ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យជាជនជាតិចិនម្នាក់ ដែលត្រូវឃាត់ខ្លួនករណីសង្ស័យលួចកាបូប បានរត់គេចខ្លួនបាត់ពេលសុំចូលបន្ទប់ទឹក ។ តាមការបង្ហើបឲ្យដឹងពីមន្ត្រីនគរបាលខេត្តថា ជនសង្ស័យជនជាតិចិនរូបនោះត្រូវបានឃាត់ខ្លួននៅចំណុចមុខផ្សារត្រពាំងអំពិលកាលពីល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅ ក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ជនសង្ស័យខាងលើបានធ្វើសកម្មភាពលួចកាបូបហើយត្រូវបានកម្លាំងនគរបាលសន្តិសុខឃាត់យកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង រួចហើយក៏បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដោយដកហូតបានសម្ភារលួចម៉ូតូ និងប្រដាប់ប្រដារគាស់ទូជាច្រើនទៀត ។ មិនដឹងថា យ៉ាងណានោះទេ លុះព្រឹកឡើងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ជនសង្ស័យខាងលើ ស្រាប់តែបាត់ខ្លួនតែម្តង ។
មជ្ឈដ្ឋានប្រជាពលរដ្ឋបានលើកឡើងថា ការបាត់ខ្លួនជនសង្ស័យជនជាតិចិនខាងលើនេះ សង្ស័យហែកចំរឹងទ្វារកន្លែងឃុំឃាំង២៤ម៉ោង ។
លោកឧត្តមសេនីទោ សម សាមួន ស្នងការនគរបាលខេត្តបានប្រាប់ថា បើចង់ដឹងច្បាស់ សូមសួរស្នងការរងទទួលបន្ទុកសន្តិសុខ ។
ទាក់ទិនករណីនេះដែរ មន្ត្រីការិយាល័យសន្តិសុខបានបញ្ជាក់ថា ជនសង្ស័យសញ្ជាតិចិនឈ្មោះ LIANG ZHENHUI ដែលត្រូវសមត្ថកិច្ចនគរបាលស្រុកសំរោងទងឃាត់ខ្លួនសង្ស័យពាក់ព័ន្ធបទល្មើស លួច (លួចកាបូប) កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១៥:៣០នាទី នៅចំណុចផ្សារសាមគ្គី ក្នុងភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបញ្ជូនមកក្សាទុកនៅការិយាល័យសន្តិសុខផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅម៉ោង ១៩:៣០នាទី ថ្ងៃខែឆ្នាំដដែល រង់ចាំជំនាញធ្វើការសួរ ចម្លើយបន្ត លុះដល់ព្រឹកឡើងនៅវេលាម៉ោង ០៧:៣០នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ជនសង្ស័យសញ្ជាតិចិនបានសុំនគរបាលដែលមានភារកិច្ចយាមកាមដើម្បីចូល បន្ទប់ទឹក ពេលនោះនគរបាលដែលកាន់សោបន្ទប់ បានបើកសោ ទ្វារកណ្តាលឲ្យចូលបន្ទប់ទឹកខាងក្រោយ (បន្ទប់តែមួយ ទ្វារពីរ មុខ និងកណ្តាល ខាងក្រោយគ្មាន) និងបានចាក់សោ ទ្វារខាងមុខ អង្គុយចាំនៅមុខបន្ទប់ មួយសន្ទុះក៏បើកសោទ្វារចូលទៅមើលមិនឃើញជនសង្ស័យ មានស្នាមដានជើងឡើងតាមជញ្ជាំងលូនចេញតាមដំបូលស័ង្កសីរត់គេចខ្លួន ៕ សេនាស័ក្តិ