ព័ត៌មានទាន់ហេតុការណ៍៖

ឆ្នាំ​២០២០ ពិភពលោក​នឹងប្រឈមបញ្ហាធំៗអ្វីខ្លះ ​ដែលត្រូវដោះស្រាយ?

ចែករំលែក៖

ឆ្នាំ​២០១៩ បានកន្លងផុតទៅហើយ ដោយបន្សល់បញ្ហាមួយចំនួន មិនទាន់អាចដោះស្រាយ ហើយនឹងបន្តដោះស្រាយ ជាច្រើនឆ្នាំខាងមុខ ទៀត។ ឆ្នាំ​២០២០ ជាពេលវេលាដ៏សំខាន់បំផុត សម្រាប់ពិភពលោក ដោះស្រាយបញ្ហាធំៗជាច្រើន ក្នុងនោះមានចំណុចសំខាន់បំផុតចំនួន​៣ ជះឥទ្ធិពលដ៏អាក្រក់ដល់មនុស្សជាតិ​ បើមិនមានដំណោះស្រាយទាន់ពេលនោះទេ។ បញ្ហាប្រឈមមុខទាំង​៣នោះ មាន​​ការរីកសាយភាយអាវុធបរមាណូ​​ បម្រែបម្រួលអាកាសធាតុ​ និងការកសាងទំនុកចិត្តឡើងវិញ នៅក្នុងអង្គការសហប្រជាជាតិ។

ទស្សនាវដ្តី World Politics Review បានផ្សព្វផ្សាយនូវអត្ថបទវិភាគមួយ​ ដោយបានព្យាករថា ​ឆ្នាំ​២០២០ គឺជាពេលវេលាដែលពិភពលោក​ត្រូវសម្រេចថា តើពិភពលោកមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការទប់ស្កាតការរីកសាយភាយអាវុធបរមាណូ​​ ដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ​​ និងធ្វើឲ្យអង្គការសហប្រជាជាតិ​មានទំនុកចិត្តឡើងវិញដែរឬទេ?

បច្ចុប្បន្ន មនុស្សជាតិ​កំពុងប្រឈម​នឹងសង្គ្រាមបរមាណូ​ជាទ្រង់ទ្រាយធំ ដោយសារប្រទេសជាច្រើន​ បាននិងកំពុងខិតខំ​ផលិត​មីស៊ីលឆ្លងទ្វីប​ល្បឿនលឿន​ ដែលអាចបំពាក់ក្បាលគ្រាប់បរមាណូ វាយប្រហារគ្រប់ទិសទី នៅជុំវិញពិភពលោក​។ ​រីឯ​សន្ធិសញ្ញាមិនរីកសាយភាយអាវុធបរមាណូ​ NPT ​គឺជាកត្ដាដ៏​សំខាន់ ​ក្នុងការដោះស្រាយបញ្ហាខាងលើ​។

បើទោះជារយៈពេល​៥០ឆ្នាំកន្លងមកនេះ ចាប់តាំងពី​ NPT​ បានចូលជាធរមាន ​តែការខិតខំរារាំងការផលិតអាវុធបរមាណូ​​ នៅតែមិនមានប្រសិទ្ធភាព ដោយសារប្រទេសមួយចំនួន នៅតែបន្តផលិតអាវុធទាំអនេះ ប្រកបដោយជោគជ័យ ក្នុងនោះ​មានកូរ៉េខាងជើង ជាដើម។ ជាមួយគ្នានេះដែរ​ អាមេរិក​បានដកខ្លួនចេញពីសន្ធិសញ្ញា​អាវុធបរមាណូរយៈចម្ងាយធម្យម INF ​ និងដកខ្លួនចេញពីកិច្ចព្រមព្រៀងបរមាណូជាមួយអ៊ីរ៉ង់ ហើយនេះជាសញ្ញាដ៏អាក្រក់ដល់ពិភពលោក​ផងដែរ។ សង្គ្រាមបរមាណូ អាចនឹងកើតឡើង គ្រប់ពេលវេលា​​ ព្រោះប្រទេសមហាអំណាច​ ចង់បានផលប្រយោជន៍រៀងៗខ្លួន។

បញ្ហាប្រឈមមុខទីពីរ គឺ ស្រទាប់អូហ្សូន​​ការពារកម្តៅផែនដី​​​ គឺជាប្រធានបទដ៏សំខាន់​ ​រាល់កិច្ចកិច្ចប្រជុំស្តីពី​ការបម្រែបម្រួលអាកាសធាតុ​។ គ្រោះធម្មជាតិ តែងតែកើតឡើង នៅលើភពផែនដី កាន់តែច្រើន​ ហើយមានគ្រោះថ្នាក់សម្លាប់មនុស្ស មិនចាញ់សង្គ្រាមបរមាណូនោះឡើយ។ បើមិនមានវិធានការទប់ស្កាត់បម្រែបម្រួលអាកាសធាតុ ចាប់ពីពេលនេះទៅនោះទេ ពិភពលោកអាចនឹងត្រូវវិនាសកម្ម ដោយសារកម្តៅផែនដីកើនឡើង​រហូត​ បង្កឲ្យមានគ្រោះទឹកជំនន់ ខ្យល់ព្យុះ​រញ្ជួយដីជាញឹក​ញាប់។

នៅក្នុងឆ្នាំ​២០២០នេះដែរ ស្ថាប័នកំពូល​របស់ពិភពលោក គឺអង្គការសហប្រជាជាតិ មានអាយុកាលឈានចូល៧៥ឆ្នាំហើយ​​ ប៉ុន្តែ​ទំនុកចិត្តទៅលើអង្គការសហប្រជាជាតិ កាន់តែបាត់បង់ ធ្វើឲ្យស្ថាប័នកំពូលមួយនេះ មិនមាន​ឥទ្ធិពលគ្រប់គ្រាន់​ ក្នុងការទប់ស្កាត់បញ្ហាធំៗ ដែលអាចកើតមានឡើងនៅលើពិភពលោក​​។

ជាមួយគ្នានេះ មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន មុននេះបានសន្យាថា នឹងផ្តល់អំណោយណូអែលដល់សហរដ្ឋអាមេរិក លើកលែងតែរដ្ឋបាលលោក ដូណាល់ ត្រាំ ផ្លាស់ប្តូរគោលជំហររបស់ខ្លួនស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ ។ នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២០ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA,លោក គីម ជុងអ៊ុន បានព្រមានពីសកម្មភាពគួរឱ្យភ្ញាក់ផ្អើលដោយប្តេជ្ញាថា ពិភពលោកនឹងឃើញ “អាវុធយុទ្ធសាស្ត្រថ្មី” ឆាប់ៗនេះ ។

សេចក្តីថ្លែងការណ៍ផ្លូវការលើកដំបូងនៅថ្ងៃទីមួយឆ្នាំ២០២០ លោកគីម ជុងអ៊ុន បានចោទប្រកាន់រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថា បានខ្ជះខ្ជាយពេលវេលាដោយចេតនា ហើយថា ការពន្យារពេលនៃការជាប់គាំង នៅក្នុងកិច្ចពិភាក្សានុយក្លេអ៊ែរនេះ នឹងមិនផ្តល់ផលប្រយោជន៍អ្វីដល់សហរដ្ឋអាមេរិកនោះឡើយ ។ មេដឹកនាំ កូរ៉េខាងជើង ក៏បានសន្យាផងដែរថា ទីក្រុងព្យុងយ៉ាងនឹងមិនផ្លាស់ប្តូរសន្តិសុខជាតិឡើយ ដោយសង្កត់ធ្ងន់ថា កូរ៉េខាងជើងនឹងលែងជាប់ជំពាក់ជាមួយបទឈប់បាញ់សាកល្បង​ប្រព័ន្ធមីស៊ីល ICBM (មីស៊ីលឆ្លងទ្វីប) ដែលមានលក្ខណៈជាយូរមកនោះទៀតហើយ ដរាបណាទីក្រុងវ៉ាស៊ីនតោន បន្តធ្វើសមយុទ្ធយោធានៅក្នុង ឬនៅជុំវិញឧបទ្វីបកូរ៉េ ។

កាសែត ​​KCNA បានផ្សាយថា លោក គីម ជុងអ៊ុន បានថ្លែងថា ទីក្រុងព្យុងយ៉ាងគួរតែជំរុញឱ្យកាន់តែសកម្មថែមទៀតនូវគម្រោងដើម្បីអភិវឌ្ឍអាវុធយុទ្ធសាស្ត្រ ។ លោកបានបញ្ជាក់ថា ពិភពលោកនឹងបានឃើញ នូវអាវុធយុទ្ធសាស្ត្រថ្មីមួយ ដែលនឹងត្រូវបានគ្រប់គ្រងដោយកូរ៉េខាងជើង នាពេលខាងមុខនេះ ។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើងដដែលនេះ បានដកស្រង់សម្តី លោក គីម ជុងអ៊ុន បានលើកឡើងទៀតថា កូរ៉េខាងជើងមិនអាចបោះបង់នូវសន្តិសុខអនាគតរបស់ខ្លួនបានទេ​ ដើម្បីលទ្ធផលសេដ្ឋកិច្ច និងសុភមង្គល និងភាពសុខស្រួល នៅក្នុងភាពជាក់ស្តែងឥឡូវនេះ ខណៈដែលសកម្មភាពអរិភាព និងការគំរាមកំហែងនុយក្លេអ៊ែរប្រឆាំងនឹងកូរ៉េខាងជើងកំពុងតែកើនឡើង ។

លោក គីម​ ជុងអ៊ុន បាននិយាយថា វិសាលភាព និងជម្រៅនៃការទប់ស្កាត់នុយក្លេអ៊ែរ គឺអាស្រ័យលើឥរិយាបថនាពេលអនាគតរបស់សហរដ្ឋអាមេរិកចំពោះបញ្ហាទាំងនេះ ។

សារព័ត៌មានKCNA បាននិយាយថា កាលពីដើមសប្តាហ៍នេះ លោកគីម ជុងអ៊ុន បានអនុញ្ញាតដាក់បទបញ្ជាអនុវត្ត “វិធានការស្ថាបនា និងការវាយលុកដើម្បីធានាអធិបតេយ្យភាព និងសន្តិសុខពេញលេញ” របស់ជាតិ ។

ចាប់តាំងពីឆ្នាំ ២០១៨ មកកូរ៉េខាងជើង និងអាមេរិក បានធ្វើកិច្ចប្រជុំកំពូលទ្វេភាគី ដែលក្នុងនោះ ភាគីទាំងពីរខិតខំធ្វើឱ្យទំនាក់ទំនងមានលក្ខណៈធម្មតា និងជំរុញឱ្យមានការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ។

ទោះយ៉ាងណា ការចរចាត្រូវបានបញ្ឈប់ភ្លាមៗ បន្ទាប់ពីរដ្ឋបាលលោកដូណាល់ ត្រាំ បានទាមទារឱ្យមានជំហ៊ានម៉ឺងម៉ាត់បន្ថែមទៀតពីកូរ៉េខាងជើង ស្របពេលដែលទីក្រុងព្យុងយ៉ាងបានរិះគន់ទីក្រុងវ៉ាស៊ីនតោនចំពោះការមិនទទួលយកនូវ អ្វីដែលកាលពីអតីតបានអះអាងថា ​ជាកាយវិការសុច្ឆន្ទៈ ។

ក្នុងអំឡុងពេល​ប៉ុន្មានខែថ្មីៗកន្លងទៅនេះ, កូរ៉េខាងជើង​បានរំលឹកជាប្រចាំ​​ដល់អាមេរិក​​​អំពីកាលបរិច្ឆេទ​ផុតកំណត់​នៅដំណាច់ឆ្នាំ ដែលទីក្រុងព្យុងយ៉ាង​បានស្នើឲ្យ​ទីក្រុងវ៉ាស៊ីនតោន​ផ្តល់សម្បទាននៅក្នុងកិច្ច​ចរចាស្តីពីការរំសាយ​អាវុធ​​កំពុងកើតមាន​។​ ទីក្រុងព្យុងយ៉ាងបានគំរាមកំហែង ផ្លាស់ប្តូរទិសដៅរបស់ខ្លួន លើដំណើរការរំសាយអាវុធនុយក្លេអ៊ែរ លើកលែងតែរដ្ឋបាលលោកដូណាល់ ត្រាំ ផ្តល់លក្ខខណ្ឌដែលថ្នាក់ដឹកនាំកូរ៉េខាងជើងអាចទទួលយកបាន ៕


ចែករំលែក៖