ព័ត៌មានទាន់ហេតុការណ៍៖

លួចកាច់ក.ម៉ូតូបានសម្រេច បញ្ឆះជិះប្រុងគេចខ្លួន តែអកុសលត្រូវពលរដ្ឋចាប់ជាប់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ បានធ្វើសកម្មភាពលួចកាច់សោក.ម៉ូតូមួយគ្រឿង តែត្រូវប្រជាពលរដ្ឋនាំគ្នាព័ទ្ធចាប់បានរួចប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង ១១ និង២០នាទីយប់ ថ្ងៃទី២ ខែមករា ឆ្នាំ២០២០ នៅលើផ្លូវបេតុង ត្រង់ចំណុចសាលាពញ្ញាក្រែក ស្ថិតសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ លី ពិសិដ្ឋ ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួល ភូមិដើមចាន់ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ។ វត្ថុតាងដកហូតបាន៖ ទូរសព័្ទអិនចុចពិល ០១គ្រឿង ; និង ដង្កាប់ ចំនួន១ ។

តាមប្រភពព័ត៍មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ សុខ ទី អាយុ ២៧ ឆ្នាំ មុខរបរជាងកាត់សក់ មានទីលំនៅផ្ទះជួលក្រុម១៤ ផ្លូវលំ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ បានជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយហ្ស៊ីយគីនិច ពណ៌ស ពាក់សា្លកលេខ ភ្នំពេញ 1BM-8217 មកលេងផ្ទះបងប្អូន ហើយបានយកទុកក្រោមផ្ទះដោយចាក់សោយ៉ាងត្រឹមត្រូវ ខណៈដល់វេលាម៉ោងកើតហេតុខាងលើ ក៏មានជនសង្ស័យឈ្មោះ លី ពិសិដ្ឋ ធ្វើសកម្មភាពកាច់សោក.ម៉ូតូ បានហើយក៏បើកចេញទៅ ប៉ុន្តែនៅជាប់សោច្រវ៉ាក់ និងកាំម៉ូតូមួយជាន់ទៀត បង្កជាសម្លេងភ្ញាក់ផ្អើលដល់ពលរដ្ឋដែលនៅក្បែរ នាំគ្នាជួយដេញចាប់បានរួចប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។

ក្រោយកើតហេតុ ជនសង្ស័យត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់ប៉ុស្តិ៍ទួលសង្កែទី១សាកសួរ កសាងសំណុំរឿង ដើម្បីស្រាវជ្រាវយកបក្ខពួកចាត់ការតាមនីតិវិធី ៕អារុណរះ

 


ចែករំលែក៖