ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក កាណាដា អង់គ្លេស ប្រកាសថា ​មីស៊ីលអ៊ីរ៉ង់ បាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរអ៊ុយក្រែន

ចែករំលែក៖

តាមរូបភាពវីដេអូផ្សព្វផ្សាយ​ នៅលើបណ្តាញសង្គម ​បានបង្ហាញថា យន្តហោះ​អ៊ុយក្រែន​ដែលធ្លាក់​នៅអ៊ីរ៉ង់​នោះ គឺដោយសារការបាញ់ទម្លាក់ពីមីស៊ីល ហើយអ្នកដំណើរ​ចំនួន​១៧៦នាក់ នៅក្នុងយន្ដហោះនោះ​បានស្លាប់ទាំងអស់ ។

យន្តហោះអ៊ុយក្រែន​កាលពីថ្ងៃទី៨ បានធ្វើដំណើរចាកចេញពី​អ៊ីរ៉ង់​ទៅកាន់​អ៊ុយក្រែន ប៉ុន្តែ​បានប៉ុន្មាននាទីក្រោយ​មក ស្រាប់តែធ្លាក់​ភ្លាមៗ។ ប្រភពពីអាមេរិកបានបញ្ជាក់ថា ផ្កាយរណប​សម្ងាត់​បានចាប់​បានសញ្ញាមីស៊ីល​បាញ់​ នៅមុនពេលដែលយន្តហោះ​បានធ្លាក់ ។

ទីភ្នាក់ងារព័ត៌មាន New York Times និង CNN តាមរយៈសេចក្តីថ្លែងការណ៍​របស់មន្ត្រី​កាណាដា, អាមេរិក និងអង់គ្លេស​ ដែល​ផ្អែកតាម​ព័ត៌មាន ​ក៏ដូចជា​វីដេអូសម្ងាត់ ​បានបញ្ជាក់ថា ប្រព័ន្ធមីស៊ីលអ៊ីរ៉ង់​ បានបាញ់ទម្លាក់​យន្តហោះ​នោះ។ ករណីនេះ គេអាចសន្និដ្ឋានបានថា អ៊ីរ៉ង់ជាអ្នកបាញ់ទម្លាក់យន្តហោះនេះ ។ នេះបើយោងតាមការផ្សាយរបស់ប្រភព Aljazeera កាលពីព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ។

ក្នុងការចោទប្រកាន់អ៉ីរ៉ង់ខាងលើនេះ គឺក្រុមស៊ើបការណ៍សម្ងាត់ជាតិអាមេរិក និងកាណាដា បានធ្វើការអង្កេតទៅលើខ្សែវីដេអូមួយ ដែលត្រូវបានគេអះអាងថា បានថតនៅកំឡុងពេល ដែលយន្តហោះអ៊ុយក្រែនដឹកមនុស្ស១៧៦នាក់ បានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ នៃរដ្ឋធានីតេហេរ៉ង់កាលពីម៉ោង ៦៖១២នាទីព្រឹកថ្ងៃពុធ ទី០៨ ខែមករា (ម៉ោងនៅតេហេរ៉ង់)។ នៅក្នុងវីដេអូនោះ គឺជាសកម្មភាពគ្រាប់មីស៊ីលហោះចេញ និងបុកជាមួយវត្ថុនៅលើអាកាស ស្ថិតនៅជាយរដ្ឋធានីតេហេរ៉ង់តែម្តង។

បន្ថែមពីខាងលើនេះ នៅពេលអាជ្ញាធរអ៉ីរ៉ង់ ប្រកែកមិនព្រមប្រគល់ប្រអប់ខ្មៅ នៃយន្តហោះ Boeing 737-800 ឲ្យផ្នែកស៊ើបអង្កេតអន្តរជាតិ វាហាក់កាន់តែធ្វើឲ្យការសង្ស័យកើនឡើងថា គ្រាប់មីស៊ីលអ៉ីរ៉ង់ពិតជាបានបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរ របស់អាកាសរណ៍អន្តរជាតិអ៊ុយក្រែននោះមែន។

ប្រទេសកាណាដាបានបាត់បង់ប្រជាជនរហូតដល់ទៅ៦៣នាក់ នៅក្នុងការធ្លាក់យន្តហោះអ៊ុយក្រែន នៅអ៉ីរ៉ង់ ហើយនាយករដ្ឋមន្ត្រីកាណាដាលោក ចាស្ទីន ទ្រូដូ (Justin Trudeau) បានអំពាវនាវឲ្យមានការស៊ើបអង្កេតជាក់លាក់លើករណីនេះ ខណៈភ្នាក់ងារស៊ើបអង្កេតរបស់កាណាដាផ្ទាល់ បានជឿជាក់រួចទៅហើយថា យន្តហោះនោះត្រូវបានបាញ់ទម្លាក់ដោយគ្រាប់មីស៊ីលរបស់អ៉ីរ៉ង់។

គួរបញ្ជាក់ថា ក្នុងចំណោមអ្នកស្លាប់ទាំង១៧៦នាក់ មានពលរដ្ឋអ៉ីរ៉ង់ ៨២នាក់, កាណាដា ៦៣នាក់, អ៊ុយក្រែន ១១នាក់,ស៊ុយអែត ១០នាក់, អាហ្វហ្គានីស្ថាន ០៤នាក់, អាល្លឺម៉ង់ ០៣នាក់ និងអង់គ្លេស ០៣នាក់។ ចំណែកឯស្ថានទូតអ៊ុយក្រែនប្រចាំនៅប្រទេសអ៉ីរ៉ង់ ក៏បានអះអាងកាលពីដំណាក់កាលដំបូងថា មូលហេតុនៃការធ្លាក់យន្តហោះមួយគ្រឿងធុន Boeing 737 របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែន (Ukraine International Airlines) នៅជាយរដ្ឋធានីតេហេរ៉ង់ របស់ប្រទេសអ៉ីរ៉ង់ គឺមិនមែនជា ដោយសារវាយប្រហារភេរវកម្ម ឬមួយក៏គ្រាប់មីស៊ីលនោះទេ៕


ចែករំលែក៖