ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីឪពុកម្តាយក្មេងស្រីម្នាក់ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាលស្បូវ ខណ្ឌច្បារអំពៅ ដើម្បីឲ្យសមត្ថកិច្ចជួយធ្វើអន្តរាគមន៍ស្វែងរកកូនស្រីរបស់គាត់ ដែលបានបាត់ខ្លួនមួយថ្ងៃហើយមិនឃើញត្រលប់ទៅវិញ និងគ្មានដំណឹងសោះ ខណៈដែលរូបនាងបានជិះម៉ូតូរ៊ឺម៉កទៅសាលារៀន ។
តាមប្រភពពីមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលវាលស្បូវ បានឲ្យដឹងថា ក្មេងស្រីដែលបាត់ខ្លួននោះឈ្មោះ ហៃ គឹមសុង អាយុ ១៥ឆ្នាំ ជាសិស្សវិទ្យាល័យច្បារអំពៅ មានអាស័យដ្ឋានភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
បើតាមប្រភពពីក្រុមគ្រួសារក្មេងស្រីខាងលើ បានឲ្យដឹងថា កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ កូនស្រីរបស់គាត់ បានធ្វើដំណើរតាមរយៈម៉ូតូរ៊ឺម៉កទៅរៀននៅវិទ្យាល័យច្បារអំពៅ លុះដល់ម៉ោង ៥ល្ងាចថ្ងៃខែឆ្នាំដដែល ពេលពួកគាត់មិនឃើញកូនត្រឡប់មកផ្ទះ ក៏ខលទូរស័ព្ទទៅកូនស្រី តែលេខទូរស័ព្ទមិនអាចទំនាក់ទំនងបាននោះទេ ។ បន្ទាប់មកគាត់ជាម្តាយបានទំនាក់ទំនងទៅគ្រូបន្ទុកថ្នាក់ ហើយគ្រូបានប្រាប់មកវិញថា កូនស្រីគាត់មិនឃើញមករៀនទេ ។ រហូតដល់ព្រឹកឡើងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅតែមិនឃើញកូនស្រីត្រឡប់មកវិញទៀត ទើបគាត់ជាម្តាយបានមករាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលវាលស្បូវឲ្យជួយស្រាវជ្រាវតែម្តង ។
ចុងក្រោយក្រុមគ្រួសារក្មេងស្រីក៏សូមអំពាវនាវបើសិនជាបងប្អូនបានឃើញនឹងមានដំណឹង សូមទំនាក់ទំនងតាមលេខទូរស័ព្ទក្រុមគ្រួសារគឺ 016 820 778 / 086 876 060 ៕ស រស្មី