ព័ត៌មានទាន់ហេតុការណ៍៖

យុវជនបាត់ដំបង ឆ្នៃគំនូរ និងសម្លៀកបំពាក់ ពីសំរាមបង្ហាញក្នុងព្រឹត្តិការណ៍សិល្បៈមួយ

ចែករំលែក៖

ខេត្តបាត់ដំបង៖ យុវជនជាច្រើនរូបមកពីក្រុមផ្សេងៗគ្នា នឹងរួមគ្នាបង្កើតកម្មវិធីមួយមានឈ្មោះថា “ជំនោរ Art” ដែលនឹងធ្វើឡើងនៅលើទឹកដីនៃខេត្តបាត់ដំបងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ។ កម្មវិធីសិល្បៈ និងពិព័រណ៍ជំរុញលើកកម្ពស់ការថែរក្សាការពារធម្មជាតិបរិស្ថាននេះ នឹងបង្ហាញស្នាដៃសម្តែងសិល្បៈរួមទាំងគំនូរ និងការបង្ហាញម៉ូដសម្លៀកបំពាក់ច្នៃពីសំរាមដែលគេបោះចោល ។

ក្នុងរយៈពេល២ថ្ងៃជាប់គ្នានេះ កម្មវិធីសិល្បៈកម្រនេះនឹងត្រូវធ្វើឡើងនៅលើដងផ្លូវ ២កន្លះនាខេត្តបាត់ដំបង ដោយមានសិល្បករប្រមាណជាង៤០នាក់ចូលរួមក្នុងនោះមានក្រុមសហគមហ្វាពន្លឺសិល្បៈ និងក្រុមបង្ហាញម៉ូដក្រុមទេពស្យុត មកពីរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេតសៀមរាប ។ នេះបើយោងតាមការបញ្ជាក់របស់តារាបង្ហាញម៉ូដភេទទី៣ លឿម មានជ័យ ថ្លែងប្រាប់ ។ នាងលើកឡើងថា កម្មវិធីនេះមានចំណងជួយលើកស្ទួយទាំងផ្នែកសិល្បៈ គំនូរ សៀក បង្ហាញម៉ូដ និងធម្មជាតិបរិស្ថាន ។ នាងថារីករាយដែលទទួលបានឱកាសក្នុងការបង្ហាញសមត្ថភាព និងចូលរួមការងារសង្គម ដែលនាង និងក្រុមការងារទាំងអស់បានខិតខំអស់រយៈពេលជាច្រើនខែដើម្បីបង្កើតឲ្យមានព្រឹត្តិការណ៍នេះឡើង និងសង្ឃឹមថា ទទួលបានការសាទរ គាំទ្រច្រើនពីមហាជន ។

តារាបង្ហាញម៉ូដរូបនេះលើកឡើងដែរថា​ ស្នាដៃច្នៃសិល្បៈគំនូរជាច្រើននឹងត្រូវដាក់តាំងបង្ហាញ ខណៈតារាបង្ហាញម៉ូដប្រមាណ១៥នាក់ផ្សេងទៀត នឹងបង្ហាញសម្លៀកបំពាក់ឆ្នៃពីសំណល់នានាពិសេសសំណល់ប្លាស្ទិកបង្ហាញជាសាធារណៈ ។ នាងរំពឹងថាកម្មវិធីនេះនឹងមានការចូលរួមច្រើនកុះករពីមហាជន៕ វឌ្ឍនា


ចែករំលែក៖