ខេត្តស្វាយរៀង៖ ស្ត្រីដែលគេស្គាល់ជាម្ចាស់ហាងយីហោសំណាងអាណេ បានរងរបួសធ្ងន់ ខណៈត្រូវជនសង្ស័យមានតួនាទីជាអធិការងក្រុងបាវិតបានយកកាំភ្លើងបាញ់ឡើងលើមួយគ្រាប់និងបាញ់ចំក្បាលមួយគ្រាប់ហើយរត់គេចខ្លួន បង្កការភ្ញាក់ផ្អើលដល់ភ្ញៀវអង្គុយផឹកស៊ីរត់ចែកជើងគ្នា កាលពីវេលាម៉ោង៦និង១០នាទីព្រលប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតក្នុងភូមិ តាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង សង្ស័យរឿងគំនុំ ។
បើតាមសមត្ថកិច្ចនគរបាលបានបង្ហើបថា ជនរងគ្រោះមានឈ្មោះ សឿន ដាណេ មានវ័យ៣៨ឆ្នាំ រស់នៅភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។
ចំណែកជនសង្ស័យមានឈ្មោះ កែវ ចិត្រា អាយុ២៨ឆ្នាំ មុខរបរអធិការរងនគរបាលក្រុងបាវិត មានទីលំនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វារៀង ក្រោយពេលបង្កហេតុក៏បានគេចខ្លួន ប៉ុន្តែក្រោយមកបានចូលទៅសារភាពនៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ។
ប្រភពបន្តថា មុនកើតហេតុជនសង្ស័យបានចូលហាងផឹកស៊ីមួយកន្លែងយីហោ
សំណាងអាណេ ក្រោយមកមិនដឹងជាមានរឿងអ្វី ស្រាប់តែជនសង្ស័យទាញយកកាំភ្លើងបាញ់ប្រហារ មកលើជនរងគ្រោះយ៉ាងព្រៃផ្សៃតែម្ដង។
បន្ទាប់ពីកេីតហេតុភ្លាមៗ ជនរងគ្រោះត្រូវបានក្រុមគ្រួសារប្រញាប់ប្រញាល់បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យប្រទេសវៀតណាម។
សូមបញ្ជាក់ថា ជនសង្ស័យត្រូវជាកូនប្រុសអធិការនគរបាលក្រុងបាវិត និងទើបឡើងកាន់តំណែងថ្មីៗ ជាអធិការរងនគរបាលក្រុ ងបាវិត ទទួលផែនគ្រឿងញៀនផងដែរ ៕ យឹម សុថាន