ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខឥណ្ឌារងការចោទប្រកាន់ ថាមានចេតនាសងសឹកលើក្រុមអ៊ីស្លាម

ចែករំលែក៖

ក្រុមអ៊ីស្លាមរស់នៅក្នុងប្រទេសឥណ្ឌាគឺជាបញ្ហាប្រឈមមុខជាមួយរដ្ឋាភិបាល​ឥណ្ឌា កាន់សាសនាហិណ្ឌូ ។ ក្រុមអ៊ីស្លាមនៅឥណ្ឌា ភាគច្រើនរស់នៅតាមបណ្តោយព្រំដែន ជាប់ប៉ាគីស្ថាន ដែលកាន់សាសនាអ៊ីស្លាមដូចគ្នា​។

ពេលថ្មីៗនេះ​ លោក Haji Hamid Ali បានថ្លែងថា ការធ្វើសកម្មភាពរបស់ប៉ូលិស នៅក្នុងទីក្រុង Muzaffarnagar រដ្ឋ Uttar Pradesh នាភាគជើងប្រទេសឥណ្ឌា ដែលភាគច្រើន ជាអ្នកកាន់សាសនាអ៊ីស្លាម គឺជាការសងសឹក។ រីឯកូនប្រុសរបស់គាត់ ក៏ត្រូវបានចាប់ខ្លួន ជុំវិញការធ្វើបាតុកម្មប្រឆាំងនឹងច្បាប់សញ្ជាតិថ្មីរបស់ឥណ្ឌានេះ។

លោក Haji Hamid Ali បានបន្ដថា ច្បាប់សញ្ជាតិថ្មីរបស់ឥណ្ឌានេះ បានផ្ដល់ឲ្យតែជនអន្ដោប្រវេសន៍ មកពីប្រទេសជិតខាង ដែលមិនមែនកាន់សាសនាអ៊ីស្លាម។ប៉ុន្ដែដោយសារតែបញ្ហានេះ ទើបប្រជាពលរដ្ឋកាន់សាសនាមូស្លីមរាប់ម៉ឺននាក់ បានចេញមកតាមដងផ្លូវ នាំគ្នាធ្វើបាតុកម្មប្រឆាំង។

បើយោងតាមរបាយការណ៍របស់រដ្ឋាភិបាលឥណ្ឌា បានឲ្យដឹងថា នៅក្នុងរដ្ឋ Uttar Pradesh នេះ មានប្រជាពលរដ្ឋរស់នៅប្រហែល២០០លាននាក់។ នៅក្នុងចំណោមប្រជាពលរដ្ឋទាំងនោះ មាន២០ភាគរយ ជាអ្នកកាន់សាសនាមូស្លីម។

បណ្ដាញផ្សព្វផ្សាយឥណ្ឌា បានឲ្យដឹងថា ការធ្វើបាតុកម្មប្រឆាំងនឹងច្បាប់សញ្ជាតិរបស់ឥណ្ឌា នៅក្នុងរដ្ឋ Uttar Pradesh នេះ បានប៉ះទង្គិចគ្នាជាមួយនឹងប៉ូលិសយ៉ាងខ្លាំង។ នៅក្នុងហេតុការណ៍នោះ បានបណ្ដាលឲ្យក្រុមអ្នកតវ៉ាយ៉ាងតិច១៩នាក់ស្លាប់ និងមនុស្សរាប់សិបនាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន។ ក្រៅពីអ្នកកាន់សាសនាមូស្លីមនោះ ក៏មានអ្នកនយោបាយ តារាភាពយន្ដល្បីៗ និងប្រជាពលរដ្ឋឥណ្ឌា ក៏បានធ្វើបាតុកម្មប្រឆាំងផងដែរ។

ក្រុមអ្នកកាន់សាសនាមូស្លីម បានឲ្យដឹងថា​ ការបង្កើតច្បាប់សញ្ជាតិថ្មីរបស់ឥណ្ឌា ហាក់បីដូចជាការបំផ្លាញនូវលំនៅឋានរបស់ពួកគេ។ ប៉ុន្ដែការលើកឡើងពីការព្រួយបារម្ភរបស់អ្នកកាន់សាសនាមូស្លីម ត្រូវបាននាយករដ្ឋមន្រ្ដឥណ្ឌាច្រានចោលទៅវិញ៕


ចែករំលែក៖