ព័ត៌មានទាន់ហេតុការណ៍៖

ទំនាក់ទំនង រវាងកូរ៉េខាងត្បូង និងជប៉ុន មានភាពល្អប្រសើរមុនពេលឈានចូលឆ្នាំថ្មី

ចែករំលែក៖

ទំនាក់ទំនងរវាងចិន និងកូរ៉េខាងត្បូង មានភាពល្អប្រសើរ​ជាងមុន ខណៈមេដឹកនាំ នៃប្រទេសទាំងពីរ បានជួបពិភាក្សា​គ្នា​ នៅ​ក្នុងប្រទេសចិន ។ សហរដ្ឋអាមេរិក​បានផ្ញើសារវិជ្ជមាន ​សាទរចំពោះ​សម្ពន្ធមិត្ត​យោធា​ នៅអាស៊ីទាំងពីររបស់ខ្លួន​​ អាចមានគំនិតដូចគ្នា ​ដោះស្រាយវិបត្តិ ​តាមរយៈឧបតោភាគី ។

ប្រទេសចិន​​ បានធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ រវាងមេដឹកនាំ​កូរ៉េខាងត្បូង និងជប៉ុន នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ខណៈ​ស្ថានការណ៍តានតឹង ​រវាង​សម្ពន្ធមិត្តយោធា​អាមេរិក​ទាំងពីរ នៅតំបន់អាស៊ី​ ឲ្យមានសភាពធូរស្រាល ។

កិច្ចប្រជុំត្រីភាគី​នេះ បានធ្វើឡើង នៅទីក្រុង Chengdu នាភាគនិរតី​ នៃខេត្ត Sichuan ប្រទេសចិន ហើយគេរំពឹងថា នឹងសម្តែងការប្រឆាំងជំទាស់ ចំពោះ​ការគំរាមកំហែងសន្តិសុខ ក្នុងតំបន់​ពីកូរ៉េខាងជើង​ ជាពិសេស​នោះ​ គឺការជួបជាលើកដំបូង​ មួយទល់នឹងមួយ រវាងនាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីនហ្សូ អាបេ និងប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន បន្ទាប់ពីរយៈពេល​១៥ខែកន្លងមកនេះ មិនដែលបានជួបពិភាក្សាគ្នា ។

ទំនាក់ទំនង រវាង​ទីក្រុងសេអ៊ូល និងទីក្រុងតូក្យូ​ បាន​​ឈានដល់ពាក់មុខយក្ស​ដាក់គ្នា កាលបី​អំឡុងប៉ុន្មានខែកន្លងទៅថ្មីៗនេះ ក្នុងជម្លោះពាណិជ្ជកម្ម និងជម្លោះផ្សេងៗទៀត ដែលមានតាំងពី​រាប់ទសវត្សរ៍​កន្លងមក គឺរឿងដែល​កងទ័ព​ជប៉ុន ចូលកាន់កាប់នៅឧបទ្វីបកូរ៉េ ចន្លោះ​ពីឆ្នាំ​១៩១៩-១៩៤៥ ។

នៅមុនពេលចេញដំណើរទៅកាន់ប្រទេសចិន លោក អាបេ បានថ្លែងទៅកាន់អ្នកកាសែតថា «ទំនាក់ទំនង​រវាង​ទីក្រុងតូក្យូ ជាមួយទីក្រុង​សេអ៊ូល​ ស្ថិតក្នុងសភាពធ្ងន់ធ្ងរដដែល» ។ លោកបន្តថា «ប៉ុន្តែ​ដោយពិចារណា​លើបរិយាកាស​សន្តិសុខ ​នៅក្នុងតំបន់​អាស៊ីខាងកើត, ខ្ញុំ​ទទួលស្គាល់ថា ទំនាក់ទំនង ​រវាង​ជប៉ុន និងកូរ៉េខាងត្បូង ព្រមទាំងទំនាក់ទំនង រវាងជប៉ុន, សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង​ គឺមានសារសំខាន់ខ្លាំងណាស់» ។

ការប្រឈមមុខ រវាង​កូរ៉េខាងត្បូង និងជប៉ុន​ បានកើតឡើង​ បន្ទាប់ពីតុលាការកូរ៉េខាងត្បូង​ បានចេញសាលដីកា​ឲ្យក្រុមហ៊ុនជប៉ុន​ សងសំណងជំងឺចិត្ត​ដល់ពលរដ្ឋ​កូរ៉េខាងត្បូង​ ដែលត្រូវបានបង្ខិតបង្ខំ ​ដោយកងទ័ព​អាណានិគមន៍​ជប៉ុន នាអំឡុង​សម័យសង្គ្រាម ​នៅឧបទ្វីប​ រយៈពេលប្រហែល​៣៥ឆ្នាំ ដោយបង្ខំឲ្យធ្វើការ ដោយមិនមានប្រាក់កម្រៃ ។ ជប៉ុនបានអះអាងថា អ្វីគ្រប់យ៉ាង​ គឺបានដោះស្រាយគ្នា ​ចប់សព្វគ្រប់អស់ហើយ ។

ជាការតបត​នឹងសាលដីកានេះ ជប៉ុន​បានរឹតបន្តឹងដល់​ការនាំចេញ​ផលិតផលបច្ចេកវិទ្យាជាន់ខ្ពស់​៣មុខសំខាន់ៗ​​ទៅកាន់កូរ៉េខាងត្បូង ហើយទម្លាក់ប្រទេសនេះ​ ចេញពី​បញ្ជីស ដៃគូពាណិជ្ជកម្ម ​ដែលមានទំនុកចិត្តជាដើម ។ ដោយឡែក​រដ្ឋាភិបាលកូរ៉េខាងត្បូងវិញ បានប្តឹង​បញ្ហានេះ​ទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក ហើយគំរាមបញ្ចប់កិច្ចព្រមព្រៀង ចែករំលែក​ព័ត៌មានយោធាសម្ងាត់​ជាមួយជប៉ុន​ ។

សហរដ្ឋអាមេរិក ​បានស្វាគមន៍​ចំពោះ​ការវិវឌ្ឍចុងក្រោយនេះ​​​ ដោយនិយាយថា ខ្លួនសូមផ្ញើសារវិជ្ជមាន​ ដែលសម្ពន្ធមិត្ត​ទាំងពីរ មានគំនិតដូចគ្នា​ អាចដោះស្រាយបញ្ហាជម្លោះ តាមរយៈ​ឧបតោភាគី​ ៕

 


ចែករំលែក៖