ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមគ្រួសារបារម្ភពីស្ថានភាពជំងឺ និងផ្លូវចិត្តរបស់នាយចឺមក្រោយគេវាយធ្ងន់ធ្ងរ

ចែករំលែក៖

ភ្នំពេញ៖ ករណីអតីតកីឡាករបាល់ទាត់ ឈ្មោះ ង៉ែត លីទី បានយកដំបងវាយទៅលើតារាចម្រៀង សុខ មេសា ហៅនាយចឺមនោះ នៅមិនទាន់ស្ងាត់នៅឡើយទេ ។ ក្រុមគ្រួសារនាយចឺមបានបង្ហាញពីក្តីព្រួយបារម្ភជាខ្លាំងទៅលើសុខភាពរូបរាងកាយ និងផ្លូវចិត្តរបស់នាយចឺមក្រោយរងការវាយដំសម្លុតបំភ័យនេះ។

​នាយ​ក្រូច​ ​ជា​ពូ​របស់​ ​នាយ​ចឺម​ ​បានបញ្ជាក់ថា​រហូតមកដល់​ពេលនេះ​ ​មាន​រយៈពេល​បួន​ថ្ងៃហើយ​ក្រោយពី​ ​នាយ​ចឺម​ ​ជួប​ហេតុការណ៍​អាក្រក់​ហើយ​ពេលនេះ​នាយ​ចឺមបានចាកចេញពីខេត្តប៉ៃលិនហើយ ​។​ ​ឯស្ថានភាពរបួសមិនទាន់ធូរស្រាលនៅឡើយដែរ។ លោកបានបង្ហាញពីក្តីព្រួយបារម្ភខ្លាំងពីស្ថានភាពជំងឺ របស់ក្មួយប្រុសខណៈបងស្រីរបស់លោកនៅឯស្រុកកំណើតក៏កើតទុកខ្លោចចិត្តអាណិតកូនខ្លាំងដែរ។ លោកបន្តថាអ្វី​ដែល​គួរ​ឱ្យ​បារម្ភ​នោះ​គឺ​ស្ថានភាព​ផ្លូវចិត្ត​របស់​ ​នាយ​ចឺម​ ​មិនទាន់​ល្អ​ប្រសើរ​នោះទេ។​ ​ជាពិសេស​ ​ផ្នែក​ក្បាល​ដែល​ត្រូវរបួស​នោះ​គឺ​នៅ​ឈឺ​នៅឡើយ​ ​ហើយ​កន្លែង​ដែល​មិន​ត្រូវរបួស​ចាប់ផ្តើម​ឈឺ ​និង​ ​ហើម​ដែល​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​មានការ​បារម្ភ​ខ្លាច​មាន​បញ្ហា​ឈាមកក​ទៅ​ថ្ងៃក្រោយ​ ​។​ ​លោកថាពេលនេះ​ ​នាយ​ចឺម​ ​ក៏បាន​ទៅ​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ​ស្កេនជាថ្មី​ម្តង​ទៀត​ ​តែយ៉ាងណា នាយក្រូច មិនបានប្រាប់ពីលទ្ធផលនៅឡើយទេ ។​ ​

នៅមិនទាន់បានដឹងអំពីការចចារ ទាមទារសំណងណាមួយនៅឡើយខណៈ ជនបង្កត្រូវបានបញ្ជូនបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តប៉ៃលិនកាលពីថ្ងៃទី២០ ខែធ្នូនេះ ហើយបន្តឃុំខ្លួនបណ្តោះអាសន្នរងចាំការសាកសួរបន្ត។ ជាមួយគ្នានេះ​ ​នាយ​ក្រូច​ ​ដែល​ត្រូវជា​ពូ​បាន​អះអាង​ថា​ ពិតជា​មាន​អារម្មណ៍​ខ្លោចចិត្ត​អាណិត​ក្មួយ​ខ្លាំង​ណាស់​ ​រហូតមកដល់​ពេលនេះ​នាយ​មិន​ហ៊ាន​ទាំង​មើល​វីដេអូ​ដែល​ ​នាយ​ចឺម​ ​ត្រូវ​គេ​វាយ​នោះ​ផង​ ​។​នាយ​ ​ថែមទាំង​សម្តែង​ការ​អាក់អន់​ចិត្ត​ដែល​ម្ចាស់ហាង​ក៏ដូចជា​អ្នក​នៅ​ទីនោះ​មិន​ឃាត់ ​ឬ​ ចេញមុខ​ជួយ​នៅពេល​ឃើញ​ហេតុការណ៍​បែបនេះ​ ​។​ ​

អ្នកនាងចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរបានបង្ហើបថា ការដែលនាយចឺមចេញទៅក្រៅរហូតមានការវាយឲ្យរបួសនេះគឺកើតឡើងក្រោយពីមានការបញ្ឆោទលួងលោកឲ្យនាយចឺមចេញទៅជួបជុំអ្នកគាំទ្រមួយក្រុម មិនមែនទៅជួបនារីណាម្នាក់នោះទេ។

គួរបញ្ជាក់ដែរថា អំពើហិង្សាទៅលើតារាចម្រៀងប្រចាំផលិតកម្មសាន់ដេរូបនេះ បានកើតឡើង វេលាម៉ោង៤និង២០នាទីល្ងាចនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចបុរីម្កុដពេជ្រ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។យោងតាមរបាយការណ៍របស់សមត្ថកិច្ចស្នងការនគរបាលខេត្តប៉ៃលិន បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ង៉ែត លីទី ភេទប្រុស អាយុ២២ឆ្នាំ គេស្គាល់ថាជាអតីតកីឡាករបាល់ទាត់មួយរូប ធ្លាប់លេងជាច្រើនក្លឹបដូចជាបឹងកេត ក្រសួងការពារជាតិ និងក្លឹបលីកទី៤ថៃ បច្ចុប្បន្នមានមុខរបរ បុគ្គលិកក្រុមហ៊ុន រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ សាលាក្រៅ ខេត្តប៉ៃលិន។ ចំពោះមូលហេតុ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ដោយសារជនសង្ស័យប្រច័ណ្ឌ នឹងជនរងគ្រោះ រឿងឆាតទៅរកសង្សាររបស់ខ្លួន៕ វឌ្ឍនា


ចែករំលែក៖