ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌដូនពេញ បន្តចុះបង្ក្រាបទីតាំងបើកល្បែងភ្នាល់បាល់តាមប្រព័ន្ធអ៊ីនធើណេត

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងបើកល្បែងភ្នាល់បាល់ខុសច្បាប់តាមប្រព័ន្ធអ៊ីនធើណេតមួយកន្លែង ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះត្រួតពិនិត្យទីតាំងប្រកបអាជីវកម្មជាក់ស្តែងរកឃើញមានការបើកលេងល្បែងភ្នាល់បាល់ពិតប្រាដកមែន ។

ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃសុក្រ ២រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១៩A ផ្លូវលេខ ១៥៤ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ។

តាមប្រភពពីមន្រ្តីសាលាខណ្ឌដូនពេញ បានឲ្យដឹងថា ដោយទទួលបានបទបញ្ជាផ្ទាល់ពី លោក សុខ ពេញវុធ អភិបាលនៃ គណៈអភិបាលខណ្ឌដូនពេញ បានចាត់ឲ្យ លោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ចុះត្រួតពិនិត្យទីតាំង ប្រកបអាជីវកម្មបើកលេងល្បែងភ្នាល់បាល់តាមប្រព័ន្ធអ៊ីនធើណេតខាងលើនេះជាក់ស្តែងកម្លាំងជំនាញរកឃើញមានការលេងល្បែងស៊ីសងពិតប្រាកដមែន ។

ជាលទ្ធផល ដកហូតកុំព្យូទ័រចំនួន ២០គ្រឿង ទូរទស្សន៍ចំនួន០៣គ្រឿង កៅអីដែកចំនួន០៣ យកមករក្សាទុកនៅសាលាខណ្ឌដូនពេញ ។

ចំពោះសម្ភារៈផ្សេងៗទៀតដែលពុំពាក់ព័ន្ធ ជាមួយនឹងបទល្មើសល្បែងអនឡាញនេះ ក្រុមការងារ ពុំបានដកហូតនោះទេ ៕ស តារា


ចែករំលែក៖