ខេត្តកណ្ដាល៖ ក្រុមជនសង្ស័យ៧នាក់ក្នុងចំណោមបក្ខពួក១១នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលធ្វើការបង្រ្កាប ក្រោយពីក្រុមជនសង្ស័យខាងលើនេះ បាននាំគ្នាធ្វើសកម្មភាពជិះម៉ូតូដេញវាយប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ដើម្បីលួចយកម៉ូតូ កាលពីវេលាម៉ោ២ និង៥០នាទីយប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ក្រុមជនសង្ស័យឃាត់ខ្លួនបាន៧នាក់ ទី១-ឈ្មោះ ស្រស់ សុខនាងភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី១១ មានទីលំនៅភូមិត្រពាំងត្រប់ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ,ទី២-ឈ្មោះ អឿន រតនា ភេទប្រុស អាយុ១៧ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិបឹងធំទី២ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ,ទី៣-ឈ្មោះ ហោ សូរិយា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិបឹងធំទី១សង្កាត់បឹងធំ ខណ្ឌកំបូលរាជធានីភ្នំពេញ ,ទី៤-ឈ្មោះ ចែម ពិចាក់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិតច្បាប់ឆ្នាំទី១ ,ទី៥-ឈ្មោះ រស់ សំអូនភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ទី៦-ឈ្មោះ ជី ភីរ៉ា ភេទប្រុស អាយុ១៦ឆ្នាំកម្មកររោងចក្រ និងទី៧-ឈ្មោះ តាល់ ច័ន្ទបញ្ញា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិត ។ ជនសង្ស័យទី៤ ,ទី៥ ,ទី៦ និងទី៧ មានទីលំនៅភូមិបឹងធំទី១ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ រីឯជនសង្ស័យ៤នាក់ទៀតរត់គេចខ្លួនទី១-ឈ្មោះ លី សុខលីម ភេទប្រុស អាយុ១៦ឆ្នាំជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ទី២-ឈ្មោះ ជា ផលឡី ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខកម្មកររោងចក្រ ,ទី៣-ឈ្មោះ អ៊ុយ សំអឿន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខមិនពិត ។ ជនសង្ស័យទី១ ទី២ និងទី៣មានទីលំនៅភូមិបឹងធំទី១ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ទី៤-ឈ្មោះ បាន មករា ហៅប៊ែ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិបឹងធំទី២ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះមានគ្នា៣នាក់ ទី១-ឈ្មោះ រុំ ឆារ៉ាត់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស នៅភូមិត្រពាំងនប់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួលខេត្តកណ្តាល ,ទី២-ឈ្មោះ ញួន ពន្លឺ ហៅរ៉ូត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ាស៊ីនត្រជាក់ និងទី៣-ឈ្មោះ ភ័ក្រ ពិទិ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី១១ ។ ជនរងគ្រោះទី២ និងទី៣មានទីលំនៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ប្រតិបត្ដិការបង្រ្កាបនេះ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាង៖ ម៉ូតូ៤គ្រឿង និងដែកទីបមូល១កំណាត់ ប្រវែង១ម៉ែត្រ ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង៣នាក់ បាននាំគ្នាទៅរាំនៅក្លឹបម្តុំផ្សារដីហ៊ុយ លុះដល់ម៉ោងប្រមាណ១រំលងអាធ្រាត្រ ជនរងគ្រោះបាននាំគ្នាចេញមកផ្ទះវិញ មកដល់ក្លោងទ្វារវត្តកោះអណ្តែត ស្រាប់តែជនរងគ្រោះឃើញជនសង្ស័យមួយក្រុមមានគ្នាប្រហែលជាង១០នាក់ ជិះម៉ូតូដេញតាមពីក្រោយមានទាំងកាំបិត និងបំពង់ទីប ឃើញដូច្នេះ ជនរងគ្រោះក៏ដកយកសោម៉ូតូរត់គេច ទើបជនសង្ស័យខឹងយកម៉ូតូមិនបានក៏កាប់ និងវាយម៉ូតូរបស់ជនរងគ្រោះ រួចជិះគេចខ្លួនបាត់តែម្តង។
បន្ទាប់ពីកម្លាំងសមត្ថកិច្ចទទួលបានករណីនេះ ក៏ស្រាវជ្រាវចាប់ខ្លួនបានក្រុមជនសង្ស័យ៧នាក់ជាបន្ដបន្ទាប់ យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិ ៕ ស្អាងជ័យ