ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនមនុស្សប្រុសស្រី៧នាក់ ពាក់ព័ន្ធករណីលួច និងជួញដូរគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យប្រុសស្រីចំនួន៧នាក់ ត្រូវកម្លាំងនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធលួចម៉ូតូ ប្រើប្រាស់ និងជួញដូរគ្រឿងញៀន ៣ករណីផ្សេងគ្នា កាលពីយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ។

លោកវរសេនីយ៍ទោ ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា ក្នុងប្រតិបត្តិការតាមបង្ក្រាបជនសង្ស័យទាំង៧នាក់ខាងលើនេះ ពាក់ព័ន្ធបទល្មើស៣ផ្សេងគ្នា ដោយអនុវត្តឡើងក្នុង៣គោលដៅ ដោយទី១៖ ស្ថិតនៅចំណុចដីឡូត៍គ្មានលេខមួយកន្លែង ក្នុងភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល , ទី២៖ ស្ថិតនៅសំណង់មិនរៀបរយ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសងែ្ក១ ខណ្ឌឫស្សីកែវ និងទី៣៖ ស្ថិតនៅតាមបណ្ដោយផ្លូវលំ ក្រុមទី៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ តាំងពីរសៀល រហូតដល់យប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ។

លោកអធិការខណ្ឌបន្តថា ករណីទី១ ជាបទល្មើសលួចម៉ូតូ ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ គីម សុធី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ និងមានសារធាតុញៀន ដកហូតបានវត្ថុតាងម៉ូតូ១គ្រឿង ម៉ាកស្កុបពី ពណ៌ក្រហមលាយស ស៊េរីឆ្នាំ២០១៤ ពាក់ផ្លាកលេខភ្នំពេញ1CM-0491 ដើម្បីប្រគល់ជូនជនរងគ្រោះវិញឈ្មោះ សុខ ឡេង ភេទស្រី អាយុ២៩ឆ្នាំ មុខរបរបោកអ៊ុត យីហោ យ៉ាយ៉ា ។

ករណីទី២៖ ជាបទល្មើសជួញដូរគ្រឿងញៀន បន្ទាប់ពីតាមបង្ក្រាបឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ ម្នាក់ឈ្មោះ កុយសារ៉ាត់ ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរមិនពិតប្រាកដ និងម្នាក់ទៀតឈ្មោះ ម៉េត សារី ភេទស្រី អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ គឺសមត្ថកិច្ចដកហូតបានក្រាមពណ៌សថ្លា សង្ស័យជាថ្នាំញៀន ចំនួន០៥កញ្ចប់ថង់តូច ។ ករណីទី៣៖ ជាបទល្មើសរក្សាទុក និងប្រើប្រាស់គ្រឿងញៀន ក្រៅពីឃាត់ខ្លួនជនសង្ស័យប្រុសៗ ចំនួន៤នាក់ មានឈ្មោះ សេត កាំរី័, ឈ្មោះ ជួប ចិត្រា, ឈ្មោះ សែត គឹមសេង, និងឈ្មោះ ណូន ធារ៉ា ដែលមានមុខរបរមិនពិតប្រាកដ គឺសមត្ថកិច្ចដកហូតបានក្រាមពណ៌សថ្លា សង្ស័យជាថ្នាំញៀន១កញ្ចប់ថង់តូច ។

ក្រោយឃាត់ខ្លួនជនសង្ស័យ រួម និងវត្ថុតាងពាក់ព័ន្ធត្រូវសមត្ថកិច្ចបញ្ជូនទៅឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕អារុណរះ


ចែករំលែក៖