ភ្នំពេញ៖ នៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារបង្ហាញពីអារម្មណ៍នឹងស្រណោះ ចំពោះការបាត់បង់ជីវិតរបស់តារាកំប្លែងជើងចាស់ នាយស្មាញ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តដឹកដីកិនស្លាប់កាលពីល្ងាចម្សិលមិញ។
ជាមួយនឹងការនឹកស្រណោះនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហោះវីដេអូបង្ហាញពីការឧបត្ថម្ភទឹកប្រាក់១ម៉ឺនដុល្លារ ដល់នាយស្មាញ កាលពី២ខែមុនផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានសរសេរក្នុង Facebook យ៉ាងដូច្នេះថា «ពិតជាស្រណោះចំពោះនាយស្មាញ ដែលបាត់បង់ជិវិតកាលពីម្សិលមិញនេះ។ ខ្ញុំ និងភរិយាទើបបានជួយជាថវិការចំនួន១ម៉ឺនដុល្លារប្រហែល២ខែមុននេះ»។
សូមជម្រាបថា តារាកំប្លែងជើងចាស់នាយស្មាញ ត្រូវបានរថយន្តធន់ធំដឹកដី កិនស្លាប់នៅត្រង់ចំណុចផ្លូវ៦០ម៉ែត្រ ស្តុបរថយន្តម៉ាកសឺដេស កែងផ្លូវ៣០ម៉ែត្រ នាល្ងាចថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៩ នេះ ខណៈភរិយារបស់លោកបានរងរបួសធ្ងន់យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ជនរងគ្រោះបានគាបជាប់ខាងក្រោមរថយន្ត ខណៈអ្នកបើកបរត្រូវបាននគរបាលឃាត់ខ្លួន៕
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បង្ហាញការសោកស្ដាយយ៉ាងខ្លាំង និងក្តីអាណិតអាសូរបំផុត ចំពោះមរណភាពសិល្បករកំប្លែង លោក សួន សុខហ៊ីម (ហៅនាយស្មាញ) ដែលទទួលរងគ្រោះថ្នាក់ចរាចរណ៍នៅល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ នៅលើវិថី ៦០ម៉ែត្រស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជាមួយនឹងការសោកស្ដាយ និងអាណិតអាសូរនេះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានឲ្យក្រុមជំនួយការយកថវិកាឧបត្ថម្ភមួយចំនួន យកទៅប្រគល់ជូនក្រុមគ្រួសារសពដោយផ្ទាល់ ដើម្បីចូលរួមរៀបចំពិធីបុណ្យក៏ដូចជាចូលរំលែកទុក្ខគ្រួសារសព។ ការបាត់បង់នាយស្មាញ គឺជាការបាត់បង់នូវវីរសិល្បករខ្មែរ ប្រកបដោយគុណធម៌មួយរូបដែលបានលះបង់អ្វីគ្រប់យ៉ាង ដើម្បីបម្រើវិស័យសិល្បៈខ្មែរតាំងពីអតីតកាលមកដល់បច្ចុប្បន្ននេះ។ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នាយស្មាញក៏មានជំងឺប្រចាំកាយ និងតែងតែទទួលបានការសណ្តោសប្រណីពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផងដែរ ដើម្បីឧបត្ថម្ភដល់ការព្យាបាលជំងឺ។
សូមបញ្ជាក់ផងដែរថា នាយស្មាញ មានឈ្មោះពិត សួន សុខហ៊ីម ជានាយទាហានថ្នាក់ឧត្តមសេនីយ៍ត្រី នៅកងវរសេនាតូចសិល្បៈចំណុះស្នងការឃោសនា-ព័ត៌មាននៃបញ្ជាការដ្ឋានអង្គរក្ស។ ជាក់ស្តែងនៅក្រោយទទួលបានព័ត៌មានដ៏ក្រៀមក្រំនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក៏បានចាត់តាំងក្រុមការងារបញ្ជាការដ្ឋានអង្គរក្ស រួមជាមួយគណៈកម្មការបុណ្យសពថ្នាក់ឧត្តមសេនីយ៍ ពីក្រសួងការពារជាតិចុះជួបក្រុមគ្រួសារសពដោយផ្ទាល់ និងជួយរៀបចំពិធីបុណ្យសពឲ្យបានសមរម្យ៕