អ្នកទោស ៤នាក់ស្លាប់នៅក្នុងពន្ធនាគារមួយក្នុងខេត្ត Phitsanulok ប្រទេសថៃពេលនេះរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃចូលអន្តរាគមន៍ក្រោយមានការមន្ទិលសង្ស័យជាច្រើន ពាក់ព័ន្ធការស្លាប់នោះ។
ពេលនេះ លោក Somsak Thepsuthin រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ថៃ បានបញ្ជាឲ្យបង្ហាញភស្ដុតាងពីការស្លាប់របស់អ្នកទោសទាំង៤នាក់នោះ។ លោកសង័្សយថា ករណីនេះ អាចបណ្ដាលមកពីអ្នកគ្រប់គ្រងពន្ធនាគារ មានការធ្វេសប្រហែស ឬមានចេតនាធ្វេសប្រហែស។ ប្រសិនបើករណីនេះ ត្រូវបានស៊ើបអង្កេត និងរកឃើញយ៉ាងដូច្នេះមែន។ លោកនឹងចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងជនណាដែលប្រព្រឹត្ដខុស ហើយស្វែងរកសំណងជូនក្រុមគ្រួសាររបស់ពួកគេ។
ក្រុមវេជ្ជបណ្ឌិត បានថ្លែងថា អ្នកទោសទាំង៤នាក់នេះ បានស្លាប់ជាបន្ដបន្ទាប់ ចន្លោះពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ ដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២០។ ករណីនេះ អាចបណ្ដាលមកពីកម្រិតអ័រម៉ូនទីរ៉ូអ៊ីត កើនឡើងខ្ពស់។ អ្នកទោសរាប់រយនាក់ នៅក្នុងពន្ធនាគារនេះ មានរោគសញ្ញា ប្រហាក់ប្រហែលគ្នា។ រីឯក្រុមវេជ្ជបណ្ឌិត ក៏បានធ្វើតេស្ដឈាមរបស់អ្នកទោសជាង៣៥០០នាក់។ ប៉ុន្ដែអ្នកទោសចំនួន២៤នាក់ មានរោគសញ្ញាធ្ងន់ធ្ងរ ហើយត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅក្នុងតំបន់។
លោក Narat Sawettanan អគ្គនាយកដ្ឋានកែប្រែ បានទៅពិនិត្យមើលស្ថានភាព នៅក្នុងពន្ធនាគារនោះ កាលពីថ្ងៃទី៦ ខែមករា ហើយបញ្ជាក់ថា ករណីនេះ អាចបណ្ដាលមកពីការគ្រប់គ្រង ហើយស្ថានភាពនឹងវិលទៅរកភាពប្រក្រតីឡើងវិញ ក្នុងរយៈពេលប្រហែល១សប្ដាហ៍ទៀត។ ករណីស្លាប់អ្នកទោសនេះ ប្រសិនបើបញ្ជាក់ថា អាហារក្នុងគុក នាំឲ្យអ្នកទោសពុលស្លាប់មែន លោកនឹងចាត់វិធានការតាមផ្លូវច្បាប់ ប្រឆាំងនឹងអ្នកប្រព្រឹត្ដកំហុស។
លោកអគ្គនាយករដ្ឋាន បានបញ្ជាក់ថា ពន្ធនាគារ នៅក្នុងខេត្ត Phitsanulok នេះ មានអ្នកទោសជាង៣ពាន់នាក់ និងមានសន្ដិសុខ១២០នាក់ ហើយគិលានុប្បដ្ឋាកចំនួន២នាក់។ទោះជាយ៉ាងណា ករណីនេះ រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ថៃ កំពុងបញ្ជាឲ្យមន្រ្ដីជំនាញ ស៊ើបអង្កេត និងស្វែងរកភស្ដុតាងឲ្យបានច្បាស់លាស់ អំពីការស្លាប់របស់អ្នកទោសទាំងនោះ៕