ខេត្តមណ្ឌលគិរី ៖ សកម្មភាពដឹកឈើប្រណិតតាមរយៈរថយន្តបិទស្លាកយីហោ រមណីយដ្ឋានធម្មជាតិអូរផ្លាយ ត្រូវបានកម្លាំងជំនាញដែនជម្រកការពារសត្វព្រៃកែវសីមា ស្ទាក់ចាប់បានជាលើកទី៥ហើយ ខណៈកំពុងធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៧៦ កាលពីព្រឹកថ្ងៃទី២៦ ធ្នូ ២០១៩ នៅចំណុចវាលអាមេរិក ស្ថិតក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា នេះជាលើកទី៥ហើយ ដែលរថយន្តមានឃ្លុបក្រោយដឹកឈើនិងបិទស្លាកយីហោ រមណីយដ្ឋានធម្មជាតិអូរផ្លាយ ត្រូវបានសមត្ថកិច្ចជំនាញបង្ក្រាបបានជាបន្តបន្ទាប់ ដោយកន្លងមករថយន្តនេះត្រូវបានមន្ត្រីមេព្រៃចាប់បានម្តង អាវុធហត្ថស្នាក់ការសន្តិសុខលេខ៦២១ចាប់បានម្តង និងដែនជម្រកកែវសីមាចាប់បាន៣លើកទាំងលើកនេះ ។
តាមប្រភពព័ត៌មានបានបន្តថា ទោះបីរថយន្តនេះធ្លាប់ត្រូវបានសមត្ថកិច្ចបង្ក្រាបជាច្រើនលើក ប៉ុន្តែគេនៅតែឃើញសកម្មភាពរថយន្តដដែលនេះ នៅតែអាចដឹកជញ្ជូនឈើគ្មានលោះមួយថ្ងៃណាឡើយ ពោលគឺចាប់បានតែមួយដង្ហើមចង្រឹតប៉ុណ្ណោះ ។ មូលហេតុដោយសារម្ចាស់រមណីយដ្ឋានធម្មជាតិអូរផ្លាយ គឺជាបុគ្គលមានអំណាច មានមុខងារជាឧត្តមសេនីយ៍ផង ឧកញ៉ាផង ទើបសមត្ថកិច្ចមិនហ៊ានចាត់បញ្ជូនទៅតុលាការ ។
យោងតាមក្រុមអ្នកតាមដានបរិស្ថានបានឲ្យដឹងថា កន្លងមកនៅក្នុងរមណីយដ្ឋានធម្មជាតិអូរផ្លាយ មានគេលួចបង្កើតសិប្បកម្មកែច្នៃឈើខុសច្បាប់ តែគ្មានការបង្ក្រាបណាមួយលើទីតាំងនោះទេ ។ នៅពេលសកម្មជនព្រៃឈើរាយការណ៏ទៅមន្ត្រីជំនាញ ពួកគេតែងអះអាងថា ម្ចាស់រមណីយដ្ឋានធម្មជាតិអូរផ្លាយបានសុំយកឈើកែច្នៃដើម្បីប្រាស់ប្រាស់ក្នុងរមណីយដ្ឋាន តែជាក់ស្តែងណាស់នៅពេលនេះគឺមិនដូចអស់មន្ត្រីទាំងនោះនិយាយឡើយ គឺគេធ្វើអាជីវកម្មបែបកន្ទេលធំបន្លំដេក ដោយដឹកឈើច្នៃរួចទៅភ្នំពេញ ។
ដោយឡែកពាក់ព័ន្ធករណីខាងលើនេះដែរ លោកនាយកដែនជម្រកការពារសត្វព្រៃកែវសីមា បានបញ្ជាក់ថា មន្ត្រីស្នាក់ការអូររាំង បានធ្វើការឃាត់ចាប់បានរថយន្តកូរ៉េ ពណ៍ស ចង្កូតឆ្វេង ពាក់ស្លាកលេខ ភ្នំពេញ ៣D-៣១០៤ ដឹកឈើប្រភេទ គ្រោងទ្វានឹង នីវ នៅចំនុចមុខស្នាក់ការអូរ ។
បច្ចុប្បន្នវត្ថុតាង ត្រូវបានយកមករក្សាទុកបណ្តោះអាសន្ននៅស្នាក់ការរងអូររាំង ដើម្បីបន្តនីតិវិធី ៕ សតារា