ព័ត៌មានទាន់ហេតុការណ៍៖

អតីតយោធាធ្លាក់ខ្លួនក្រីក្រ មានផ្ទុកមេរោគ HIV គ្មានដីធ្លី សង់រោងរស់នៅដាំដំណាំគ្រាន់ចិញ្ចឹមជីវិត មន្ត្រីបរិស្ថានទៅរំលំផ្ទះចោល សំណូមពរដល់សម្តេចជួយ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ អតីតយោធា ទីទាល់ក្រគ្មានដីធ្លីផ្ទះសម្បែងរស់នៅ ថែមទាំងផ្ទុកមេរោគ HIV ទៀតផង បានមកកាប់ឆ្កាដីព្រៃដាំដំណាំគ្រាន់ចិញ្ចឹមជីវិតចុងក្រោយរបស់ពួកគាត់ ត្រូវបានកម្លាំងមន្ត្រីស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដឹកនាំដោយលោក សុន ចាន់ ក្រោមការចង្អុលបង្ហាញពីលោក ខន សុខុន ប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ឲ្យអនុវត្តន៍រុះរើ រោងស្នាក់នៅរបស់ពួកគាត់ ស្ថិតនៅដីចំការក្រោយភូមិ សំរោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

បើតាមលោក សុន ចាន់ ប្រធានស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់និយាយយ៉ាងខ្លីថាការចុះរុះរើនេះថ្នាក់លើអ្នកបញ្ជារលោកចុះអនុវត្តន៍ប៉ុណ្ណោះ ចង់ដឹងរឿងពិតអស់លោកសារព័ត៌មានទៅសួរប្រធានការិយាល័យដែនជម្រកទៅដឹងហើយ ។

បើតាមសម្តីរបស់លោកយាយឃឹម យ៉ាន អាយុ៨២ឆ្នាំ មានប្តីឈ្មោះព្រំ មី អាយុ៨៩ឆ្នាំ រស់នៅជាមួយកូនឈ្មោះព្រំ សាវឿន អាយុ៥១ឆ្នាំ(អតីតយោធាធ្លាក់ខ្លួនមានផ្ទុកមេរោគអេដស៍) និងប្អូនថ្លៃឈ្មោះយ៉ាន សុវណ្ណ ភេទស្រីអាយុ៤៨ឆ្នាំ មុខរបរកសិករ និងប្តីមានឈ្មោះ ព្រំ សាវី អាយុ៤៨ឆ្នាំ (សុទ្ធសឹងជាអ្នកជំងឺមានផ្ទុកមេរោគHIV) ស្នាក់នៅក្នុងភូមិសំរោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ បាននិយាយទាំងទឹកភ្នែកថាដីចំការខាងលើ និងរោងរបស់ពួកគាត់នេះ កាប់ឆ្ការុករានតាំងពីឆ្នាំ២០១២មកម្លេះ ពួកគាត់បានដឹងច្បាស់ហើយថាជាដីព្រៃរបស់រដ្ឋ ប៉ុន្តែដោយពួកគាត់មិនមានដីសម្រាប់ធ្វើស្រែចំការសូម្បីតែមួយចំអាមនោះទេហើយការមកកាប់រាន ឆ្ការព្រៃនេះមានផ្ទៃដីជាង២ហិកតាប៉ុណ្ណោះ ដាំដំណាំមានម្ទេស ចេក និងកូនស្វាយចន្ទី គ្រាន់បេះបានផ្លែយកមកលក់លើទីផ្សារគ្រាន់បានលុយទិញអង្ករហូប និងថ្នាំដើម្បីពន្យារប៉ុណ្ណោះ ។ ស្រាប់តែនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ ក្រុមមន្ត្រីបរិស្ថាន ដឹកនាំកម្លាំងមានទាំងប្រជាពលរដ្ឋ០៦នាក់មកជាមួយផងនោះ ដើម្បីមករុះរើ រោងស្នាក់នៅរបស់ពួកគាត់ ។

ស្ត្រីយ៉ាន សុវណ្ណ បានបន្ថែមថាប្រសិនបើមន្ត្រីបរិស្ថានរុះរើរោងស្នាក់នៅពួកគាត់អស់ទៅ ពួកគាត់មានម្តាយ ឪពុក ចាស់ជរា និងកូនតូចៗ ច្បាស់ជារស់នៅគ្មានអីជ្រកនោះទេ សូម្បីតែឥវ៉ាន់ អង្ករ ចាន ឆ្នាំង សម្រាប់ដាំបាយក៏ពួកគេរុះរើធ្វើឲ្យមានការខូចខាតខ្ទេចខ្ទីអស់ដែរ ។

ជាការសំណូមពរសូមឲ្យអាជ្ញាធរ ភូមិ ឃុំ ស្រុក ខេត្ត ជាពិសេសសម្តេចតេជោ ហ៊ុន សែននាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមេត្តាជួយក្រុមគ្រួសាររបស់ពួកគាត់មានផ្ទុកមេរោគអេដស៍ហើយគ្មានដីធ្លីផ្ទះសម្បែងរស់នៅនេះផង បើគ្រាន់តែរស់នៅលើដីព្រៃហើយក្រុមមន្ត្រីបរិស្ថានមកដេញទៀតនោះពួកគាត់សុខចិត្តដេកស្លាប់នៅលើដីរបស់ពួកគាត់កាប់ឆ្ការនោះហើយ ពួកគាត់សង្ឃឹមលើ អាជ្ញាធរ ភូមិ ឃុំ ស្រុក ខេត្ត និងសម្តេច និងជួយពួកគាត់បានរស់នៅលើដីជាង៣ហិកតានេះ ។

តាមការលើកឡើងរបស់មន្ត្រីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ការចុះអនុវត្តន៍របស់មន្ត្រីស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់នៅព្រឹកថ្ងៃទី០៩ខែមករាឆ្នាំ២០២០នេះគឺមិនបានសុំគោលការណ៍មកមន្ទីរឡើយ គ្រាន់តែទូរសព្ទ័ប្រាប់ខ្លាចមានរឿងកើតឡើងតែប៉ុណ្ណោះ ។ ការចុះធ្វើការនេះប្រសិនបើប្រជាពលរដ្ឋកាប់ឆ្កាដីព្រៃតិចតួចគ្រាន់ចិញ្ចឹមជីវិត គ្រាន់បានរស់នោះ ដី២ហិកតា ទៅ៣ហិកតា ដាំដំណាំនោះបើលើកលែងបានគួរតែលើកលែងទៅ ។

ពាក់ព័ន្ឋសកម្មភាពក្រុមមន្ត្រីបរិស្ថាននេះដែរមហាជនដែលដឹងរឿងបានរិះគន់ថា”បើអស់លោកពិតជាមានចិត្តការពារដីព្រៃប្រាកដមែននោះសូមអស់លោកកុំបណ្តោយឲ្យអ្នកមានលុយមានអំណាចឈូសឆាយយកបានឲ្យសោះព្រោះថាតំប់ន់ខាងលើនេះដីព្រៃរបស់រដ្ឋមួយចំនួនធំត្រូវបានអ្នកមានលុយមានអំណាចប្រើគ្រឿងចក្រឈូសយកជិតអស់ហើយ មិនដែលឃើញអស់លោកទៅឃាត់ឬចាប់គ្រឿងចក្របានម្តងណាឡើយ ចុះហេតុអ្វីពលរដ្ឋទីទ័លក្រ កាប់ឆ្ការដោយដៃអស់លោកឃ្មាតខ្មីចុះទៅឃាត់សម្បើមម្លេះឬមួយពលរដ្ឋក្រីក្រមួយគ្រួសារនេះមិនបានមានសំណែនសែនព្រេនដល់អស់លោកដូចអ្នកមានលុយមានអំណាចទាំងនោះទើបនាំគ្នាចុះទៅឃាត់ហើយថតរូបផ្ញើឲ្យមេឃើញថាករុមខ្លួនសកម្មការពារដីរដ្ឋ?” ៕ សេនាសក្តិ


ចែករំលែក៖