ភ្នំពេញ៖ ប្រជាពលរដ្ឋចំនួន៣៨គ្រួសារ ដែលបានទិញដីឡូត៌ពីក្រុមហ៊ុនពុះដីឡូត៌មួយកន្លែង ស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ព្រមទាំងសង់លំនៅដ្ឋានរស់នៅលើដីនោះរយៈពេលច្រើនឆ្នាំមកហើយ បែរជាត្រូវក្រុមហ៊ុនហាមឃាត់មិនឲ្យប្រើប្រាស់ផ្លូវព្រមទាំងបិទសិទ្ធិមិនឲ្យលក់ដូរផ្ទះសម្បែងរបស់ខ្លួនឡើយ ។ ដោយក្រុមហ៊ុនបានដាក់កំហិតថា បើចង់លក់ទាល់តែបង់ប្រាក់ឲ្យក្រុមហ៊ុនពី៣០០ទៅ៥០០ដុល្លារសិន ទើបលក់បាន មិនតែប៉ុណ្ណោះថែមទាំងចោទថា ពួកគាត់ទាំង៣៨គ្រួសារ គឺខ្ចីដីក្រុមហ៊ុនធ្វើផ្ទះនៅទៅវិញ រួចផ្ដាច់ទឹក លែងឲ្យពួកគាត់មួយចំនួនប្រើប្រាស់ទៀត ។
ប្រជាពលរដ្ឋបាននិយាយថា ម្ចាស់ក្រុមហ៊ុនពុះដីឡូត៌មួយនេះ ប្រពន្ធឈ្មោះ ឈឿន សុវណ្ណារ៉ា និងប្តី ឈ្មោះ ហ៊ន ហេង មុខរបរជាយោធា ពួកគាត់បានទិញដីឡូត៌ពីអ្នកទាំង២នាក់នោះ នៅក្នុងអំឡុងឆ្នាំ២០១៤ ។ ដោយកាលណោះក្រុមហ៊ុន នេះអះអាងថា ទីតាំងដីឡូត៍របស់ខ្លួនមានប្រព័ន្ធទឹកភ្លើង និងការផ្ទេរសិទ្ធិត្រឹមត្រូវ ។ លុះក្រោយពេលទិញរួចក្រុមហ៊ុនបានផ្ទេរសិទ្ធិឲ្យពួកគាត់ត្រឹមសង្កាត់ចោមចៅ ដោយមានការចុះហត្ថលេខាដោយលោកចៅសង្កាត់ សុទ្ធ សាធ បន្ទាប់មក ពួកគាត់បានសាងសង់លំនៅដ្ឋានរស់នៅរហូតមក ។
ប្រភពដដែលបានបន្តថា លុះកាលពីពេលថ្មីៗកន្លងទៅនេះ ស្រាប់តែម្ចាស់ក្រុមហ៊ុនពុះដីឡូត៌មួយនេះ បានហាមឃាត់លែងឲ្យប្រើប្រាស់ផ្លូវដែលមានទទឹងជាង៤ម៉ែត្រ និងបណ្ដោយជាង១០ម៉ែត្រ ព្រមទាំងបិទឈប់ឲ្យពួកគាត់មួយចំនួនទៀតប្រើទឹកឡើយ ។ ពេលពួកគាត់ហៅខាងមន្រ្តីរដ្ឋាករទឹកទៅតទឹកស្រាប់តែម្ចាស់ក្រុមហ៊ុនដីឡូត៌ខាងលើដេញចេញមិនឲ្យតឡើយ ព្រមទាំងចោទប្រកាន់ថា ពួកគាត់ខ្ចីដីក្រុមហ៊ុនធ្វើផ្ទះរស់នៅនិងហាមមិនឲ្យលក់ដូរឡើយ ហើយបើលក់ទាល់តែបង់ប្រាក់ឲ្យក្រុមហ៊ុនពី៣០០ទៅ៥០០ដុល្លារទើបលក់បាន ។ ចំណែកការហាមឃាត់ឈប់ឲ្យប្រើប្រាស់ផ្លូវខាងលើគឺម្ចាស់ក្រុមហ៊ុននេះចង់យកផ្លូវលក់តែម្ដង ។
ចំណែកអាជ្ញាធរ ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋខាងលើនៅវេលាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ លោកប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យរួមជាមួយលោកកង វង ចៅសង្កាត់ទី១ បានចុះទៅពិនិត្យមើលស្ថានភាពជាក់ស្ដែងលើទីតាំងទំនាស់ដែលស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ ប៉ុន្តែខណៈនោះ អាជ្ញាធរមិនបានដោះស្រាយជូនប្រជាពលរដ្ឋនៅឡើយដោយលោក ប៉ាងលីដា អភិបាលខណ្ឌពោធិ៍សែនជ័យបានប្រាប់ថា នឹងប្រមូលប្រជាពលរដ្ឋជួបប្រជុំដោះស្រាយគ្នាជាមួយម្ចាស់ក្រុមហ៊ុន នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ នៅសាលាខណ្ឌពោធិ៍សែនជ័យ ៕ សុខាសែនជ័យ