ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសជុំវិញពិភពលោក មិនទាន់មានសំឡេងរួមគ្នា ទប់ស្កាត់បម្រែបម្រួលអាកាសធាតុ

ចែករំលែក៖

គ្រោះធម្មជាតិកើនឡើង នៅជុំវិញពិភពលោក ដោយសារតែបម្រែបម្រួលអាកាសធាតុ ប៉ុន្តែពិភពលោក នៅមិនទាន់មានវិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពនៅឡើយ​ទេ​ ។ ការដែលមិនមានកិច្ចព្រមព្រៀងទប់ស្កាត់ពីពេលនេះ បម្រែបម្រួលអាកាសធាតុនឹងបង្កឲ្យមានគ្រោះធម្មជាតិកាន់តែច្រើន​សម្លាប់មនុស្ស រាប់លាននាក់ នាពេលអនាគត​ ។

នៅក្នុងកិច្ចប្រជុំស្តីពីបម្រែបម្រួលអាកាសធាតុលើកទី​២៥​ COP 25 នៅទីក្រុងរៀលម៉ាឌ្រិត ប្រទេសអេស្បាញ បានបិទបញ្ចប់ទៅដោយមានកិច្ចព្រមព្រៀងស្តួចស្តើង​ និង​ការ​ប្តេជ្ញាចិត្ត​តិចតួច ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក​ Antonio Guterres យល់ថា សហគមអន្តរជាតិ គឺ​ធ្វើ​ឲ្យ​ខកខាន​ឱកាស​ដ៏​ល្អបែបនេះ ដើម្បីសម្រេច​ឲ្យ​បាន​មហិច្ចតា​របស់​ពិភពលោក ក្នុង​ការ​គិតគូរ​ពី​ភព​ផែ​ន​​​ដី​ ។ គួរ​បញ្ជាក់ថា កិច្ចចរចា​​កំពូល​​ស្តីពី​អាកាសធាតុ COP២៥ នៅ​ប្រទេស​អេស្ប៉ាញ ដែលបិទ​បញ្ចប់ពីថ្ងៃអាទិត្យ​​ ជាមួយ​និង​ការ​ពន្យារ​ពេល ស្ទើរពីរ​ថ្ងៃ​ ខុស​ពីការ​គ្រោង​ទុក​ ហើយ​ចប់​ទៅ​ជាមួយ​និង​ផល​តិចតួចបំផុត ​ផ្ទុយ​ពី​ការ​រំពឹង​ទុក​ ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ បាន​ខក​ចិត្ត​ខ្លាំង ចំពោះ​កិច្ចប្រជុំ​កំពូល​លំដាប់ពិភពលោក​នេះ​ ពីព្រោះ លោក Antonio Guterres ខ្លួន​ឯង យល់ឃើញ​ថា សហគមអន្តរជាតិ បាន​ធ្វើឲ្យខកខានឱកាសដ៏ល្អ ក្នុង​ការគិតគូរពីភពផែនដី ។ ទន្ទឹម​នេះ យុវត្តីសកម្មជនវ័យក្មេងខាងអាកាសធាតុ​ជាតិស៊ុយអែត នាង Greta Thunberg ក៏កត់សម្គាល់ដែរ ថា «កិច្ចប្រជុំរបស់ COP 25 ហាក់កំពុងតែត្រូវធ្លាក់បាក់បែកជាបំណែកៗ ។ ហើយ​របកគំហើ​របស់អ្នក​វិទ្យាសាស្ត្ររបញ្ជាក់ពីអាកាធាតុដែលជួបគ្រោះភ័យ ត្រូវគេច្រានចោល» ។ ​

តាម​ពិតទៅ កិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ COP 25 គឺ​ វា​រអាក់រអួលតាំងពីដំបូងម្លេះ ។ ប្រទេសប្រេស៊ីល ដែលមានប្រធានាធិបតីថ្មីជាមនុស្សប្រជានិយម មិន​សូវ​ខ្វល់ពីបរិស្ថាន​ បានបដិសេធមិនព្រ​មធ្វើជាម្ចាស់ផ្ទះទទួលរៀបចំកិច្ចប្រជុំកំពូលបែបនេះទេ ។ ចំណែក ប្រទេសឈីលី ដែលត្រូវធ្វើជាប្រធានអង្គប្រជុំ ក៏លុបចោលមិន​ទទួល​រៀបចំ​នៅ​ក្នុង​ប្រទេសឈីលីទេ ដោយសារបញ្ហាក្នុងតំបន់ មិនអាចរៀបចំកិច្ចប្រជុំថ្នាក់អន្តរជាតិនេះបានទេ​ ។ ហើយទីបំផុត ក៏ត្រូវធ្លាក់ទៅលើអេស្ប៉ាញ ដែលបានទទួលធ្វើ ។

ម្យ៉ាងវិញទៀត ការប្រជុំចរចាគ្នាដ៏​វែង​ចាប់ពីថ្ងៃទី​២ធ្នូ​រហូតមក​​ គឺ​ត្រូវបិទបញ្ចប់តាំងតែពីថ្ងៃសុក្រមកម្ល៉េះ ក៏ប៉ុន្តែត្រូវពន្យារពេលប្រជុំរហូតដល់ថ្ងៃសោរ៍ ហើយចរចា​ដាច់យប់ ឈានចូលថ្ងៃអាទិត្យម្សិលញ​ថែមទៅទៀត ។ តែ​លទ្ធផល​បាក់​មុខ នៅតែជៀសមិនផុត​ ។

ក្នុង​ការ​ប្រជុំ​មាន​រយៈ​ពេល​ចំនួន​ពីរ​សប្តាហ៍នេះទៀត​សោត​ គឺ​គ្មាន​វត្តមាន​ថ្នាក់​ដឹកនាំប្រទេស​កំពូល​ៗ​ ចូលរួម​នោះទេ ឬក៏ថាគេ​បញ្ចូន​តែអ្នក​​តំណាង​ទៅ​ចូល​​រួមតែ​​ប៉ុណ្ណោះ ។ ​ សម្រេច​សម្រួល​ទៅ រដ្ឋសមាជិក​តែ​ចំនួន​តិចតួច​ប៉ុណ្ណោះ ដែល​បាន​យល់ព្រម​បង្ហាញ​ពី​មហិច្ឆតារបស់ខ្លួន ក្នុង​ការ​ជួយ​ចូលរួម​ចំណែក​ទប់​ស្តាត់​ ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ហើយ​ និង​កាត់បន្ថយ​ការ​ប្រើ​ធ្យូង​ថ្ម ។

ការ​កំណត់វិធានការទូទៅលំដាប់​ពិភពលោក ​ចំពោះការប្រើប្រាស់ធ្យូងថ្ម ប្រេងសាំង និងការចរន្ត​លក់ដូរធ្យូងថ្ម-ប្រេងសាំង នៅក្នុងទីផ្សារអន្តរជាតិ ជាដើម គឺ​ជា​រឿង​លំបាក​បំផុត និងមាន​ការ​ប៉ែង​ជើង​គ្នា​ខ្លាំង​ រវាង​ប្រទេស​​ធំៗ​ ដែលនៅ​​ប្រើប្រាស់​ និង​បា​នចំណេញ​សេដ្ឋកិច្ច​ក្នុង​វិស័យ​នេះ​​ ។

នៅក្នុង​ការ​ចរចា​សរសេរ​កិច្ចព្រមព្រៀង​ពីធ្យូងថ្ម-ប្រេងសាំង ហើយ​ និង​ការ​ជជែក​ពី​ការ​កាត់​បន្ថយ​ការ​បំភាយ​បញ្ចេញ​ឧស្ម័ន​នេះ​ គឺ​មាន​ប្រទេស​មួយ​ចំនួន​ និងកូន​ប្រទេសតូចៗ ជាង​៨០ ដែល​បាន​ប្តេជ្ញា​ចិត្ត​ ថា​និង​ចូលរួម​ឲ្យ​សកម្ម​ក្នុង​រឿង​នេះ ចាប់ពីពេលឥឡូវ​ទៅ​​ឆ្នាំក្រោយ ។ ក៏ប៉ុន្តែ យើងត្រូវ​ដឹង​ថា ប្រទេស​ទាំង៨០នោះ បើ​គិតសរុប​បូក​ទៅ គឺគេ​បញ្ចេញ​ឧស្ម័ន​កាបូនិក​ តែ​ជាង​១០,៥ភាគ​រយ​ប៉ុណ្ណោះ​ ។ ផ្ទុយ​ទៅវិញ ប្រទេស​បញ្ចេញ​ឧស្ម័ន​កាបូនិក​ច្រើន គឺ​ចិន ឥណ្ឌា ជប៉ុន អូស្ត្រាលី ប្រេស៊ីល និង​អាមេរិក គឺ​គ្មាន​បាន​ផ្តល់​សញ្ញាណ​យល់​ព្រម​ខ្លាំងក្លា​ និងការ​​ប្តេជ្ញា​ចិត្ត​ខ្ពស់​ឡើយ ។ ​

អ្នក​សង្កេតការណ៍​ពីក្នុង​អង្គប្រជុំ បញ្ជាក់ថា​ ប្រទេស​បំភាយ​ឧស្ម័ន​ច្រើន បង្កើត​ទំហំ​សេដ្ឋកិច្ច​ខ្លួន​នោះ គឺ​ច្រើន​តែ​បំពុល​បរិស្ថាន​ និងអាកាសធាតុ​ខ្លះ ហើយ​ថែមទាំង​យក​ជើង​រារាំង​ការ​ចរចា ដាក់​សម្ពាធ​ និង​ជំទាស់​ក្នុង​ដំណើរ​ការ​ចរចា​ ប្រសិន​បើ​មា​នឃ្លា​អ្វី​មួយ​ ធ្វើ​ឲ្យ​ខូច​សេដ្ឋកិច្ច​ខ្លួន ។

ជាក់​ស្តែង​​ គឺថា​តំណាង​អ្ន​កចរចា​តំណង​ប្រទេស​ធំៗ​ដែល​យើង​រៀប​រាប់​មុន​នេះ អ្ន​កខ្លះ​ មិនយល់ព្រមព្រៀង​តាម​គ្នា​នោះឡើយ​ ហើយ​អ្នក​ខ្លះទៀត​ នៅពេល​សរសេរ​កិច្ចព្រមព្រៀង​ ពីមួយពាក្យ​ទៅ​មួយ​ពាក្យ, មួយ​ឃ្លា​ទៅមួយ​ឃ្លា គឺ​មាន​ការ​រាំងខ្ទប់​ និង​ជំទាស់ ប្រសិន​បើ​សេចក្តី​នៃ​ពាក្យណាមួយ​​នោះ​ វា​អាច​ផ្តល់​ផលប៉ះពាល់​ខាត​ប្រយោជន៍​ប្រទេស​របស់ខ្លួន ។ អ្ន​កចរចា​ខ្លះ ថែមទាំង​លើកឡើងថា «គ្មានកិច្ចព្រមព្រៀង ប្រសើរជាងមានកិច្ចព្រមព្រៀងដែរ តែជាកិច្ចព្រមព្រៀងអាក្រក់» ។

ចំណុច​មួយ​ទៀត ក្នុង​ការ​ស្នើសុំ​សម្រេច​រកមធ្យោបាយឧបត្ថម្ភដល់ប្រទេសទន់ខ្សោយឲ្យមានលទ្ធភាពនិងសមត្ថភាពទប់ស្ថាត់ការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយការ​បញ្ចេញ​ឧស្ម័ន ហើយ​ត្រូវ​ប្រមូល​គៀងគរ​កញ្ចប់​ថវិកា​គាំទ្រ​ពិសេស​បន្ថែមទៀតដើម្បីជួយ​ឧបត្ថម្ភ​ គឺអ្នក​តំណាង​​ប្រទេស​ខ្លះ​ ចង់​សម្រេច​យក​កញ្ចប់​ថវិកា​ បម្រុង​សម្រាប់​ជួយ​ទៅដល់​ប្រទេស​ទាំង​នោះ​ ។ តែ​អ្នក​តំណាងចរចារបស់អាមេរិក បាន​ប្រកែក៕


ចែករំលែក៖