ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចក្រឡាហោម ស ខេង៖ជនណាស្លៀកពាក់បន្លំខ្លួនជាសមត្ថកិច្ចត្រូវបានចាប់​យកមកផ្តន្ទាទោសតាមច្បាប់

ចែករំលែក៖

ភ្នំពេញ ៖ ទន្ទឹមមួយរយៈនេះនៅរាជធានីភ្នំពេញ មានជនស៊ីវីលមួយក្រុមក្លែងខ្លួនជាសមត្ថកិច្ច បានធ្វើសកម្មភាពចាប់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវនៅពេលយប់វាយធ្វើបាប ដោយក្រុមនេះសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន ឬករណីអ្វីផ្សេង តែពេលចាប់ត្រួតពិនិត្យមិនពាក់ព័ន្ធគេក៏ដោះលែងវិញ តែទម្រាំដោះលែងវ៉ៃទ្រមខ្លួន រហូតមានករណីខ្លះទារលុយថែមទៀតផង ដែលទង្វើនេះធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្ភយ៉ាងខ្លាំង ។

ក្នុងករណីបែបនេះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ជនណាដែលស្លៀកពាក់បន្លំខ្លួនជាសមត្ថកិច្ច ត្រូវបានចាប់​យកមកផ្តន្ទាទោសតាមច្បាប់ ។ ដោយសម្តេចក្រឡាហោម បញ្ជាក់យ៉ាងដូច្នេះថា ” អត់មានអីពិបាកទេ កាលណាយើងចាប់បានផ្តន្ទាទោសតាមច្បាប់” ។

ការថ្លែងបញ្ជាក់របស់សម្តេចក្រឡាហោម ស ខេង បែបនេះធ្វើឡើងនៅក្រៅពិធីផ្សព្វផ្សាយស្តីពីការដាក់ឱ្យអនុវត្តអនុក្រឹត្យស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យស្តីពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលទៅឱ្យរដ្ឋបាលរាជធានីខេត្ត នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ ។

ប្រជាពលរដ្ឋបានរាយការណ៍ថា នាពេលថ្មីៗកន្លងមកនេះ មានក្រុមជនស្លៀកពាក់ស៊ីវិលខ្លះ បានធ្វើសកម្មភាពចាប់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវនៅពេលយប់វាយធ្វើបាប ដោយចោទ និងដាក់ការសង្ស័យថាជនរងគ្រោះពាក់ព័ន្ធករណីគ្រឿងញៀន ឬករណីអ្វីផ្សេងទៀត ។ តែពេលចាប់ត្រួតពិនិត្យឃើញថាមិនពាក់ព័ន្ធបទល្មើស

ទើបគេក៏ដោះលែងវិញ តែទម្រាំដោះលែងក្រុមនោះបានវ៉ៃជនរងគ្រោះទ្រមខ្លួនទៅហើយរហូតមានករណីខ្លះទារលុយថែមទៀតផង ។

ក្នុងករណីនេះហើយ ទើបប្រជាពលរដ្ឋទទូចស្នើសុំសម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាពិនិត្យមើលទង្វើមិនប្រក្រតីនេះផង ព្រោះប្រជាពលរដ្ឋមានការព្រួយបារម្ភខ្លាចក្រុមស៊ីវិលចាប់ធ្វើបាបក្រៅប្រព័ន្ធច្បាប់ ៕ ប្រាថ្នា


ចែករំលែក៖