ភ្នំពេញ៖ ស្ងាត់ៗតារាសម្តែង កឹម ដារ៉ារិទ្ធិ បានបង្ហាញកម្មវិធីសម្ពោធជំនួញមួយចំនួនរបស់ខ្លួនធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំងនៅលើទឹកដីនៃទីរួមខេត្តកំពង់ស្ពឺ ។ ការបញ្ជាក់នេះ ធ្វើឡើងក្រោយពីតារាសម្តែងរូបនេះ និងក្រុមគ្រួសារបានរៀបចំពិធីសម្ពោធហាង៣ស្មើនឹង៥ល្វែងជាប់គ្នានៅលើទឹកដីនៃទីរួមខេត្តកំពង់ស្ពឺ ។
កម្មវិធីនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ក្រោមវត្តមានភ្ញៀវរាប់រយនាក់ចូលរួមមានទាំងសិល្បករផងដែរ ។ លោក កឹម ដារ៉ារិទ្ធិ បានលើកឡើងថា ព្រោះចិត្តស្រឡាញ់សិល្បៈទើបលោកចូលប្រឡូក ប៉ុន្តែមិនមានពេលវេលាគ្រប់គ្រាន់ព្រោះតែក្រុមគ្រួសារសុទ្ធតែជាអ្នករកស៊ី ទើបលោកក៏មានមុខរបរផ្ទាល់ខ្លួនដែរ ។ លោកថា ទីតាំងមុខរបរដែលទើបបើកដំណើរការនៅចំពីខាងមុខរូបសំណាក”តារែកទឹកត្នោត” នេះមាន៣ទី១គឺអាហារដ្ឋានដែលលក់ម្ហូបខ្មែរ និងកាហ្វេ ទី២គឺហាងលក់សម្លៀកបំពាក់ស្ត្រី និងផលិតផលទារក និងទី៣គឺដេប៉ូលក់គ្រឿងសំណង់ដែលស្ថិតនៅជាប់ៗគ្នាតែម្តង។
តារារូបនេះមិនបានបញ្ជាក់អំពីទុកនៃការបើកមុខជំនួញនេះទេ ប៉ុន្តែលោកបង្ហើបថាមានចំណែករបស់លោកខ្លះ បងស្រី និងក្រុមគ្រួសារផងដែរ ។ លោកបញ្ជាក់ដែរថា ទោះរវល់នឹងមុខរបរខាងក្រៅក៏ពិតមែន ប៉ុន្តែសម្រាប់ការងារសិល្បៈ លោកនៅមិនបោះបង់ចោលនោះដែរគឺលោកនៅតែទទួល ជាធម្មតា។
លោករំពឹងថា ការបើកមុខជំនួញថ្មីរួមជាមួយគ្រួសារនេះ នឹងទទួលបានផ្លែផ្កាល្អប្រសើរពិសេសទទួលបានអតិថិជនជាច្រើនចូលរួមគាំទ្រ៕ វឌ្ឍនា