អ្នកឯកទេសវិភាគ អាមេរិក លោកស្រី Barbara Slavin បានបញ្ជាក់ថា មានតែប្រធានាធិបតីរុស្ស៊ី លោក ពូទីន តែប៉ុណ្ណោះទើបអាចទប់ស្កាត់ សង្គ្រាម ទ្រង់ទ្រាយធំរវាង អាមេរិកនិងអ៊ីរ៉ង់។
តាមការលើកឡើងរបស់លោកស្រី Barbara Slavin ការវាយប្រហារ សម្លាប់មេទ័ពអ៊ីរ៉ង់ គឺមិនអាចធ្វើឲ្យអ៊ីរ៉ង់បាត់បង់ឥទ្ធិពលនៅក្នុងតំបន់ឡើយ ផ្ទុយទៅវិញធ្វើឲ្យអ៊ីរ៉ង់កាន់តែមានតួនាទីសំខាន់នៅតំបន់មជ្ឈិបូព៌ា ។ នៅពេលនេះអាមេរិក អាចត្រូវគេបង្ខំឲ្យចាកចេញពីអ៊ីរ៉ាក់ ដោយការសម្លាប់មេទ័ពអ៊ីរ៉ង់ នៅលើទឹកដីអ៊ីរ៉ាក់ ជាការបំពានកិច្ចព្រមព្រៀង របស់អាមេរិកថា វត្តមានទាហានអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ បានត្រឹមតែ ធ្វើសង្គញរាមប្រឆាំងភេរវកម្មតែប៉ុណ្ណោះ មិនប្រឆាំងប្រទេសផ្សេងនោះឡើយ។
តាមការលើកឡើងរបស់ លោកស្រី Barbara Slavin សង្គ្រាមទ្រង់ទ្រាយធំអាចកើតឡើង រវាងអាមេរិក និងអ៊ីរ៉ង់ អាស្រ័យទៅលើ ប្រតិកម្មសងសឹករបស់អ៊ីរ៉ង់ទៅលើកម្លាំងទាហានអាមេរិក ។ លោកស្រីបានលើកឡើងទៀត ថា មេដឹកនាំ តែមួយគត់នៅលើពិភពលោក ដែលអាចទប់ស្កាត់ ផ្សះផ្សា អាមេរិកអ៊ីរ៉ង់បាន មានតែប្រធានាធិបតីរុស្ស៊ី លោកពូទីនតែប៉ុណ្ណោះ។ ប៉ុន្តែរុស្ស៊ីនិងចិន កំពុងតែទទួលបានផលប្រយោជន៍ជាច្រើន ពិសកម្មភាពរបស់អាមេរិក នៅមជ្ឈិមបូព៌ាធ្វើឲ្យតួនាទីរបស់ រុស្ស៊ីនិងចិន កាន់តែមានសារសំខាន់។
លោកស្រីបានបញ្ជាក់ថា អ៊ីរ៉ង់មានដៃគូជាច្រើនអាចជួយកំណត់គោលដៅ ក្នុងការវាយប្រហារ ពិសេសគឺក្រុម Hezbollah នៅក្នុងប្រទេសលីបង់ និងក្រុមផ្សេងៗទៀតជាច្រើន នៅតំបន់ជម្ឈឹមបូព៌ា។ អ៊ីរ៉ង់អាចវាយប្រហារទៅលើទីតាំង របស់អាមេរិក ឬសម្ពន្ធមិត្តអាមេរិក គ្រប់ពេលវេលា។ នៅពេលនេះអ៊ីរង់ បានកំណត់គោលដៅអាមេរិក រាប់សិបកន្លែង ត្រៀមវាយប្រហារ ។ចំណែកអាមេរិក វិញ បានបង្ហាញពីគោលដៅ ៥២កន្លែងរបស់អ៊ីរ៉ង់ នឹងរងការវាយប្រហារប្រសិនបើអ៊ីរ៉ង់ សងសឹកអាមេរិកនោះ ។
ពាក់ព័ន្ធវត្តមានរបស់អាមេរិកនៅអ៊ីរ៉ាក់វិញ ជាក់ស្តែង កាលពីថ្ងៃទី៥ខែមករា សភាអ៊ីរ៉ាក់ បានបោះឆ្នោត អនុម័ត បណ្តេញកងទ័ពបរទេសទាំងអស់ ចេញពីដែនអធិបតេយ្យរបស់អ៊ីរ៉ាក់ ក្រោយពីសកម្មភាពរបស់អាមេរិកដ៏គឃ្លើនវាយប្រហារសម្លាប់មេបញ្ជាការកងទ័ពអ៊ីរ៉ង់មួយរូប ហើយដែលគេគិតថា បានរំលោភបំពានលើដែនអធិបតេយ្យអ៊ីរ៉ាក់យ៉ាងធ្ងន់ធ្ងរនោះ ។ លោកដូណាល់ ត្រាំ កាលពីថ្ងៃទី៦ ខែមករា បានថ្លែងថា នឹងមិនចាកចេញពីអ៊ីរ៉ាក់ជាដាក់ខាត រហូតទាល់តែរដ្ឋាភិបាលអ៊ីរ៉ាក់សងថ្លៃកសាងបន្ទាយជើងអាកាសដែលមានតម្លៃយ៉ាងច្រើននោះមកឲ្យអាមេរិកជាមុនសិន ។ លោកដូណាល់ ត្រាំ ក៏បានគំរាមដាក់ទណ្ឌកម្មអ៊ីរ៉ាក់ផងដែរ ទាក់ទងការវិវឌ្ឍន៍ចុងក្រោយនេះ ។
ក្រសួងការបរទេសអាមេរិកបានប្រកាសថា មានការខកចិត្តយ៉ាងខ្លាំងចំពោះការបោះឆ្នោតរបស់សភាអ៊ីរ៉ាក់ស្តីពីការបណ្តេញកងទ័ពបរទេសចេញពីទឹកដីឈរជើងនៅអ៊ីរ៉ាក់ និងកាត់ផ្តាច់ទំនាក់ទំនងជាមួយក្រុមចម្រុះប្រឆាំងភេរវកម្មអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិកថែមទៀតផង ខណៈភាពតានតឹងនៅក្នុងតំបន់កំពុងកើនឡើង គឺក្រោយពីការសម្លាប់មេបញ្ជាការយោធាអ៊ីរ៉ង់ម្នាក់ និងមេដឹកនាំក្រុមជីវពលអ៊ីរ៉ាក់នៅទីក្រុងបាដាដ ។
លោកស្រី Morgan Ortagus អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានថ្លែងថា «សហរដ្ឋអាមេរិកមានការខកចិត្តចំពោះសកម្មភាពដែលបានធ្វើនៅថ្ងៃនេះ ដោយក្រុមប្រឹក្សាតំណាងរាស្ត្រ ។ ខណៈយើងរង់ចាំការបញ្ជាក់បន្ថែមទៀតលក្ខណៈផ្លូវច្បាប់ និងផលប៉ះពាល់ការសម្រេចចិត្តនៅថ្ងៃនេះ, យើងសូមជំរុញយ៉ាងខ្លាំងក្លាដល់មេដឹកនាំអ៊ីរ៉ាក់ពិចារណាឡើងវិញ នូវសារសំខាន់ទំនាក់ទំនងសេដ្ឋកិច្ច និងសន្តិសុខដែលកំពុងតែកើនឡើងរវាងប្រទេសទាំងពីរ និងបន្តឲ្យមានវត្តមានសម្ពន្ធមិត្តអន្តរជាតិដើម្បីប្រយុទ្ធប្រឆាំងក្រុម ISIS»។
លោកស្រី Morgan Ortagus បានបន្តថា «យើងជឿជាក់ថា វាស្ថិតក្នុងផលប្រយោជន៍រួមរបស់សហរដ្ឋអាមេរិក និងអ៊ីរ៉ាក់ ដើម្បីបន្តប្រយុទ្ធប្រឆាំងជាមួយក្រុម ISIS ។ រដ្ឋបាលអាមេរិក នៅតែ ប្តេជ្ញាចិត្តចំពោះ ប្រទេសអ៊ីរ៉ាក់ដែលមានអធិបតេយ្យភាព មានស្ថេរភាព និងវិបុលភាព»។
ការបោះឆ្នោតរបស់សភាអ៊ីរ៉ាក់បានធ្វើឡើង បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អាមេរិកទៅលើទីក្រុងបាដាដ ដែលបានសម្លាប់លោក Qasem Soleimani មេបញ្ជាការនៃកងកម្លាំង ឃ្យូដ (Quds) នៃក្រុមឆ្មាំបដិវត្ន៍តអ៊ីស្លាមអ៊ីរ៉ង់ និងលោក Abu Mahdi Muhandis សមាជិកជាន់ខ្ពស់ នៃកងកម្លាំងចលនា SPMF (Shia Popular Mobilization Forces) ដែលគាំទ្រដោយអ៊ីរ៉ង់ កាលពីថ្ងៃសុក្រទី៣ ខែមករា ឆ្នាំ២០២០ ។
មនុស្សរាប់ម៉ឺននាក់បានធ្វើដំណើរតាមដងផ្លូវ នៅទូទាំងប្រទេសអ៊ីរ៉ាក់ និងអ៊ីរ៉ង់ នៅថ្ងៃទី៤ និងទី៥ ខែមករា ឆ្នាំ២០២០ ដើម្បីកាន់ទុក្ខចំពោះការសម្លាប់លោក Soleimani និង Muhandis ៕