ក្នុងរយៈពេល៦ថ្ងៃកន្លងមកនៅទីក្រុងសៃហ្គន ប៉ូលិសបានពិន័យករណីបើកបរ ក្នុងស្ថានភាពស្រវឹង ជាង២០០ករណី ។ ពិតជាកោតសរសើរប៉ូលិសចរាចរណ៍វៀតណាម អនុវត្តច្បាប់ស្មើភាពគ្នា មិនថា អ្នកធំ ឬអ្នកតូចអ្វីឡើយឲ្យតែរំលោភបំពានច្បាប់ចរាចរណ៍ថ្មី បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង គឺត្រូវឃាត់ខ្លួនផាកពិន័យទាំងអស់ ។
ច្បាប់ចរាចរថ្មី ទើបចូលជាធរមានក្នុងឆ្នាំ២០២០នេះ បានដាក់ពិន័យបុរសជនជាតិកូរ៉េខាងត្បូងម្នាក់ឈ្មោះ Choi Won Ouk ដែលត្រូវប៉ូលិសរកឃើញមានផ្ទុកកម្រិតជាតិអាកុល ១.៣៣ MG/l ហើយបើកបររថយន្តនៅភាគខាងជើងខេត្ត Bac Ninh កាលពីចុងសប្តាហ៍មុន ។ ប៉ូលិសបានផាកពិន័យទឹកប្រាក់១៥០០ដុល្លារអាមេរិក ហើយដកហូតប័ណ្ណបើកបរទុករហូតដល់២៣ខែថែមទៀតផង ។
តាមការចេញផ្សាយរបស់កាសែតវៀតណាម VNEXpress កាលពីថ្ងៃទី៧ ខែមករា បានបញ្ជាក់ថា ករណីបុរស Chok Won Ouk នេះ ជាករណីមួយក្នុងចំណោមករណីជាច្រើនរាប់រយនាក់ផ្សេងទៀត ដែលនគរបាលចរាចរណ៍វៀតណាមបានផាកពិន័យ និងដកហូតប័ណ្ណបើកបរស្រដៀងគ្នាបែបនេះ ក៏ព្រោះតែពួកគេល្មើសច្បាប់ បើកបរក្រោមឥទ្ធិពលជាតិស្រវឹង ។
ក្រុមអាជីវករលក់ស្រាក្លែមសាច់ខ្លះបានរអ៊ូរទាំថា មានការធ្លាក់ចុះភ្ញៀវចូលផឹកស្រាក្លែមសាច់នៅតាមហាង ក៏ដូចនៅតាមរោងចិញ្ចើមថ្នល់ ដោយសារតែឥទ្ធិពលរបស់ច្បាប់ចរាចរណ៍ថ្មីនេះ ។ ពួកគេគិតថា មិនយូរទៀតទេ នឹងត្រូវបិទទ្វារឈប់រកស៊ីហើយ ពីព្រោះគ្មានភ្ញៀវចូលនោះឡើយ ។
ក្រសួងសុខាភិបាលវៀតណាម នៅក្នុងទិន្នន័យរបស់ខ្លួនបង្ហាញថា ក្នុងឆ្នាំ២០១៧ ប្រជាជនក្នុងប្រទេសនេះផឹកស្រាអស់៣០៥លានលីត្រ និងផឹកស្រាបៀរអស់៤.១ពាន់លានលីត្រ ក្លាយជាប្រទេសដែលប្រើប្រាស់គ្រឿងស្រវឹងលំដាប់លេខរៀងទី៣ នៅតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីជប៉ុន និងចិន ។
ទិន្នន័យរបស់មន្ត្រីបានបញ្ជាក់ថា ប្រទេសវៀតណាម គិតជាមធ្យមភាគចំណាយប្រហែល ៣.៤ពាន់លានដុល្លារទៅលើជាតិអាកុលជារៀងរាល់ឆ្នាំ ឬប្រហែល៣ភាគរយនៅតម្លៃចំណូលថវិការបស់រដ្ឋាភិបាល ។ តួលេខត្រូវបានគណនាថា ក្នុងមនុស្សម្នាក់ចំណាយ៣០០ដុល្លារទៅលើគ្រឿងស្រវឹង ខណៈចំណាយគិតជាមធ្យមភាគ ទៅលើសុខភាពមាន១១៣ដុល្លារប៉ុណ្ណោះ ។
អង្គការសុខភាពពិភពលោក WHO បានអះអាងថា ភាគច្រើនគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសនេះកើតឡើងដោយផ្សាភ្ជាបនឹងការផឹកគ្រឿងស្រវឹងហួសប្រមាណ ហើយអត្រាគ្រោះថ្នាក់នេះស្មើនឹងសម្លាប់មនុស្សម្នាក់ នៅរៀងរាល់មួយម៉ោងម្តង ៕