ប្រភពពីប្រជានេសាទជាលក្ខណៈគ្រួសារនៅតំបន់បឹងទន្លេសាប នៃឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំបាន ឲ្យដឹងថាមួយរយៈចុងក្រោយនេះបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ក្នុងមូលដ្ឋានពួកគាត់នៅតែកើតឡើងយ៉ាងរាលដាលព្រោះមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធដែលគិតតែពីរឿងប្រមូលលុយចែកគ្នា។
ប្រភពបានឲ្យដឹងទៀតថា លោក យ៉ាន់ វិសាក់ ហៅសែ នាយផ្នែករដ្ឋបាលជលផលផាត់សណ្តាយ គឺជាមេខ្លោងធំក្នុងការបើកដៃឲ្យក្រុមជនល្មើសទាំងជនជាតិខ្មែរនិងជនជាតិយួន ប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីក្នុងបឹងទន្លេសាបយ៉ាងមហន្តរាយ។
ជុំវិញបញ្ហានេះមន្ត្រីរាជការក្នុងមន្ទីរកសិកម្មខេត្តកំពង់ធំបានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃ ពីសំណាក់លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ និងលោក ហម ហ៊ុន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ ទេនោះគឺលោក យ៉ាន់ វិសាក់ ហៅសែ និងបក្ខពួកមិនអាចធ្វើអ្វីៗតាមអំពើចិត្តបានឡើយ។
បើតាមប្រភពស្និទ្ធនឹងលោក យ៉ាន់ វិសាក់ ហៅសែ នាយផ្នែករដ្ឋបាលជលផលផាត់សណ្តាយ បានឲ្យដឹងថាករណីលោក យ៉ាន់ វិសាក់ ឃុបឃិតឲ្យជនល្មើសប្រើឧបករណ៍ខុសច្បាប់ច្រើនប្រភេទចាប់ត្រីក្នុងបឹងទន្លេសាបយ៉ាងអនាធិបតេយ្យ គឺជាប្រភពចំណូលរបស់លោក ប៉ែន រណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ និងលោក ហម ហ៊ុន មេរដ្ឋបាលជលផលខេត្តកំពង់ធំ ផងដែរ។ ហេតុនេះហើយទើបលោក ប៉ែន រណ្ណរិទ្ធនិងលោក ហម ហ៊ុន បណ្តោយឲ្យលោក យ៉ាន់ វិសាក់ ហៅសែ និងមន្ត្រីក្រោមឱវាទធ្វើអ្វីៗតាមអំពើចិត្តមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ សូម្បីតែលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ ក៏រក្សាភាពស្ងៀមស្ងាត់ផងដែរក្នុងខណៈដែលបទល្មើសនេសាទក្នុងបឹងទន្លេសាប ស្រុកកំពង់ស្វាយ កើតឡើងយ៉ាងគគ្រឹកគគ្រេង។
សេចក្តីរាយការណ៍ពីប្រជានេសាទនៅតំបន់ផាត់សណ្តាយបានឲ្យដឹងថា ក្រុមជនល្មើសប្រើឧបករណ៍ខុសច្បាប់យ៉ាងពេញបន្ទុកសុទ្ធ តែបង់លុយតាមការកំណត់របស់លោក យ៉ាន់ វិសាក់ ហៅសែ និងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនទើបពួកគេអាចចៀសផុតពីការបង្ក្រាបរបស់មន្ត្រីជំនាញនិងសមត្ថកិច្ចពុករលួយ។ ជាងនេះទៅទៀតមានការកត់សម្គាល់ថា ចាប់តាំងពីលោក ហម ហ៊ុន ទទួលបានតំណែងជានាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ រួចមកគឺបទល្មើសនេសាទក្នុងស្រុកកំពង់ស្វាយ ស្រុកស្ទោង និងស្រុកផ្សេងៗទៀតកើតឡើងយ៉ាងខ្លាំងក្លា។
បញ្ហានេះគឺជារឿងដែលថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងថ្នាក់ដឹកនាំក្រសួងកសិកម្មមិនគួរបណ្តែតបណ្តោយតទៅទៀតទេ ព្រោះមន្ត្រីអាជ្ញាធរ និងមន្ត្រីជំនាញក្នុងខេត្តកំពង់ធំ មិនយកចិត្តទុកដាក់បង្ក្រាបបទល្មើសនេសាទប្រកបដោយប្រសិទ្ធភាពទេ ៕