ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចាប់ខ្លួនអ្នកបើករថយន្ត AUDI ដែលបើកបុកយុវតី ២នាក់ស្លាប់យ៉ាងអណោចអធ័មបំផុត នៅសង្កាត់កោះដាច់ បានហើយ

ចែករំលែក៖

ភ្នំពេញ៖ អ្នកបើករថយន្ត AUDI ដែលបើករថយន្តបុកយុវតីចំនួន ២នាក់ បណ្តាលឲ្យស្លាប់យ៉ាងអណោចអធ័មបំផុត នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ កាលពីយប់ថ្ងៃទី១១ ខែធ្នូ កន្លងទៅនោះ ត្រូវបានកម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខេត្តកណ្តាល កាលពីរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ បានឃាត់ខ្លួននិងដកហូតរថយន្តបង្កផងដែរ ។

យោងតាមប្រភពព័ត៍មានពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និង ស្នងការនគរបាលរាជធានីភ្នំពេញ បានដឹង នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះថា អ្នកបើករថយន្តម្នាក់ត្រូវបានឃាត់ខ្លួន និងកំពុងចាត់ការតាមច្បាប់ ។ ដោយការឃាត់អ្នកបើករថយន្ត និងរថយន្តខាងលើនេះ បានធ្វើឡើងនៅជិតស្ពានលីយ៉ុងផាត់ ក្នុងខណ្ឌជ្រោយចង្វារនៅរសៀលថ្ងៃនេះតែម្តង ។ យ៉ាងណាក៏ដោយ សម្រាប់អ្នកបើករថយន្តមួយគ្រឿងទៀតម៉ាក Highlander មិនទាន់ឃាត់ខ្លួនបាននៅឡើយទេ។

យោងតាមបណ្ណសម្គាល់រថយន្តបង្ហាញថា ម្ចាស់រថយន្ត AUDI ពាក់ស្លាកលេខ ភ្នំពេញ 2AF-5659 មានឈ្មោះ សុមេត សុកន្ធរ័ត្នវត្តី មានទីលំនៅផ្ទះលេខ៣៣A ផ្លូវលេខ៣៣៧ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

សូមបញ្ជាក់ថា ការតាមឃាត់ខ្លួនអ្នកបើករថយន្តដែលបុកយុវតីទាំង២នាក់ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បានធ្វើឡើងក្រោយមានបទបញ្ជាពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

យុវតីចំនួន ២នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសាររថយន្តទំនើបបើកលឿនដូចហោះបុកពេញទំហឹង ស្របពេលដែលជនរងគ្រោះទាំងពីរនាក់ កំពុងជិះម៉ូតូឌុបគ្នាចេញពីរៀនភាសាអង់គ្លេស ហើយបន្ទាប់ពីបង្កហេតុរួច ជនបង្កបានបើករថយន្តគេចខ្លួន ដើម្បីរំដោះខ្លួនឲ្យរួចផុតពីការទទួលខុសត្រូវ។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងតាំងពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅភូមិរនះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជនរងគ្រោះម្នាក់ឈ្មោះ ភ័ណ្ឌ ភីរ៉ាដា អាយុ១២ឆ្នាំ រៀនថ្នាក់ទី៧ និងម្នាក់ទៀតឈ្មោះ ខេន កូវ៉ា អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៨ ៕ ស តារា


ចែករំលែក៖