ខេត្តកណ្ដាល៖ ជនសង្ស័យប្រុសស្រី២នាក់ ជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម ត្រូវបាននគរបាលស្រុកស្អាងចាប់ខ្លួន រួមជាមួយនឹងថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកចំនួន៣២កញ្ចប់ ។ ប្រតិបត្ដិការនេះ ធ្វើឡើងកាលពីវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិគោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមានគ្នា២នាក់ ទី១/ ឈ្មោះ យ៉ យ៉ាំងហៀវ ហៅ វ៉ែនតា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិវៀតណាម មុខរបរ លក់អេតចាយ ទី២/ឈ្មោះ ម៉ៅ ជឹម ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់អេតចាយ ។ ជនសង្ស័យទាំង២នាក់ត្រូវជាប្ដីប្រពន្ធនឹងគ្នា មានទីលំនៅភូមិគោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកវត្ថុតាងដកហូតបានមាន៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន៣២កញ្ចប់តូច និងប្រអប់វ៉ែនតា ពណ៌ខ្មៅចំនួន១ ។
ប្រភពដដែលបន្ដថា ជនសង្ស័យទាំង២នាក់ខាងលើនេះ គឺជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្រ្ដឃុំស្អាងភ្នំ ដែលសមត្ថកិច្ចតាមដាន និងកំណត់ជាយូរមកហើយ តែពុំមានវត្ថុតាងដើម្បីដាក់បន្ទុកចាប់ខ្លួនបានទេ លុះមកដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចស្រុកស្អាងបានទទួលព័ត៌មានថា ជនសង្ស័យទាំង២នាក់កំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀន ភ្លាមនោះក៏សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលស្អាងភ្នំ និងប៉ុស្ដិ៍រដ្ឋបាលក្រាំងយ៉ូវ ចុះដល់ចំណុចកើតហេតុឆែកឆេរជនសង្ស័យបានរកឃើញថ្នាំញៀនចំនួន៣២កញ្ចប់ ឈានដល់ឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យឈ្មោះ យ៉ យ៉ាំហៀវ បានសារភាពថា ខ្លួនបានទិញគ្រឿងញៀន(ម៉ាទឹកកក)ចំនួន១កញ្ចប់ធំ តម្លៃ ២៨០,០០០រៀលពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅចំណុចវាលខ្សាច់ សង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ ដើម្បី រំលែក វេចខ្ចប់លក់បន្ដក្នុង១កញ្ចប់តូច តម្លៃ ២០,០០០រៀល ៕ ស្អាងជ័យ