលមានតំណាងប្រទេសជាសមាជិកចំនួន ១១ ប្រទេសចូលរួម ។
លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានឲ្យដឹងថា តាមរយៈសន្និសីទ ក៏ដូចសម្ព័ន្ធនេះ ធ្វើឲ្យលោក និងគណៈប្រតិភូកម្ពុជា បានផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងល្អប្រសើរ ជាមួយនឹងឥស្សរជននយោបាយធំៗ មន្ត្រីគ្រប់លំដាប់ថ្នាក់ ពីថ្នាក់ក្រោមរហូតដល់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល នៃបណ្ដាប្រទេសជាសមាជិក ជាពិសេសគឺប្រជាជន និងប្រទេសឥណ្ឌូណេស៊ីផ្ទាល់ ដែលបានផ្តល់កិច្ចសហ ប្រតិបត្តិការក្នុងការទប់ស្កាត់ជនក្បត់ ជាតិ ទណ្ឌិត សម រង្ស៊ី ដែលប៉ុនប៉ងធ្វើរដ្ឋប្រហាររាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា ។
នៅក្នុងឱកាសនោះ សាកលវិទ្យាល័យខេត្តប៉ាដាំង (UNP) បានឯកភាពផ្ដល់អាហារូបករណ៍ដល់សិស្សកម្ពុជាចំនួន ១៥ នាក់ សម្រាប់ឆ្នាំសិក្សា ២០២០ នេះផងដែរ ។
សន្និសីទត្រូវបានបិទបញ្ចប់នៅថ្ងៃទី ៨ ខែធ្នូ កន្លងទៅ ក្រោមអធិបតីភាពលោកបណ្ឌិតហាជ្ជី Zulkifli Hasan អនុប្រធានព្រឹទ្ធសភា ដែលជាប្រធានក្រុមប្រឹក្សាអ្នក ជំនាញបច្ចេកទេស ICMI ៕ សំរិត