ការបោះឆ្នោតនៅអង់គ្លេស បានចាប់ផ្តើមកាលពីថ្ងៃទី១២ ខែធ្នូ ដែលជាការបោះឆ្នោតសំខាន់បំផុត ដើម្បីជួយដល់ នាយករដ្ឋមន្ត្រី Boris Johnson សម្រេចគោលដៅចាកចេញពីអឺរ៉ុប ដោយជោគជ័យ បញ្ចប់ភាពជាប់គាំង នយោបាយ និង Brexit។
ការចាកចេញពីអឺរ៉ុបរបស់អង់គ្លេស នឹងបានសម្រេច ដូចគោលបំណង ក្រោយលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន នាយករដ្ឋមន្ត្រី Boris Johnson ជាអ្នកទទួលបានជ័យជម្នះ ជាឱកាសដ៏សំខាន់សម្រាប់លោកដំណើរការ Brexit នៅខែមករា ឆ្នាំ២០២០។
កាលពីថ្ងៃទី១២ ខែធ្នូ ពលរដ្ឋអង់គ្លេសបានទៅបោះឆ្នោត មុនកំណត់ ដើម្បីជ្រើសរើសតំណាងរាស្ត្រជាថ្មី ហើយនេះក៏ជាលើកទីមួយ ក្នុងរយៈពេល១០០ឆ្នាំកន្លងមក។ មណ្ឌលបោះឆ្នោត នៅ៤ពាន់កន្លែង ក្នុងចក្រអង់គ្លេស និងអៀកឡង់ខាងជើង ស្កូតឡែន វ៉ែល បានបើកទ្វារទទួលពលរដ្ឋ ចូលទៅបោះឆ្នោត ដែលជាការបោះឆ្នោតដ៏សំខាន់បំផុត ដើម្បីសម្រេច Brexit ជាលើកចុងក្រោយ។
តាមលទ្ធផលស្ទង់មតិ ក្នុងពេលកំពុងបោះឆ្នោត បានបង្ហាញឲ្យឃើញថា គណបក្សកាន់អំណាចរបស់លោក Boris Johnson ទទួលបាន៣៦៨ កៅអី កើនឡើង៥០ កៅអី បើប្រៀបធៀបនឹងការបោះឆ្នោត នៅឆ្នាំ២០១៧ ។ ចំណែក គណបក្ស ប្រឆាំង ទទួលបានតែ ១៩១កៅអីប៉ុណ្ណោះ ហើយគណបក្សប្រជាធិបតេយ្យសេរី ទទួលបាន១៣ កៅអី និងគណបក្ស SNP ទទួលបាន៥៥ កៅអី។
គោលដៅ នៃការបោះឆ្នោតមុនកំណត់លើកនេះរបស់នាយករដ្ឋមន្ត្រីBoris Johnson គឺដើម្បីសម្រេច Brexit ដែលរដ្ឋាភិបាលរបស់លោក និងសហគមន៍អឺរ៉ុប បានព្រមព្រៀង គឺអង់គ្លេសចាកចេញពីអឺរ៉ុប នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០៕