ខេត្តបៃលិន៖ លោក ងួន ចាន់រ៉េតនាយរងការិយាល័យបង្ការពន្លត់អគ្គិភ័យបានប្រាប់ឲ្យដឹងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ថា រយះពេលជិតពីរសប្តាហ៍ ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ មានករណីភ្លើងឆេះជង្រុក ដំណាំចម្ការ និងជង្រុកខូចខាតដល់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋជាច្រើនក្នុងភូមិសាស្ត្រចំនួនពីរភូមិរបស់ខេត្តប៉ៃលិន ។
សមត្ថកិច្ចជំនាញខាងលើបានបន្តថា ភ្លើងឆេះដំណាំចម្ការ ក្នុង ករណីទី១ បានកើតឡើងនៅត្រង់ភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន អូសបន្លាយពេលវេលាជាច្រើនម៉ោង ប៉ះពាល់ខូចខាតដំណាំតាង៉ែនចំនួន៣៥០០ដើម ។ ករណីទី២ បានកើតឡើងលើភូមិដីក្រហម ចំនួន២លើកទៀត ខូចខាតដំណាំស្វាយសរុបចំនួន៤០០ដើម តាង៉ែន៤០ដើម ចម្ការដំឡូងមីចំនួន១ហិកតាកន្លះ ជង្រុក១ខ្នង ខូចខាតស្រុងនូវទ្រព្យសម្បត្តិអស់ជាច្រើន និងចុងក្រោយភ្លើងបានឆាបឆេះព្រៃអស់ចំនួន៦ហិកតាផ្សេងទៀតផងដែរ ។
នាយរងការិយាល័យបង្ការពន្លត់អគ្គិភ័យនៃស្នងការនគរបាលខេត្តប៉ៃលិនបានបន្ថែមដែរថា មូលហេតុនៃការឆាបឆេះស្របពេលដែលអាកាសធាតុក្តៅ ខ្យល់ហួតហែងនេះ កើតឡើងដោយសារការធ្វេសប្រហែសរបស់ប្រជាពលរដ្ឋដុតព្រៃដើម្បីយកឃ្មុំ និងការដុតសំរាមហើយដើរចោលក៏បណ្តាលឲ្យអណ្តាតភ្លើងឆេះរាលដាលទៅដល់ជង្រុក ក៏ដូចជាចម្ការរបស់ប្រជាពលរដ្ឋតែម្តង ។
បើតាមពលរដ្ឋ១ចំនួនដែនមានចម្ការជិតជើងភ្នំ និងជិតព្រៃនោះ កុំតែភ័យខ្លាច និងចម្ការរបស់គាត់ដែលមានផលផ្លែជិតបានបេះយកទៅ ថ្ងៃសែនចូលឆ្នាំចិន ខាងមុខនេះ ។
ករណីអគ្គិភ័យឆាបឆេះឡើងនេះកម្លាំងរបស់ការិយាល័យបង្ការពន្លត់អគ្គិភ័យ នៃស្នងការខេត្តបានប្រើប្រាស់រថយន្តចុះអន្តរាគមន៍ពន្លត់ប្រមាណជាជិត៥០រថយន្តទើបស្ថានភាពឆាបឆេះមានភាពប្រសើរឡើងវិញ ៕ ស សារ៉េត