បម្រែបម្រួលអាកាសធាតុ ធ្វើឲ្យប្រទេសអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន ត្រូវឆ្លងកាត់នូវរដូវត្រជាក់អាក្រក់បំផុតមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រ ។ ជាមួយគ្នានេះ មានព្រិលធ្លាក់ ព្រមទាំងភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំននសម្លាប់មនុស្ស ជិត៥០នាក់ ។
នៅក្នុងប្រទេស អាហ្វហ្គានីស្ថាន យ៉ាងហោចណាស់មានមនុស្ស ១៨ នាក់ រួមទាំងស្ត្រី និងកុមារ បានស្លាប់ ដោយសារបញ្ហាអាកាសធាតុធ្ងន់ធ្ងរនេះ ។ លោក Hasibullah Shaikhani មន្ដ្រីទទួលបន្ទុកព័ត៌មានរបស់ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយអាហ្វហ្គានីស្ថានបានថ្លែងថា ផ្លូវហាយវ៉េភាគច្រើននៅក្នុងប្រទេស ត្រូវបិទដោយសារទាក់ទងជាមួយបញ្ហាព្រិលធ្លាក់ខ្លាំងពេក ។
អ្នកនាំពាក្យអភិបាលខេត្ត Kandahar លោក Bahir Ahamdi បាននិយាយថា ក្នុងចំណោមអ្នកស្លាប់ និងរបួសនៅអាហ្វហ្គានីស្ថាន មាន៨នាក់ស្លាប់នៅខេត្ត Kandahar ភាគខាងត្បូង ។ លោក Abdul Ahad Walizada អ្នកនាំពាក្យស្នងការប៉ូលីសខេត្តបានថ្លែងថា នៅខេត្ត Herat ភាគខាងលិចរបស់អាហ្វហ្គានីស្ថាន មនុស្ស ៧ នាក់បានស្លាប់ រួមទាំងសមាជិក ៥ នាក់គ្រួសារតែមួយ ។ មនុស្ស៣នាក់ទៀត បានស្លាប់នៅភាគខាងត្បូង ខេត្ត Helmand របស់ប្រទេសអាហ្វហ្គានីស្ថាន ។
ប្រជាជនរស់នៅក្នុងរដ្ឋធានី កាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន ដែលសីតុណ្ហភាពបានធ្លាក់ចុះដល់កម្រិត-១៥ អង្សាសេនោះ បានបោះបង់ចោលការបើកបររបស់ពួកគេ ហើយព្យាយាមទាំងការលំបាកទៅធ្វើការដោយថ្មើរជើងតាមដងផ្លូវគ្របដណ្តប់ដោយព្រិលធ្លាក់ខ្លាំងនោះ ។
ដោយឡែកនៅក្នុងប្រទេសប៉ាគីស្ថានវិញ មាន មនុស្ស ២៥ នាក់បានស្លាប់ នឹងធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាងខ្លាំង ជាពិសេសនៅក្នុងខេត្ត បាលូជីស្ថាន (Baluchistan) ភាគនិរតី ។ លោក Imran Zarkon ប្រធានគ្រប់គ្រងគ្រោះមហន្តរាយបានថ្លែងថា មនុស្ស ១៤ នាក់ បានស្លាប់នៅខេត្ត(Baluchistan)នេះ ក្នុងរយៈពេល ២៤ ម៉ោងប៉ុណ្ណោះ ជាពិសេសនៅពេលដែលដំបូលអគារលំនៅឋានបានបាក់រលំសង្កត់ពួកគេ ពេលកំពុងមានភ្លៀងធ្លាក់ខ្លាំង ។
ការធ្លាក់ព្រិលខ្លាំងបានបង្ខំឱ្យបិទផ្លូវហាយវ៉េជាច្រើនកន្លែង និងផ្នែកខ្លះទៀត ស្ថិតនៅក្នុងខេត្តមួយនេះ ។ លោក Abdul Sattar មន្ត្រីផ្នែកសេវាកម្មសង្គ្រោះបន្ទាន់របស់រដ្ឋបានថ្លែងថា មនុស្ស ១១ នាក់ទៀត បានស្លាប់នៅភាគខាងកើតខេត្ត Punjab ពេលដែលដំបូលផ្ទះរបស់ពួកគេ បាក់ធ្លាក់សង្កត់ពីលើ ខណៈកំពុងមានភ្លៀងធ្លាក់ខ្លាំង៕