ខេត្តព្រះសីហនុ៖ នគរបាលស្នងការដ្ឋានខេត្តព្រះសីហនុ នៅវេលាម៉ោង២០ និង៣០នាទីយប់ ថ្ងៃទី៦ ខែមករា ឆ្នាំ ២០២០ បានឆ្មក់ចូលបង្ក្រាបទីតាំងភ្នាល់ហ្គេមខុសច្បាប់ជាបន្ដបន្ទាប់ចំនួន០៤ទីតាំង និងឃាត់ខ្លួនមនុស្ស ៥៦នាក់ ក្នុងនោះជនជាតិចិន ៣៦នាក់ ទូបាញ់ត្រី ១៥ទូ ស្លុតម៉ាស៊ីន ៦០ទូ លុយដុល្លារ ១៨.៩៣៨$, លុយខ្មែរ ២.៨៣០.០០០( ពីរលានប្រាំបីសែនបីម៉ឺន)រៀល និង ម៉ូតូ ០៣គ្រឿង ។
លោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា តាមពេលវេលាខាងលើ ក្រោមការដឹកនាំផ្ទាល់របស់លោក និងមានការសម្របសម្រួលផ្នែកច្បាប់ពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ កម្លាំងជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយនឹងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់លេខ០៣ បានចុះបង្ក្រាបទីតាំងភ្នាល់ហ្គេមខុសច្បាប់ជាបន្ដបន្ទាប់ចំនួន០៤ទីតាំង ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
លោកបានបញ្ជាក់ឲ្យដឹងទៀតថា ទីតាំងល្បែងភ្នាល់ខុសច្បាប់ទី១យីហោ មណ្ឌលកំសាន្ដតាចុងហ័រ ស្ថិតនៅភូមិ0១ សង្កាត់លេខ0៣ អ្នកគ្រប់គ្រងទីតាំងឈ្មោះ( ណេង ឈុនពីង) អាយុ២៨ឆ្នាំ ភេទស្រី ជនជាតិចិន សមត្ថកិច្ចនគរបាលរកឃើញតុល្បែងបាញ់ត្រី ចំនួន០៦តុ ស្លុតម៉ាស៊ីន ចំនួន ៣០ទូ អ្នកលេងចំនួន ១៧នាក់ (ស្រីៈ០១) ជាជនជាតិចិន បុគ្គលិក ០៦នាក់(ស្រីៈ០៤) លុយ ១០,៨១៣$ លុយខ្មែរចំនួនពីរលានបួនម៉ឺនបីពាន់រៀល( ២,០៤៣,០០០រ )(របស់ម្ចាស់ទីតាំង) លុយ៥៩$ លុយខ្មែរ ២១៥០០រ (ជារបស់ភ្ញៀវ) ទូរស័ព្ទ ១៣គ្រឿង (ជារបស់ភ្ញៀវ) និងម៉ូតូ ០៣គ្រឿង សៀវភៅបញ្ជី ០៥ក្បាល និងឯកសារមួយចំនួន កាតបញ្ចូលប៉ុងហ្គេមមួយចំនួនធំ ។
ទីតាំងទី២ / យីហោហ្គេមកំសាន្ដតាកវិនផៃ ស្ថិតក្នុងក្រុម២ ភូមិ១ សង្កាត់លេខ៣ អ្នកគ្រប់គ្រងទីតាំងឈ្មោះ MENG YAO PENG ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចិន រកឃើញតុហ្គេមបាញ់ត្រី ០២តុ ទូហ្គេមនាគ ០៨ទូ ទូប៉ម ០៣ទូ ទូហ្គេមវ៉ៃគ្នា ០១ទូ សៀវភៅបញ្ជី ០៨ក្បាល ភ្ញៀវ ០៤នាក់ (ទូរស័ព្ទ០៥គ្រឿង) បុគ្គលិក ០២នាក់(ស្រីៈ០១) ទូរស័ព្ទ ០១គ្រឿង លុយ ១៤៧៨$ លុយ ៤០០០០រ កាក់ ៧០០កាក់ ។
ទីតាំងទី៣/ គ្មានស្លាកយីហោ ស្ថិតក្នុងក្រុម២ ភូមិ១ សង្កាត់លេខ៣ អ្នកគ្រប់គ្រងឈ្មោះ XU YI BIAO ភេទប្រុស អាយុ ២១ឆ្នាំរកឃើញមាន ទូហ្គេមត្រី ០២ទូ ទូហ្គេមសត្វចំនួន ០៨ទូ ទូហ្គេមវ៉ៃគ្នាចំនួន ០១ទូ កាក់ចំនួន៦០០កាក់ ឃាត់ខ្លួន ០១នាក់ ។
ទីតាំងទី៤ / យីហោកាស៊ីណូ ហៃទុនវ៉ាន ស្ថិតក្នុងក្រុម២ ភូមិ១ សង្កាត់៣ គ្រប់គ្រងដោយឈ្មោះ អ៊ឹង គ័ង ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ រកឃើញមានតុហ្គេមបាញ់ត្រីចំនួន០៥គ្រឿង . ម៉ាស៊ីនស្លុត១៨ទូរ.ទូរចាក់សេះ០៤ទូរ.ទូរ ចាប់តុក្កតាចំនួន០១ទូរ លុយ ៣២៦៩$ (ដកពីកាស៊ីណូ) លុយ ៣៣៧៨$(ដកពីអ្នកលេង) ទូរស័ព្ទដៃចំនួន២២គ្រឿង ឃាត់ខ្លួនថៅកែ និងបុគ្គលិក ០៤នាក់ ឃាត់ខ្លួនអ្នកលេង ២៣នាក់ ។
សរុបទាំង០៤ ទីតាំងខាងលើសមត្ថកិច្ចនគរបាលបានឃាត់ខ្លួនមនុស្ស ៥៦(ស្រី០៦នាក់) ខ្មែរ ២០នាក់(ស្រី០៥) ជនជាតិចិន ៣៦នាក់(ស្រី០១) ទូបាញ់ត្រី ១៥តុ ស្លុតម៉ាស៊ីន ៦០ទូ លុយដុល្លារ ១៨.៩៣៨$ លុយខ្មែរ ២.៨៣០.០០០៛ ម៉ូតូ ០៣គ្រឿង ទូរស័ព្ទដៃ ៣៩គ្រឿង សៀវភៅបញ្ជី ០៥ក្បាល និងឯកសារមួយចំនួន កាក់ហ្គេម ១៣០០កាក់ កាតបញ្ជូលប៉ុងលេងហ្គេម មួយចំនួនធំ ។
លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តព្រះសីហនុបានបញ្ជាក់ឲ្យដឹងទៀតថា ជនសង្ស័យខាងលើបាននាំមក កាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីសាកសួរតាមនីតិវិធី រីឯទូហ្គេមបាញ់ត្រី និងស្លុតម៉ាស៊ីន លោកព្រះរាជអាជ្ញារង បានឯកភាពឲ្យរក្សាទុកក្នុងទីតាំង ដែលបានពិនិត្យជាក់ស្ដែង ដើម្បីមានចំណាត់ការបន្ដ នៅពេលក្រោយទៀត ៕ ឆ្លាម សមុទ្រ