ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីស្អាត៩០នាក់ មានទាំង Angelina Jolie ​ប្តឹងផលិតករ ហ៊ូលីវូដ រំលោភផ្លូវភេទ

ចែករំលែក៖

នៅក្នុងសង្គមសិល្បៈ​ប្រទេសកំពុងតែអភិវឌ្ឍន៍មួយចំនួន​ តារាស្រីដែលចង់បានភាពល្បីល្បាញ​ តែងតែមានការដោះដូរដើម្បី ទទួលបាន​តំណែងដើរតួដ៏សំខាន់​​នៅក្នុងរឿង​​ ។ អ្នកខ្លះបានប្តូរទាំងខ្លួនប្រាណដើម្បី​​តែប្រាក់ និងភាពល្បីល្បាញ​ ។ ប៉ុន្តែស្ត្រីខ្លះក៏ទទួលរង គំនាប់​បៀតបៀនផ្លូវភេទ ពីផលិតករ​​ផងដែរ​ ។

មិនថាប្រទេសកំពុងអភីវឌ្ឍន៍ ពេលនេះប្រទេសអភិវឌ្ឍន៍អាមេរិក ក៏មានករណី រំលោភផ្លូវភេទ ចាប់បង្ខំតារាស្រី មានសម្រស់ស្អាតឲ្យរួមរ័ក្សជាមួយខ្លួន ។ តុលាការបុរីញូវយ៉ក នៅថ្ងៃទី៦ ខែមករា នេះ បានលើកយកសំណុំរឿងព្រហ្មទណ្ឌ រំលោភផ្លូវភេទរបស់ផលិតករដ៏ល្បីល្បាញ នាំមកកាត់ទោស ហើយប្រសិនបើតុលាការរកឃើញពីទោសកំហុសរបស់គាត់ ដូចការចោទប្រកាន់មែន គាត់អាច​ប្រឈមមុខ​នឹងការ​ជាប់គុក អស់មួយជីវិត ។

សំណុំរឿងរបស់លោក ​Harvey Weinstein មានការជាប់ពាក់ព័ន្ធនឹងបណ្ដឹងព្រហ្មទណ្ឌជាច្រើន ករណីជុំវិញការរំលោភបំពានផ្លូវភេទ ។ ការចោទប្រកាន់រំលោភផ្លូវភេទ ប្រឆាំងនឹងផលិតករ​របស់​ហូលីវូដដ៏មានឥទ្ធិពលរូបនេះ បានកើតឡើង អស់រយៈពេលជាង២ឆ្នាំកន្លងមកហើយ ។

នៅក្នុងសំណុំរឿងចោទប្រកាន់ពីបទរំលោភផ្លូវភេទ ប្រឆាំងនឹងផលិតករវ័យ៦៧ឆ្នាំរូបនេះ យ៉ាងហោចណាស់ ក៏មានស្រ្ដីចំនួនជាង៩០នាក់ ដោយរួមទាំងតារាភាពយន្ដដ៏ល្បីល្បាញរបស់អាមេរិក Angelina Jolie និងតារា Gwyneth Paltrow ផងដែរ ។ ការចោទប្រកាន់រំលោភផ្លូវភេទនេះ បានផ្ទុះឡើង ចាប់តាំងពី កាសែត The New York Times បានសរសេរបរិយាយប្រឆាំងនឹងផលិតករដ៏មានឥទ្ធិពលរបស់ Hollywood រូបនេះ កាលពីអំឡុងខែតុលា ឆ្នាំ២០១៧មក ។

ក្រៅពីតារាល្បីទាំងនោះ លោក Weinstein ក៏ត្រូវបានអតីតជំនួយការផលិតកម្ម គឺអ្នកនាង Mimi Haleyi ចោទប្រកាន់ថា ផលិតកររូបនេះ បានបង្ខំនាងឲ្យរួមភេទ តាមមាត់របស់នាង (Oral Sex) នៅក្នុងផ្ទះល្វែងរបស់គាត់ កាលពីអំឡុង ឆ្នាំ២០០៦ ។ ដោយឡែក ជនរងគ្រោះដែលចោទប្រកាន់មួយករណីនេះទៀត ដោយគ្រាន់តែសុំមិនបញ្ចេញឈ្មោះ បានអះអាងថា លោក ​Weinstein សហស្ថាបនិកភាពយន្ដ Miramax Films បានចាប់រំលោភនាង នៅក្នុងបន្ទប់សណ្ឋគារ នៅក្នុងបុរីញូយ៉ក កាលពីអំឡុង ខែមីនា ឆ្នាំ២០១៣៕


ចែករំលែក៖