ខេត្តស្វាយរៀង៖ មានការប្រទះឃើញសាកសព ស្ត្រីម្នាក់ទាំងព្រឹក ខណៈក្រុមគ្រួសារ និងអ្នកភូមិខំដើរស្វះស្វែងរកពេញមួយយប់ដោយស្រវឹងស្រា និងមានជំងឺឆ្កួតជ្រូកធ្លាក់ទឹកបៀរខាងជើងផ្ទះប្រមាណ៣០០ម៉ែត្រ ។
ហេតុការណ៍ប្រទះឃើញនេះ នៅវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិត្បែងឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ មាស ខុម អាយុ៦១ឆ្នាំ មុខរបរកសិកររស់នៅភូមិត្បែងឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង ។
ប្រភពបន្តថា មុនកើតហេតុកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ ស្ត្រីរងគ្រោះបានដើរបាត់ពីផ្ទះ ខណៈក្រុមគ្រួសារបានអះអាងថាមានជំងឺឆ្កួតជ្រូក និងស្រវឹងស្រារាល់ថ្ងៃ ទើបប្រញាប់ប្រញាលហៅអ្នកភូមិនាំគ្នាដើរស្វះស្វែងរក ប៉ុន្តែរកមិនឃើញ ក៏ត្រឡប់ទៅផ្ទះរៀងៗខ្លួន ។ ស្រាប់តែនៅវេលាម៉ោង៦ព្រឹក មានព័ត៌មានពីឈ្មោះប៉ុក បំណង ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរកសិករបានប្រទះឃើញលង់ទឹកស្លាប់អណ្តែតបាត់ទៅហើយ ។
យោងតាមការពិនិត្យសាកសពរបស់នគរបាលផ្នែកជំនាញស្រុក និងគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកគឺជនរងគ្រោះស្លាប់ដោយសារធ្លាក់ចូលក្នុងទឹកបៀរពិតប្រាកដ មិនមានស្នាកស្នាមជារឿងឃាដកម្មអ្វីនោះទេ ។
សពត្រូវបានសមត្ថកិច្ចនគរបាលស្រុកប្រគល់ឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕ យឹម សុថាន