ក្រោយការវាយប្រហារសម្លាប់ មេទ័ពអ៊ីរ៉ង់ នៅលើទឹកដីអ៊ីរ៉ាក់, អ៊ីរ៉ង់ក៏បានប្រកាសសងសឹកអាមេរិកវិញ ។ សកម្មភាពទាំងនេះ បានធ្វើឲ្យមេដឹកនាំបណ្តាប្រទេស នៅក្នុងតំបន់អឺរ៉ុប បង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំងអំពីការផ្ទុះសង្គ្រាមទ្រង់ទ្រាយធំកើតឡើង នៅតំបន់មជ្ឈិបូព៌ា រវាងអាមេរិក នឹង អ៊ីរ៉ង់ ដោយបានអំពាវនាវឲ្យភាគីទាំងពីររក្សាការអត់ធ្មត់។
កាលពីរសៀល ថ្ងៃទី៣ ខែធ្នូ ប្រធានាធិបតីបារំាង លោក ម៉ាក្រុង បានជួបពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ស្តីអំពីស្ថានការណ៍ នៅក្នុងតំបន់។ បារាំង និងរុស្ស៊ី បានបញ្ជាក់ថា សកម្មភាពរបស់អាមេរិក អាចនឹងធ្វើឲ្យស្ថានការណ៍ នៅក្នុងតំបន់ កាន់តែតានតឹងឡើង រហូតឈានដល់ការផ្ទុះសង្គ្រាមទ្រង់ទ្រាយធំ។ ជាមួយគ្នាដែរ មេដឹកនាំទាំង២ ក៏បានអំពាវនាវឲ្យភាគីអ៊ីរ៉ង់ រក្សាការអត់ធ្មត់ កុំបញ្ចេញសកម្មភាពវាយបកសងសឹកទៅលើអាមេរិក ព្រោះវាអាចធ្វើឲ្យសង្គ្រាមផ្ទុះឡើង។
ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការបរទេសបារាំង Jean-Yves Le Drian បានជួបពិភាក្សាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក ដោយស្នើដល់អាមេរិក បញ្ចៀសសកម្មភាព បង្កឲ្យមានសង្គ្រាម។ ចំណែកភាគីអ៊ីរ៉ាក់វិញ បានខឹងសម្បានឹងអាមេរិកយ៉ាងខ្លាំង ព្រោះតែការវាយប្រហារនេះ បានសម្លាប់មេទ័ពអ៊ីរ៉ង់ នៅលើទឹកដីរបស់ខ្លួន។ រដ្ឋាភិបាលអ៊ីរ៉ាក់ បានព្រមានថា ខ្លួននឹងបញ្ចប់កិច្ចសហការសន្តិសុខជាមួយអាមេរិក ប្រសិនបើអាមេរិកនៅតែមានសកម្មភាព វាយប្រហារបែបនេះបន្ដទៀត។
ក្រៅពីនេះ អាល្លឺម៉ង់ អង់គ្លេស…និងបណ្ដាប្រទេសជាច្រើនទៀត ក៏បានអំពាវនាវដល់អាមេរិក ត្រូវតែរក្សាការអត់ធ្មត់ បញ្ចៀសសង្គ្រាម កុំឲ្យកើតឡើងជាទ្រង់ទ្រាយធំ នៅក្នុងតំបន់ ព្រោះវាអាចរាលដាល បង្កឲ្យមានវិបត្តិជនភៀសខ្លួន កាន់តែច្រើនឡើង ។
ភាគីអាមេរិក បានបញ្ជាក់ថា ការវាយប្រហារតាមដែនអាកាសសម្លាប់មេទ័ពអ៊ីរ៉ង់ នេះ គឺដើម្បីទប់ស្កាត់សង្គ្រាមកើតឡើង នាពេលអនាគត។ មេទ័ពអ៊ីរ៉ង់គួរតែត្រូវបានសម្លាប់ជាយូរណាស់មកហើយ មិនមែនទើបតែត្រូវបានសម្លាប់ពេលនេះទេ។
សារព័ត៌មាន BBC News បានផ្សាយថា ការវាយប្រហារតាមដែនអាកាស បានសម្លាប់មេទ័ពអ៊ីរ៉ង់ និង មន្ត្រីជំនិត៩នាក់ផ្សេងទៀត បានបង្ហាញយ៉ាងច្បាស់ថា ក្រុមចារកិច្ចអាមេរិក ពិតជាបានតាមដានរាល់សកម្មភាពរបស់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ។
អ្នកឯទេសវិភាគ លោក Jonathan Marcus បានបញ្ជក់ថា អ៊ីរ៉ង់មិនអាចរក្សាការអត់ធ្មត់ ហើយមិនវាយបកអាមេរិកនោះឡើយ តែការវាយបករបស់អ៊ីរ៉ង់ មិនមែនជាពេលនេះ។ កម្លាំងទាហានអាមេរិក៥ពាន់នាក់ នៅលើទឹកដីអ៊ីរ៉ាក់ គឺជាគោលដៅវាយប្រហាររបស់កម្លាំងទាហានអ៊ីរ៉ង់។ ក្រៅពីនេះ នៅមានទីតាំងជាច្រើនទៀត នឹងត្រូវអ៊ីរ៉ង់ ឬក្រុមជិតស្និទ្ធអ៊ីរ៉ង់វាយប្រហារជាមិនខាន ។
ការតែងតាំងឧត្តមសេនីយ៍ត្រី Esmail Qaani អាយុ៦៣ឆ្នាំ ជំនួសតំណែងលោក Soleimani ភ្លាមៗ គឺជាការត្រៀមលក្ខណៈវាយបកទៅលើអាមេរិក។ លោក Esmail Qaani ជាមេទ័ពដែលបានថ្កោលទោសអាមេរិក ហើយបានចោទប្រកាន់អាមេរិក ដោយផ្ទាល់ថា ជាអ្នកបង្កើតឲ្យមានព្រឹត្តិការណ៍វាយប្រហារ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ដើម្បីបង្កសង្គ្រាម នៅក្នុងតំបន់មជ្ឈិមបូព៌ា។
នៅពេលនេះ បណ្តារដ្ឋអាមេរិក នឹងទីក្រុង ទាំងអស់បានបង្កើនសន្តិសុខការពារ ទប់ស្កាត់ការវាយប្រហារភេរវកម្ម ទៅលើពលរដ្ឋអាមេរិកជាការសងសឹកដល់ការស្លាប់របស់មេទ័ពអ៊ីរ៉ង់។ ពលរដ្ឋអ៊ីរ៉ង់នៅគ្រប់ទិសទី បាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងអាមេរិក ធ្វើឲ្យស្ថានការណ៍កាន់តែតានតឹង។
ក្រុមអ្នកឯកទេសវិភាគ បានលើកឡើងថា ប្រសិនបើប្រទេសទាំងពីរ មិនរក្សាការអត់ធ្មត់ឲ្យបានល្អទេនោះ សង្គ្រាមទ្រង់ទ្រាយធំនឹងកើតឡើងជាមិនខាន អាចក្លាយទៅជាសង្គ្រាមលោកលើកទីបី ។ កន្លងមក អ្នកជំនាញបានលើកឡើងថា សង្គ្រាមលោក អាចកើតចេញពីតំបន់ មជ្ឈិមបូព៌ា រវាងអាមេរិក និងអ៊ីរ៉ង់ ឬសង្គ្រាមជាមួយកូរ៉េខាងជើង។ នៅពេលនេះសង្គ្រាមកំពុងតែកកើតជារូបរាងហើយ ក្រោយអាមេរិកសម្លាប់មេទ័ពអ៊ីរ៉ង់។ ប្រទេសអ៊ីស្លាមមួយនេះ នឹងមិនទុកឲ្យអាមេរិកបានសុខនោះឡើយ។
ក្រោយសម្លាប់មេទ័ពកំពូលរបស់អ៊ីរ៉ង់រួច អាមេរិកបានបញ្ជូនកងទ័ពជាង៣៥០០នាក់បន្ថែមទៀត ទៅកាន់តំបន់មជ្ឈិមបូព៌ា និងបញ្ជាឲ្យប្រជាពលរដ្ឋរបស់ខ្លួន នៅក្នុងប្រទេសអ៊ីរ៉ាក់ ត្រូវចាកចេញជាបន្ទាន់ ហើយពលរដ្ឋអាមេរិកាំង នៅជិតប្រទេសនេះ ក៏ត្រូវមានការប្រយុងប្រយ័ត្នខ្ពស់។
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានចាត់ទុកមេទ័ពកំពូលរបស់អ៊ីរ៉ង់ Qasem Soleimani ជាអ្នកគាំទ្រអំពើភេរវកម្ម។ មេទ័ពអ៊ីរ៉ង់រូបនេះ ក៏ជាអ្នករៀបចំគម្រោងវាយប្រហារទៅលើអាមេរិកផងដែរ។ ដូច្នេះការសម្លាប់មេទ័ពកំពូលអ៊ីរ៉ង់ខាងលើ និងមនុស្សជំនិតរបស់គាត់ចំនួន៩នាក់ផ្សេងទៀត គឺជាការបញ្ចប់អំពើភេរវកម្ម វាយប្រហារមកលើអាមេរិក។
លោកប្រធានាធិបតីអាមេររិក បានបញ្ជាក់ថា ការវាយប្រហារតាមអាកាស កំណត់គោលដៅសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ឈ្មោះ Qassem Suleimani នៅក្នុងទីក្រុងបាដាដ ប្រទេសអ៊ីរ៉ាក់នេះ គឺទីក្រុងវ៉ាស៊ីនតោន ចង់បញ្ចប់មហិច្ឆតាសង្រ្គាមរបស់ មេទ័ពអ៊ីរ៉ង់។
លោកប្រធានាធិបតីអាមេរិក បាននិយាយ នៅក្នុងសេចក្ដីថ្លែងការណ៍ នៅឯរដ្ឋផ្លរីដា ថា មេដឹកនាំកម្លាំងឆ្មាំបដិវត្ដអ៊ិស្លាម រូបនេះ មិនមែនជាមនុស្សមានតម្លៃ សម្រាប់ធ្វើឲ្យពលរដ្ឋស្លូតត្រង់ស្លាប់ ដើម្បីបំពេញមហិច្ឆតារបស់គាត់ឡើង។
មន្រ្ដីអ៊ីរ៉ាក់ បានថ្លែងថា លោក Suleimani មេបញ្ជាការកងកម្លាំង Quds របស់ឆ្មាំបដិវត្តន៍អ៊ិស្លាម និងលោក Abu Mahdi Al Muhandis មេបញ្ជាការរង នៃកងជីវពលអ៊ីរ៉ាក់ គាំទ្រដោយអ៊ីរ៉ង់ ដែលគេស្លាល់ថា កងកម្លាំងចល័តប្រជាប្រិយ (PMF) ស្ថិតក្នុងចំណោមមនុស្សជាង១០នាក់ ត្រូវបានសម្លាប់ នៅជិតអាកាសយានដ្ឋានអន្ដរជាតិទីក្រុងបាដាដ កាលពីថ្ងៃទី៣ ខែមករា ៕