ព័ត៌មានទាន់ហេតុការណ៍៖

ផ្កាយ២ ទុន ដៀត បូមខ្សាច់ដាក់រំលោភចូលមាត់ព្រែកកោះប៉ោជិត៥០ម៉ែត្រ នៅខេត្តកោះកុង អាចលុបឈ្មោះពីកងទ័ព និង ចាត់ការតាមផ្លូវតុលាការ

ចែករំលែក៖

ខេត្តកោះកុង៖ នាយទាហានពាក់ផ្កាយ២ គឺ មានឈ្មោះថា លោក ទុន ដៀត បានធ្វើសកម្មភាពលួចបូមខ្សាច់ចាក់ចូលមាត់ព្រែកកោះប៉ោប្រវែង៤៣ម៉ែត្រ មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ទាំងគ្មានលិខិតច្បាប់អនុញ្ញាតពីអាជ្ញាធរ និងអង្គភាពជំនាញណាមួយឡើយ។ លោកផ្កាយ២ ទុន ដៀត ជានាយករងទីចាត់ការព្រំដែន នេះបើតាមអ្នកកោះកុងអៈអាង។

យោងតាមកំណត់ហេតុចុះពិនិត្យនិងអង្កេតវាយតម្លៃរបស់ក្រុមការងារចម្រុះរបស់ខេត្តកោះកុង កាលល្ងាចថ្ងៃទី៣ ខែធ្នូ ២០១៩ ថ្មីៗនេះកន្លងទៅ បានបង្ហាញថា ក្រោយពីទទួលបានព័ត៌មានច្បាស់ការណ៍ភ្លាមៗ លោក អ៊ុន សុវណ្ណធានី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកោះកុង បានដឹកនាំកម្លាំងចម្រុះ និងមន្រ្តីជំនាញចុះអង្កេតពិនិត្យតាមលក្ខណៈបច្ចេកទេស ដោយរកឃើញថា ឈ្មោះ ទុន ដៀត ជាទាហានពាក់ផ្កាយ២ នេះ ពិតជាបានបូមខ្សាច់ចូលចំណីព្រែកកោះប៉ោប្រាកដមែន។

លោក អ៊ុន សុវណ្ណធានី ព្រះរាជអាជ្ញារងខេត្តកោះកុង ថ្លែងថា ទីតាំងដែលទាហានផ្កាយ២ លួចចាក់ដីបំពេញបន្ថែមចូលមាត់ព្រែកប៉ោ មានបណ្តោយប្រវែង៤៣ម៉ែត្រ ទទឹង ៣ម៉ែត្រ ស្ថិតនៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ជុំវិញបញ្ហានេះ លោក ទុន ដៀត ជាទាហានផ្កាយ២ ដែលរងការចោទប្រកាន់ និងប្រព្រឹត្តរំលោភយកឆ្នេរសមុទ្រដោយបទល្មើសជាក់ស្តែងក៏ដោយ មិនទាន់ឃើញលុបឈ្មោះពីក្របខ័ណ្ឌកងទ័ពនៅឡើយ គិតមកដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ។
បើទោះជារឿងនេះមិនទាន់មានចំណាត់លើ លោកផ្កាយ២ ទុន ដៀត ក៏សម្តេចតេជោ ហ៊ុន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ចេញប្រតិកម្ម រហូតដល់សម្ដេចតេជោ ហ៊ុន សែន បញ្ជាឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា និងអភិបាលខេត្តកោះកុង ពិនិត្យជាបន្ទាន់ករណីចាក់ដីចូលសមុទ្រ និងស្រាវជ្រាវអ្នកនៅពីក្រោយខ្នង..!

សូមជម្រាបថា៖ ថ្លែងចេញពីទឹកដីភាគនិរតីប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឱ្យឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា និងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ចុះពិនិត្យជាបន្ទាន់ករណីចាក់ដីចូលសមុទ្រ និងស្រាវជ្រាវអ្នកនៅពីក្រោយខ្នង ដើម្បីទន្ទ្រាយយកដីធ្វើជាកម្មសិទ្ធិ។
ការបញ្ជាដាច់ណាត់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេច បានអញ្ជើញជាអធិបតីភាពបើកពិធីបុណ្យសមុទ្រលើកទី៨ ក្នុងជុំទីពីរ ដែលប្រារព្ធធ្វើឡើងនៅក្នុងខេត្តកំពត។ សម្តេចតេជោ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍បញ្ជាយ៉ាងដូច្នេះថា៖ «ខ្ញុំហាក់ដូចជាមានព័ត៌មានថា នៅខេត្តកោះកុង ក៏នៅបន្តមានការចាក់ដីចូលទៅក្នុងសមុទ្រ ដោយគ្មានការអនុញ្ញាត ខ្ញុំស្នើឱ្យឯកឧត្តម ជា សុផារ៉ា ក៏ដូចជាអភិបាលខេត្តកោះកុង ពិនិត្យជាបន្ទាន់តើវាមានពិតទេ ហាក់ដូចជាមាននាយទាហានផងដែរ ដែលចូលរួមសកម្មភាពទាំងនេះ»។
ពាក់ព័ន្ធនឹងការចាក់ដីទន្ទ្រានចូលចូលក្នុងសមុទ្រនេះដែរ សម្តេចតេជោ ហ៊ុន សែន បានព្រមានធ្ងន់ៗថា ប្រសិនបើជារកឃើញថា នាយទាហានរូបណាពាក់ព័ន្ធនឹងការចាក់ដីចូលសមុទ្រ សម្តេចមិនអនុញ្ញាតនាយទាហានទាំងអស់នោះ ស្ថិតនៅក្នុងក្របខណ្ឌជាកងយោធពលភូមិន្ទកម្ពុជាបន្តទៀតនោះទេ។ ប្រសិនបើទុកឱ្យនាយទាហានទាំងនោះធ្វើរឿងយ៉ាងដូច្នេះ មានន័យថា ពួកអ្នកទាំងនោះនឹងក្លាយជាអ្នកកសាងរដ្ឋ នៅរដ្ឋហើយ ព្រោះពួកគេមិនគោរពច្បាប់ ដូច្នេះ គឺមិនអនុញ្ញាតឱ្យមាននោះទេ។ នេះជាការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន។
ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍បន្ថែមទៀត ក៏ប៉ុន្តែចំពោះករណីចាក់ដីចូលទៅក្នុងសមុទ្រ ក៏មានការអនុញ្ញាតឱ្យមានការចាក់លុបផងដែរ ប្រសិនបើក្នុងករណីចាំបាច់លើការចាំបាច់ ព្រមទាំងការកសាងខ្លះដូចជា៖ កសាងកំពង់ផែ ការចាក់ថ្មី ដើម្បីទឹករាំងរលក សម្រាប់តំបន់កម្សាន្តខ្លះដែលទាំងនោះគឺជាការសិក្សា ហើយត្រូវបានអនុញ្ញាតឱ្យធ្វើ ទាំងនេះជាអនុញ្ញាតចាក់ដីចូលសមុទ្រ ដោយស្របទៅតាមតម្រូវការជាក់ស្តែង ដែលផ្ទុយស្រឡះពីការចាក់ដីទាំងបំពានច្បាប់ ដោយមិនមានការអនុញ្ញាតពីអាជ្ញាធរជំនាញ និងអាជ្ញាធរពាក់ដោយមិនបានចុះសិក្សាស្រាវជ្រាវ។
នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រៀបប្រដូចឆ្នេរសមុទ្រ និងតំបន់ទេសចរណ៍ធម្មជាតិនានា ប្រដូចនឹងមេមាន់ថា សូមកុំសម្លាប់មេមាន់ ដើម្បីគ្រាន់តែឆ្ងាញ់មួយពេល ត្រូវរក្សាទុកមេមាន់នេះ ដើម្បីយើងទទួលផលវែងឆ្ងាយបន្តទៅទៀត ដូច្នេះសូមកុំបំផ្លាញបេតិកភណ្ឌ សូមកុំបំផ្លាញតំបន់ឆ្នេរ និងសូមកុំបំផ្លាញព្រៃព្រឹក្សា ដើម្បីយកមកបំពេញតម្រូវការក្នុងរយៈពេលខ្លី ទន្ទឹមនឹងនេះយើងត្រូវរក្សាទុកនូវអ្វីដែលយើងមាន ហើយការបំពេញបន្ថែមទៀត ដោយការដាំដើមឈើ និងកែលម្អទីកន្លែងនោះឱ្យកាន់តែស្អាត ដើម្បីទទួលបានផលមកវិញ ពីទីតាំងដែលបានរៀបចំក្នុងរយៈពេលវែង។
សម្តេតេជោ ហ៊ុន សែន ក៏បានបញ្ជាឱ្យរដ្ឋាបាលខេត្តទាំងអស់ដែលនៅជាប់តំបន់ឆ្នេរសមុទ្រ ត្រូវការពារតំបន់ឆ្នេរសមុទ្រ ដើម្បីឱ្យឆ្នេរសមុទ្រកម្ពុជា បន្តស្ថិតនៅជាឆ្នេរដែលស្អាតបំផុត នៅក្នុងក្របខណ្ឌពិភពលោក កុំឱ្យឆ្នេរសមុទ្ររបស់យើងត្រូវបានដកហូតចេញពីសមាជិកក្លិបឆ្នេរសមុទ្រស្អាត។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា ទន្ទឹងនឹងការពារប្រាង្គប្រាសាទនានា យើងក៏ត្រូវខិតខំការពារឆ្នរសមុទ្រ របស់យើង ឱ្យបានគង់វង្ស កុំឱ្យឆ្នេរសមុទ្ររបស់យើង ត្រូវបំផ្លាញដោយសារការទម្លាក់ បង្ហូរទឹកស្អុយចូល ទៅក្នុងសមុទ្រ ការចាក់ដីបំពាន ទៅលើសមុទ្រ ការកាប់ព្រៃកោងកាងចោល ដើម្បីទន្ទ្រានយកដី ចំណុចទាំងអស់នេះ គឺជាចំណុចដែលរដ្ឋាបាលខេត្តនីមួយៗ ត្រូវធ្វើ។ ពិតមែនហើយទោះបីកម្ពុជា បានបង្កើតឱ្យមានគណៈកម្មការឆ្នេរសមុទ្រ ដែលមានឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ធ្វើជាប្រធាន និងមានរដ្ឋមន្ត្រីមួយចំនួនធ្វើជាអនុប្រធាន ក៏ប៉ុន្តែភារកិច្ចទទួលខុសត្រូវ ក៏ប៉ុន្តែគណៈអភិបាលខេត្តនីមួយៗ ក៏ត្រូវទទួលខុសត្រូវមើលថែរក្សាឱ្យបានដិតដល់ ព្រមទាំងហាមដាច់ខាតមិន ឱ្យមានការចាក់ដីនៅទីកន្លែងណាដែលគ្មានការអនុញ្ញាតនោះឡើយ។
ពាក់ព័ន្ធបញ្ហានេះ លោកផ្កាយ២ ទុន ដៀតបានប្រាប់ អង្គភាព នគរវត្ត នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩នេះថា៖ រឿងនេះជាការពិតមែន ក្នុងនោះគេបានកាយខ្សាច់ចេញវិញហើយ ដោយសាលក្រមតុលាការ បង្កើតគណៈកម្មការចុះមកអនុវត្ត មានព្រះរាជអាជ្ញា អាជ្ញាធរខេត្ត ខាងជំនាញ សមត្ថកិច្ចចម្រុៈ។ លោកបន្តថា៖ ខ្ញុំឯកភាពអោយកាយខ្សាច់ចេញ ដោយមិនជំទាស់ទេ ហើយគេកំពុងប្រើគ្រឿងចក្រអនុវត្ត។
ដោយឡែកលោកស្រី ភូថង មិថុនា អភិបាលនៃគណៈអភិបាលខេត្តកោះកុង ទូរស័ព្ទចូលគ្មានអ្នកទទួល។ ទោះជាយ៉ាងណាក៏ដោយ ជនប្រព្រឹត្តបទល្មើសចាក់ខ្សាច់រំលោភយកឆ្នេរសមុទ្រ ឈ្មោះ ទុន ដៀត មិនត្រឹមតែត្រូវប្រឈមលុបឈ្មោះចេញពីកងទ័ពទេ អាចបញ្ជូនទៅតុលាការអនុវត្តនីតិវិធីបន្ត ខណៈសម្តេចតេជោ ហ៊ុន សែន ប្រតិកម្មនិងចេញបញ្ជាអោយស្រាវជ្រាវជនពាក់ព័ន្ធ និងអ្នកនៅពីក្រោយខ្នងក្នុងបទល្មើសនេះ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖