ប្រទេសតំបន់អឺរ៉ុប ពិសេសគឺប្រទេសដែលជាសម្ពន្ធមិត្តជិតស្និទ្ធជាមួយអាមេរិក នៅតែបន្ត ប្រើប្រាស់បច្ចេកវិទ្យា របស់ក្រុមហ៊ុន ហួវាយដដែល មិនខ្វល់ពីការព្រមានពីអាមេរិកនោះឡើយ ។ កន្លងមកអាល្លឺម៉ង់ និង បារាំង ក៏បានសម្រេចបន្តប្រើប្រាស់ បច្ចេកវិទ្យាមួយចំនួនរបស់ហួវាយ ហើយពេលនេះអង់គ្លេស ក៏បានប្រកាសថា នឹងប្រើប្រាស់ ហួវាយដូចគ្នា ដោយមានកម្រិត ។
ទាំងនោះជាសញ្ញាល្អសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំបំផុតរបស់ចិន ។ នៅក្នុងឆ្នាំ២០១៩ បើទោះបី រងគំនាប់ពីអាមេរិកតែក្រុមហ៊ុនបច្ចេកវិទ្យាហួវាយ ទទួលបាន កិច្ចព្រមព្រៀងជាមួយប្រទេសផ្សេងទៀតជាច្រើន។ ជាក់ស្តែង នៅក្នុង ឆ្នាំ២០១៩នេះ បើទោះរងសម្ពាធពីអាមេរិក ក្រុមហ៊ុន Huaweiនៅតែអាចលក់បានកំណើន១៨ភាគរយ។
ក្រុមហ៊ុនទូរគមនាគមន៍យក្សចិន Huawei Technologies បានប្រកាសកាលនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ថា ការលក់របស់ខ្លួនបានកើនឡើងប្រហែល១៨ ភាគរយនៅក្នុងឆ្នាំ ២០១៩ បើទោះបីសហរដ្ឋអាមេរិកបានដាក់កម្រិតលើអាជីវកម្មរបស់ខ្លួនបែបណាក៏ដោយ។
ការប៉ាន់ប្រមាណនេះ បានធ្វើឡើងនៅក្នុងសារចូលឆ្នាំថ្មី ប្រចាំឆ្នាំទៅកាន់និយោជិករបស់ខ្លួនពីសំណាក់ប្រធានក្រុមហ៊ុន លោក Eric Xu ។ លិខិតនោះ បានព្យាករណ៍ថា ឆ្នាំ២០២០ គឺជាឆ្នាំដ៏លំបាកមួយ ដោយលោកEric Xu បានថ្លែងថា សម្ពាធរបស់អាមេរិក បានបង្កើតបរិយាកាសដ៏លំបាកសម្រាប់ក្រុមហ៊ុន Huawei សម្រាប់ការរស់រាន និងការរីកចម្រើន ។
លោក Eric Xu បានសរសេរនៅក្នុងលិខិតនោះថា “ទោះបីជាមានការខិតខំប្រឹងប្រែងរួមគ្នាពីសំណាក់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីដាក់សម្ពាធលើយើងក៏ដោយ ក៏យើងនៅតែបានធ្វើឱ្យមានភាពប្រសើរឡើង និងបន្តបង្កើតតម្លៃសម្រាប់អតិថិជនរបស់យើង” ។
រដ្ឋាភិបាលសហរដ្ឋអាមេរិកអះអាងថា បច្ចេកវិទ្យារបស់ក្រុមហ៊ុន Huawei បង្កហានិភ័យផ្នែកសុវត្ថិភាព ហើយបានជំរុញឱ្យប្រទេសផ្សេងទៀតកុំទិញឧបករណ៍បណ្តាញទូរស័ព្ទចល័ត 5G របស់ក្រុមហ៊ុន Huaweiនោះអី ។ លើសពីនេះទៀត អាមេរិក ក៏បានដាក់ក្រុមហ៊ុន Huawei ស្ថិតនៅក្នុងបញ្ជីឈ្មោះអង្គភាពរបស់ខ្លួន ដោយរារាំងការលក់បច្ចេកវិទ្យារបស់អាមេរិកទៅឱ្យក្រុមហ៊ុនចិនមួយនេះ។ ក្រុមហ៊ុន Huawei បានបដិសេធរាល់ការចោទប្រកាន់ទាំងនេះ។
ក្រុមហ៊ុនដែលមិនបានចុះបញ្ជីបានប៉ាន់ស្មានថា ការលក់ប្រចាំឆ្នាំនឹងកើនឡើងដល់ ៨៥០ ពាន់លានយន់ (១២០ពាន់លានដុល្លារអាមេរិក) ។ ក្រុមហ៊ុន Huawei ដែលមានមូលដ្ឋាននៅក្នុងមជ្ឈមណ្ឌលបច្ចេកវិទ្យាShenzhen ភាគខាងត្បូងប្រទេសចិន ជាធម្មតាចេញបញ្ជីលទ្ធផលហិរញ្ញវត្ថុផ្លូវការ និងសវនកម្មរបស់ខ្លួន នៅក្នុងខែមីនា ។
ប្រធានក្រុមហ៊ុន លោក Eric Xu បានសរសេរថា“តួលេខទាំងនេះទាបជាងការព្យាករណ៍ដំបូងរបស់យើង ប៉ុន្តែអាជីវកម្មនៅតែរឹងមាំ ហើយយើងឈរយ៉ាងរឹងមាំនៅចំពោះមុខការលំបាក” ។
លិខិតដែលមានកម្រាស់៥ទំព័របានដាស់តឿននិយោជិកឲ្យខិតខំធ្វើការ និងខិតខំបន្ថែមទៀត ដើម្បីនាំយកសមត្ថភាពរបស់ពួកគេ ឈានដល់កម្រិតថ្មីមួយ ដោយនិយាយថា ការរស់រានមានជីវិត គឺជាអាទិភាពកំពូលរបស់ក្រុមហ៊ុន ។ លោក Eric Xu បានព្រមានថា អ្នកចាត់ការទូទៅដែលមិនយកចិត្តទុកដាក់លើសហគ្រាសរបស់ពួកគេ នឹងត្រូវបានដកចេញឆាប់រហ័សជាងកាលពីលើកមុន ៕