ភ្នំពេញ ៖ រថយន្តកុងតឺន័រមួយគ្រឿងរបស់ក្រុមហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ អ្នកបើកបរខ្វះការប្រុងប្រយ័ត្ន បើកបុកកៀររថយន្តកូរ៉ូឡា កំពុងឈប់ស្ងៀម ដើម្បីឲ្យយានខាងមុខឆ្លងកាត់ បណ្តាលឲ្យរងខូចខាតខ្ទេចមួយចំហៀង បែកកង់អស់២គ្រាប់ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៣ កែងផ្លូវបេតុង ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ រថយន្តកូរ៉ឡា ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2P-8891 បើកបរដោយបុរសម្នាក់តាមផ្លូវជាតិលេខ៣ ពីជើងទៅត្បូង លុះដល់ចំណុចខាងលើ ឈប់ចតស្ងៀម ដោយសារ មានយានយន្តឆ្លងកាត់ ចេញពីពីផ្លូវបេតុងភូមិ ស្រាប់តែរថយន្តកុងតឺន័រ ម៉ាក FUSO ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 3E-7107 សណ្តោងរុឺម៉ក សឺមី ផ្ទុកទូកុងតឺន័រ ពាក់ស្លាកលេខ ព្រះសីហនុ 4A-2705 ជារថយន្តរបស់ក្រុមហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ បើកពីជើងទៅត្បូង បុកកៀររថយន្តកូរ៉ូឡាពីចំហៀងខាងឆ្វេង បណ្តាលឲ្យខ្ទេចមួយចំហៀង បែកកង់២គ្រាប់មុខក្រោយ ខាងឆ្វេង ។
ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅ យករថយន្តដាក់កៀនខាង ជៀសវាងកកស្ទះចរាចរណ៍ និងទុកឱកាសឲ្យភាគីសងខាងនិយាយគ្នា ដោយខាងរថយន្តកុងតឺន័រ ចេញសងថ្លៃខូចខាត១៥០ដុល្លារ ខណៈដែលភាគីរថយន្តកូរ៉ូឡា ទាមទារ៥០០ដុល្លារ មិនត្រូវគ្នា សមត្ថកិច្ចវាស់វែងយកទៅរក្សាទុកជាបណ្តោះអាសន្ន រង់ចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ