ក្រុមភេរវកម្មបានលាក់ខ្លួនជាច្រើនៅក្នុងប្រទេសតំបន់អឺរ៉ុប ហើយតែងតែបើកការវាយប្រហារ តាមបែក«ចចកឯកា» បង្កក្តីបារម្ភយ៉ាងខ្លាំង ដល់ពលរដ្ឋ ។ កន្លងមកមានការវាយប្រហារជាច្រើនបានកើតឡើងនៅក្នុងប្រទេសអង់គ្លេស បារាំង ជាដើម។
នៅពេលនេះកម្លាំងប៉ូលិសប្រឆំាងភេរវកម្មរបស់ប្រទេសដាណឺម៉ាក បានបើកការវាយប្រហារ សម្រុកចូលទីតាំងលាក់ខ្លួនក្រុមភេរវករ ហើយចាប់ខ្លួន ភេរវករអ៊ីស្លាម២០នាក់ ដែលបានរៀបចំគម្រោង វាយប្រហារភេរវកម្មទៅលើប្រជាពលរដ្ឋ។
កម្លំាងសន្តិសុខ និងចារកិច្ច ប្រទេសនេះបានសហការគ្នា បើកយុទ្ធនាការកម្ចាត់ភេរវកម្ម ជាទ្រង់ទ្រាយធំ ដោយកម្លាំងសន្តិសុខបានបើកការវាយប្រហារ នៅក្នុងតំបន់ចំនួន៦ផ្សេងគ្នា ក្នុងនោះមានរដ្ឋធានី Copenhagen ផងដែរ។
កាលពីថ្ងៃទី១១ ខែធ្នូ កម្លាំងប្រឆាំងភេរវកម្ម បំពាក់ដោយអាវុធទំនើបៗឡោមព័ទ្ធ តំបន់ Valby ចាប់ខ្លួនបានភេរវករ២០នាក់។ អត្តសញ្ញាញក្រុមភេរវករខាងលើ មិនត្រូវបង្ហាញជាសាធារណៈនោះឡើយ។ កម្លាំងសន្តិសុខដាណឺម៉ាក បានឲ្យដឹងថា ក្រុមភេរវករដែលបានចាប់ខ្លួន បានរក្សាទុកសារធាតុផលិតគ្រឿងផ្ទុះ ហើយកំពុងព្យាយាមទិញអាវុធ ដើម្បីវាយប្រហារភេរវកម្ម។
លោក Flemming Drejer អគ្គនាយកចារកិច្ច ដាណឺម៉ាក បានឲ្យដឹងថា «តាមការវាយតម្លៃរបស់ខ្ញុំ ភេរវករខាងលើ ត្រូវបានក្រុមឧទ្ទាមអ៊ីស្លាម IS ជាអ្នកញុះញ៉ង់»។ ពេលនេះដែរកម្លាំងជំនាញកំពុងតែសួរចម្លើយ ជនសង្ស័យទាំង២០នាក់ខាងលើ៕