ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកគោយន្តកន្ត្រៃយ៍

ចែករំលែក៖

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកគោយន្តកន្ត្រៃយ៍បណ្ដាលឲ្យបុរសម្នាក់ស្លាប់ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ០៣ និង ០៥នាទីទៀបភ្លឺ ថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ២០៥-២០៦ ក្នុងទឹសដៅស្របគ្នា(ពីត្បូងទៅជើង) ក្នុងភូមិស្ពានគ្រង ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបរ ម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ផ្លាកលេខ សៀមរាប 1M.9350 ដោយឈ្មោះ ងិន សុវណ្ណ ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរកម្មករ (ស្លាប់នៅកន្លែងកើតហេតុ) (ពាក់មួកសុវត្ថិភាព) ។

ចំណែកគោយន្ដកន្ត្រៃយ៍ និងអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (បានបើកគោយន្ដកន្ត្រៃយ៍គេចចេញពីកន្លែងកើតហេតុបាត់ស្រមោល) ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងធ្វើកំណត់ហេតុ វត្ថុតាងម៉ូតូយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោង .រីឯសពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី

 


ចែករំលែក៖