ព័ត៌មានទាន់ហេតុការណ៍៖

សង្គ្រាម អំពើហិង្សា គ្រោះធម្មជាតិ ធ្វើឲ្យមនុស្ស៧១លាននាក់ផ្លាស់ទី និង ២៦លាននាក់ជាជនភៀសខ្លួន

ចែករំលែក៖

ត្រូវបង្ខំ​ចិត្ត​ចាកចេញ ពី​ផ្ទះសម្បែង ពីប្រទេស​កំណើត​ដោយសារ​សង្រ្គាម ឬ​ដោយសារ​បញ្ហា​អសន្តិសុខ ជនភៀសខ្លួន ត្រូវ​រងគ្រោះ​មួយជាន់ទៀត ព្រោះត្រូវ​គេរើសអើង​មិន​ចង់ទទួល​យក ដោយសារ​តែ​គិតថា ជនភៀសខ្លួន​ជា​បន្ទុក ធ្វើ​ឲ្យ​ខាតបង់​សេដ្ឋកិច្ចជាដើម។

តាម​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ រដ្ឋាភិបាល និង​អ្នកនយោបាយ​ជាតិនិយម ជាច្រើន បានញុះញង់ ឲ្យ​គេខ្លាច មិន​ចង់​ពាក់ព័ន្ធ​នឹង​ជនភៀសខ្លួននោះទេ បើទោះបី ជា បញ្ហា​ជនអន្តោប្រវេសន៍ ជនភៀសខ្លួន គឺ​ជារឿង​ដែលមនុស្ស​លើផែនដី ត្រូវ​ទទួល​យក និង​រស់នៅ​ជាមួយ​យូរតទៅទៀត ដរាបណា សង្រ្គាម អស្ថិរភាព បញ្ហា​សេដ្ឋកិច្ច បញ្ហា​អាកាសធាតុ នៅតែ​កើត​មាននោះ។

អ្នកតំណាង​ជនភៀសខ្លួន​ ដែល​ចូលរួម នៅ​ក្នុង​វេទិកា អន្តរជាតិ នៅថ្ងៃនេះ បាន​អំពាវនាវ​ឲ្យ​គេ​ឈប់​មើល​ជនភៀសខ្លួន ជនអន្តោប្រវេសន៍ ថា ជា​បន្ទុក តទៅទៀត។ ផ្ទុយទៅវិញ គេ​ត្រូវ​ទាញ​យក​ប្រយោជន៍​ពី​ចំណេះដឹង កម្លាំងពលកម្ម​របស់​ជនភៀសខ្លួន ដើម្បី ជំរុញ សេដ្ឋកិច្ច​ប្រទេស​របស់ពួកគេ។ តាម​អ្នកតំណាង ជនភៀសខ្លួន​មក​ពី​ប្រទេស​ស៊ីរី បើសិន​គេ​បើកចំហរ​ទទួល ជនភៀសខ្លួន នោះ គ្មានទេ ការជួញដូរ លួច​ដឹក​មនុស្ស តាម​ផ្លូវទឹក គ្មានទេ អ្នកស្លាប់​ដោយសារ​ឆ្លងទូក​ចូលទឹកដី​អឺរ៉ុប។

បើសិន​គេ​បើកចំហរ ទទួល​យក​ជនភៀសខ្លួន ជនអន្តោប្រវេសន៍ នោះ ជនអន្តោប្រវេសន៍ជាដើម​មិនចាំ​បាច់ ត្រូវ ចំណាយ​ប្រាក់​រាប់ម៉ឺន​ដុល្លារ​ដើម្បី​បង់​ឲ្យ​ឈ្មួញ លួចដឹក​មនុស្ស​មក​អឺរ៉ុប​នោះទេ។ គេ​វាយតម្លៃថា ជនអន្តោប្រវេសន៍ ជនភៀសខ្លួន ភាគច្រើន បាន​រត់ចាកចេញ​ពី​ប្រទេស កំណើត ដោយសារ​តែ​សង្រ្គាម បញ្ហាអសន្តិសុខ ប៉ុន្តែ ពួកគេ មាន​សមត្ថភាព មាន​ចំណេះដឹង​ខ្ពស់ ដែល​អាច​ជា​ប្រយោជន៍​សម្រាប់​ចូលរួម​កសាងប្រទេស ដែល​ផ្តល់​កន្លែង​ជ្រកកោន ដល់​ពួកគេ បើសិន រដ្ឋាភិបាល មិន​រឹតបន្តឹង នយោបាយ​អន្តោប្រវេសន៍ទេនោះ។

គោលដៅ​ចំបង​របស់​វេទិកា​អង្គការ​សហប្រជាជាតិ ដែល​មាន​ចូលរួម​ពី​ប្រមុខដឹកនាំ អង្គការ​ក្រៅរដ្ឋាភិបាល និង​ក្រុមហ៊ុន​ឯកជន​ជាង​រាប់រយ នៅក្នុង​ពិភពលោក គឺ ដាក់ឲ្យ​អនុវត្ត​ជាក់ស្តែង កតិកាសញ្ញា​ស្តីពី​ជនភៀសខ្លួន ដែល​អង្គការ​សហប្រជាជាតិ​បាន​បោះឆ្នោត​អនុម័ត​កាលពី​ថ្ងៃទី​១៧ ធ្នូ ឆ្នាំ ២០១៨ នៅទីក្រុង​ញូវយ៉ក។ វេទិកា​នេះ​រៀបចំឡើង នៅក្នុង​បរិបទ​ដែល​ពិភពលោក កំពុង​ប្រឈម​នឹង​ការកើនឡើង​នៃ​ចំនួន ជនភៀសខ្លួន​ដ៏ខ្ពស់បំផុត​មិនធ្លាប់​មាន ប្រមាណ ២៦លាននាក់ ក្នុង​ចំណោម មនុស្ស​ផ្លាស់ទីសរុប ៧១លាននាក់។

អង្គការ​សហប្រជាជាតិ​រៀបចំ វេទិកា​អន្តរជាតិ ស្តីពី​ជនភៀសខ្លួន នៅថ្ងៃ​អង្គារនេះ និង​ថ្ងៃ​ពុធ​ នៅ​ទីក្រុង​ហ្សឺណែវ។ នេះ​ជា​វេទិកា​អន្តរជាតិ លើក​ដំបូង​គេ ដែល​អង្គការ​សហប្រជាជាតិ បាន​រៀបចំ ឡើង​ដើម្បី​និយាយ​ពី តែពី​បញ្ហា​ជនអន្តោប្រវេសន៍ ជនភៀសខ្លួន។

វេទិកា ដែល​រៀបចំ​ដោយ​ឧត្តម​ស្នងការ ដើម្បី​ជនភៀសខ្លួន របស់​អង្គការ​សហប្រជាជាតិ​មាន​គោលដៅ ដាក់​ឲ្យអនុវត្ត​ជាក់ស្តែង នូវ​កតិកាសញ្ញា អន្តរជាតិ​ស្តីពី​ជនភៀសខ្លួន ដែល​អង្គការ​សហប្រជាជាតិ​បាន​បោះឆ្នោត អនុម័ត យ៉ាង​ចម្រូងចម្រាសបំផុត កាល​ពី​មួយ​ឆ្នាំ​មុន នៅទីក្រុង​ញូវយ៉ក។ កតិកាសញ្ញា​ដែល​គ្មាន​អានុភាព​ចាប់បង្ខំ ត្រូវ​បាន​បង្កើតឡើង នៅ​ក្រោយ ផ្ទុះមាន វិបត្តិ​ជនអន្តោប្រវេសន៍ នៅ​ឆ្នាំ ២០១៥ និង​ការកើនឡើង​នៃ​ចំនួន​ជនភៀសខ្លួន ក្នុង​បរិមាណ ដ៏ខ្ពស់​បំផុត គឺ ២៦​លាននាក់ ក្នុង​ចំណោម​មនុស្ស​ផ្លាស់ទី​សរុប ៧១លាននាក់ នៅក្នុង​ពិភពលោក។

កតិកាសញ្ញា ស្តីពី​ជនភៀសខ្លួន ត្រូវ​បាន​បង្កើតឡើង ដើម្បី​ជួយសម្រួល សម្រាល​បន្ទុក របស់​ប្រទេស​ដែល​ទទួល​ជនភៀសខ្លួន ដែល​ភាគច្រើន​ជា​ប្រទេស​ដែល​មិន​សូវមាន​ធូរធា​ប៉ុន្មាននោះទេ ដូចជា ប្រទេស​លីបង់ ឬ​តួកគី ជាដើម ដែល​ពេលនេះ កំពុង​ទទួល​ឲ្យស្នាក់នៅ ជនភៀសខ្លួន ស៊ីរី ដល់ទៅ ៣លាននាក់ ក្នុង​ទឹកដី​របស់ខ្លួន។ កាតិកាសញ្ញា​ស្តីពី​ជនភៀសខ្លួន មាន​ចែង​ផងដែរ ពី​ការវិលត្រលប់​ ​របស់​ជនភៀសខ្លួន ឬ​ជនអន្តោប្រវេសន៍ ទៅ​ទឹកដី​កំណើតវិញ​ប្រកប​ដោយ​សុវត្ថិភាពបំផុត។

នៅពេល​ដែល​កតិកាសញ្ញា​មានតែ​នៅលើ​ក្រដាស វេទិកា​អន្តរជាតិ​ស្តីពី​ជនភៀសខ្លួន នៅទីក្រុង​ហ្សឺណែវ នៅថ្ងៃ​អង្គារ​នេះ ត្រូវ​បាន​រៀបចំ​ឡើង ជាពិសេស ក្នុង​គោលដៅ ទទួល​បាន​ថវិកា ជំនួយ​ហិរញ្ញវត្ថុ ជំនួយ សំភារៈ សម្រាប់​កម្មវិធី សកម្មភាព​ជួយ​ជនភៀសខ្លួន។ នៅមុន​បើក​វេទិកា​នៅ​ទីក្រុង​ហ្សឺណែវ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយទែរក៍ បាន​និយាយ​ថា លោក​សង្ឃឹម​នឹង​ទទួល​បាន​ជំនួយ​ហិរញ្ញវត្ថុ​ពី​រដ្ឋាភិបាល ក្រុមហ៊ុន​ឯកជន​ ដើម្បី​យក​ទៅជួយ ធ្វើ​ឲ្យ​ប្រសើរឡើង នូវ ស្ថានភាព​រស់នៅ​របស់​ជនភៀសខ្លួន និង​ជនអន្តោប្រវេសន៍ ដែល​កំពុងរស់នៅ រសាត់​អណ្តែត នៅ​ប្រទេស​ដទៃ និង​ក្នុង​ភាពអត្តខាត់​បំផុត។

ក្រុមហ៊ុន​ទូរស័ព្ទ​អាមេរិក Vodafone ជាដើម ត្រូវ​គេ​រំពឹង​ថា នឹង​ជួយ ផ្តល់​សេវាអ៊ីនធ័រនែត​សម្រាប់​ថ្នាក់រៀន នៅ​តាមជំរំភៀសខ្លួន ឲ្យ​បាន ៣០០ នៅ​ឆ្នាំ ២០២៥។ គោលដៅ​សំខាន់​មួយ​ទៀត របស់​វេទិកា​អន្តរជាតិ នៅថ្ងៃ​នេះ គឺ អង្គការ​សហប្រជាជាតិ ទន្ទឹង​រង់ចាំ ស្តាប់​ការប្រកាស​របស់​រដ្ឋាភិបាល​ប្រទេស​នានា ក្នុង​រឿង​ទទួល​យក​ជនភៀសខ្លួន​ឲ្យ​ទៅរស់នៅ​ក្នុង​ប្រទេស​របស់ពួកគេ។ កន្លងមកឧត្តម​ស្នងការជាន់ខ្ពស់ ដើម្បី​ជនភៀសខ្លួន បាន​បង្កើត​កម្មវិធី មួយ ដើម្បី​ស្វែងរក​បណ្តា​ប្រទេស​អ្នកមាន​ណា ដែល​អាច​ទទួល​យក​ជនភៀសខ្លួន ជនអន្តោប្រវេសន៍ ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​អសន្តិសុខ នៅក្នុង​ជំរំភៀសខ្លួន ដូចជា នៅ​ជំរំ​ទឹកដី​តួកគីជាដើម។ ជារួម អង្គការ​សហប្រជាជាតិ មាន​បំណង​ចង់​ឲ្យ​គ្រប់ប្រទេស ទទួល ចំណែក បន្ទុក​ទទួល​ជនភៀសខ្លួន ស្មើៗគ្នា កុំ​ឲ្យ​បន្ទុក​ធ្លាក់​តែ​ទៅលើ​ក្រុម​ប្រទេស​ដែល​មិនសូវ​ធូរធារ។ ចំណែក ប្រទេស​អ្នកមាន ព្រងើយ កន្តើយ មិន​ចង់​ទទួល​យក​ជនភៀសខ្លួន នោះ គឺ​មិនអាច​ទៅរួចទេ ព្រោះ​បញ្ហា​ជនភៀសខ្លួន ជនអន្តោប្រវេសន៍ គឺ​ជា​បញ្ហា​របស់​មនុស្ស​ទាំងអស់គ្នា ៕

 


ចែករំលែក៖