ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនឪពុកចុងក្នុងករណីសង្ស័យរំលោភកូនប្តីដើម

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសជាឪពុកចុងម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមកសាកសួរដោយជាប់សង្ស័យថា បានធ្វើសកម្មភាពចាប់រំលោភកូនប្តីមុនអស់រយះពេលច្រើនឆ្នាំមកហើយ ។ តាមអ្វីដែលក្មេងស្រីជាកូនប្តីដើមបានរៀបរាប់គឺ ឪពុកចុងរបស់ខ្លួនបានធ្វើសកម្មភាពចាប់រំលោភនាងអស់រយះពេលច្រើនឆ្នាំមកហើយ ដោយគំរាមថា បើហ៊ានប្រាប់អ្នកណា គេនឹងស្លាប់ទាំងម៉ែ ទាំងកូន ។

ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីថ្ងៃទី១៣ ខែធ្នូ​ ឆ្នាំ២០១៩ នៅចំណុចភូមិរកាកោងឃុំកាត់ភ្លុកស្រុកបសេដ្ឋខេត្តកំពង់ស្ពឺ ។ ជនជាប់សង្ស័យឈ្មោះ យួន ណម ភេទប្រុស អាយុ40ឆ្នាំ ដែលជាឱពុកចុង រស់នៅផ្ទះជាមួយគ្នាចំណុចឃាត់ខ្លួនខាងលើ ។

ប្រភពបានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងមួយថា ជនសង្ស័យរូបនេះបានធ្វើសកម្មភាពចាប់រំលោភមកលើជនរងគ្រោះជាច្រើនលើកច្រើនសារមកហើយ តាំងពីឆ្នាំ២០១៦មកម្ល៉េះ ។

យោងតាមការបំភ្លឺរបស់ក្មេងស្រីរងគ្រោះ គឺឪពុកចុងរូបនេះក្រោយប្រព្រឹត្ត​ បានគំរាមមិនឲ្យនិយាយប្រាប់អ្នកណាឡើយ បើហ៊ាននិយាយ គេ(ជនសង្ស័យ)នឹងសម្លាប់ចោលទាំងម្តាយទាំងកូន(ជនរងគ្រោះ)។ ដោយខ្លាចមានគ្រោះថ្នាក់ដល់អាយុជីវិត ជនរងគ្រោះក៏ចេះតែលាក់រឿងនេះរហូតមក ហើយលើកក្រោយនេះ ឪពុកចុងប្រុងចាប់រំលោភម្តងទៀត នាងមិនអាចទ្រាំបាន ទម្លាយរឿងប្រាប់ម្តាយឲ្យដាក់ពាក្យបណ្តឹងតែម្តង ។

ប្រភពបន្តថា ក្រោយទទួលបណ្តឹងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យនាំមកសាកសួរថាតើខ្លួនមានបានប្រព្រឹត្តដូចការចោទប្រកាន់ដែរឬទេ ។

ទោះជាយ៉ាងណា ជនសង្ស័យមិនបានឆ្លើយសារភាពនោះទេ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅការិយា័យជំនាញចាត់ការតាមនីតិវិធី ៕ សេនាស័ក្តិ


ចែករំលែក៖