ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនចោរឆក់ទូរស័ព្ទ២នាក់ ទាំងព្រឹកនៅខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿងពីនារីម្នាក់ ដែលជាកម្មការិនីរោងចក្របានសម្រេច ហើយព្យាយាមជិះរត់គេចខ្លួនតែត្រូវជនរងគ្រោះជិះម៉ូតូដេញតាមពីក្រោយ និងស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋដែលធ្វើដំណើរក្បែរនោះជួយធ្វើអន្តរគមន៍ចាប់ក្របួចជាប់តែម្តង ។

ករណីឃាត់ខ្លួនចោរឆក់ទូរស័ព្ទខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៦ និង ៣៥នាទីព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១០២៩ ស្ថិតតាមបណ្ដោយផ្លូវវ៉េងស្រេង ស្ថិតភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យោងតាមរបាយការណ៍របស់នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ បានឲ្យដឹងថា ជនសង្ស័យ២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួន ទី១/ឈ្មោះ នេន សុខជា អាយុ ២២ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ និងទី២/ឈ្មោះ ឃឹម រដ្ឋា អាយុ ១៧ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិគ្រួស សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកជនរងគ្រោះឈ្មោះ ហឿន ហ៊ន់ អាយុ ២១ ឆ្នាំ មុខរបរកម្មការិនីរោងចក្រ រស់នៅភូមិភូមិពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

វត្ថុតាងដកហូតបាន៖ ទូរស័ព្ទដៃម៉ាក oppo មួយគ្រឿង របស់នារីរងគ្រោះ និងម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៩ ជារបស់ជនសង្ស័យ ។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ីយគី និច ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 1N-0702 ចេញពីផ្ទះជួលគោលបំណងទៅធ្វើការនៅរោងចក្រ តាមផ្លូវវ៉េងស្រេង ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចខាងលើ ។ ស្រាប់តែមានជនសង្ស័យ ២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1G-4458 តាមពីក្រោយហើយជិះមកជិតជនរងគ្រោះ ភ្លាមនោះឈ្មោះ នេន សុខជា អង្គុយនៅខាងក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃដែលនារីរងគ្រោះដាក់នៅក្នុងឃ្លុបម៉ូតូខាងមុខបានសម្រេចតែម្តង ។ បន្ទាប់ពីធ្វើសកម្មភាពហើយពួកគេព្យាយាមជិះរត់គេច តែត្រូវជនរងគ្រោះបានដេញតាមពីក្រោយ និងស្រែកថាចោរៗ បង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរតាមផ្លូវ ជួយដេញតាមចាប់បានប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ សាកសួរតាមនីតិវិធី ។

ក្រោយឃាត់ខ្លួនជនសង្ស័យសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះប្រាកដមែន ព្រោះត្រូវការលុយទិញសារធាតុញៀនសេព ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖