គោចិញ្ចឹមសម្រាប់យកទឹកដោះ ជិត១០០ក្បាល បានងាប់ និងជិត២០០០ក្បាលបានឆ្លងជំងឺ មាត់-ជើង បង្កក្តីបារម្ភយ៉ាងខ្លាំង ដល់អ្នកប្រើប្រាស់ ផលិតផលទឹកដោះគោស្រស់នៅក្នុងប្រទេសថៃ ។
ជំងឺឆ្លងខាងលើបានកើតឡើងនៅខេត្ត សារ៉ាបុរី ភាគកណ្តាលរបស់ប្រទេសថៃ ។ ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសថៃបានផ្សាយកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ថា សត្វគោចិញ្ចឹមយកទឹកដោះជិត១០០ក្បាលបានងាប់ និងជិត២០០០ក្បាលទៀតបានឆ្លង សង្ស័យថាបណ្តាលមកពីជំងឺឆ្លងនៅត្រង់ជើង និងមាត់របស់សត្វគោ ។ ម្ចាស់កសិដ្ឋានចិញ្ចឹមគោយកទឹកដោះបានបញ្ជាក់ថា ពួកគេនឹងដាក់ញត្តិទៅកាន់នាយករដ្ឋមន្ត្រីប្រយុទ្ធ ចាន់អូចា និងរដ្ឋមន្ត្រីក្រសួងកសិកម្ម Chalermchai Sri-on ដើម្បីស្វែងរកជំនួយបន្ទាន់ ។
ម្ចាស់កសិដ្ឋាននៅតំបន់ Tambon Lamphaya Klang ស្រុកមួយស្ថិតនៅក្នុងខេត្ត សារ៉ាបុរី ដែលសត្វគោចិញ្ចឹមយកទឹកដោះ រងផលប៉ះពាល់ខ្លាំងបំផុតនោះបានប្រាប់ប្រភពព័ត៌មានក្នុងស្រុកផ្សាយថា សត្វគោរបស់ពួកគាត់បានចាប់ផ្តើមលេចចេញសញ្ញានៃជំងឺឆ្លងទាំងនេះ តាំងតែពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២០រហូតមក ។
មន្ត្រីក្នុងតំបន់បានបញ្ជាក់ថា ការឆ្លងរាលដាលជំងឺនេះស្ថិតនៅកសិដ្ឋានប្រហែល១០៨កន្លែង ដែលមានគោចិញ្ចឹមសម្រាប់យកទឹកដោះប្រហែល ២ ៣០០ក្បាល ស្ថិតនៅក្នុងខេត្ត សារ៉ាបុរី ។ ស្ថានការមានភាពល្អប្រសើរខ្លះហើយ ដោយសត្វគោប្រហែល១០០០ក្បាលដែលឈឺនោះបានជាសះស្បើយឡើងវិញ ក្រោយពីការព្យាបាលពីជំនាញពេទ្យសត្វ ៕