ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ខណៈស្រវឹងស្រា បានឡើងបើកគោយន្តចេញពីចម្ការ ទៅផ្ទះតែពេលមកកដល់ពាក់កណ្តាលផ្លូវបានរេចង្កូតធ្លាក់ផ្លូវបណ្តាលឲ្យក្រឡាប់គោយន្តសង្កត់ពីលើស្លាប់ខ្លួនឯងយ៉ាងអាណោចអាធ័ម ។
ឧបទ្ទវហេតុនេះបង្កឲ្យភ្ញាក់ផ្អើលនៅវេលាម៉ោង ៧ និង៣៥នាទីព្រឹក ថ្ងៃ ចន្ទ ១២ កើតខែ បុស្ស ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣. ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវលំព្រៃដើមអាកាស្យា ស្ថិតក្នុងភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
មន្រ្តីនគរបាល ក្រុងសិរីសផភ័ណ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វ៉ាន សាមួន ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ក្រុមគ្រួសារជនរងគ្រោះបានរាយការណ៍ប្រប់សមត្ថកិច្ចថា មុនពេលកើតហេតុគឺនៅយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ អ្នកផ្ទះមិនឃើញគាត់មកពីចម្ការ បាយពេលល្ងាចនោះទេហើយនាំគ្នានឹកគិតថា ប្រហែលគាត់ដេកនៅខ្ទមចម្ការនោះហើយ ទើបមិននាំគ្នាចាប់ងារម្ណ៍ ។ លុះព្រឹកឡើងស្រាប់តែគេប្រទះឃើញជនរងគ្រោះដេកស្លាប់ក្បែរគោយន្ត រួចរាយការណ៍ជូនសមត្ថកិច្ច ចុះអន្តរាគមន៍ដល់ទីតាំង ធ្វើកោសល្យវិច័យ បញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារ សង្ស័យស្រវឹងស្រា បើកបរគោយន្តបណ្ដាលធ្លាក់ផ្លូវក្រឡាប់សង្កត់លើតែម្តង ។
បន្ទាប់មកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ វណ្ណា