ព័ត៌មានទាន់ហេតុការណ៍៖

កំពុងបើកសុខៗ ដាច់កង់ក្រោយក្រឡាប់បោកផ្ទប់របងផ្ទះអ្នកភូមិ និងបាក់បង្គោលភ្លើង១ដើម

ចែករំលែក៖

ភ្នំពេញ៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយទ្រុង១គ្រឿងដឹកទឹកសុទ្ធ ខណៈកំពុងបើកបរ សុខៗស្រាប់តែដាច់កង់ក្រោយខាង ស្ដាំ២គ្រាប់ បណ្ដាលឲ្យក្រឡាប់បោកផ្ទប់របងផ្ទះអ្នកភូមិ និងបាក់បង្គោលភ្លើងថ្ម១ដើម ប៉ុន្តែមិនបង្កឲ្យមានអ្នករងគ្រោះនោះឡើយ ហើយរថយន្តនោះបានរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង៨ និង៣៥នាទីព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅលើបេតុងក្នុងភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ រថយន្តទ្រុងម៉ាកហ៊ីយ៉ាន់ដាយ១គ្រឿងនោះ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D 9819 ជារថយន្តដឹកទំនិញហើយអ្នកបើកបរមិនត្រូវបានស្គាល់ឈ្មោះឡើយ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តនោះបើកបរធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ហើយកំពុងតែបើកបរក្នុងល្បឿនលឿនផងនោះ ស្រាប់តែដាច់កង់ក្រោយខាងស្ដាំអស់២គ្រាប់ រួចក៏ក្រឡាប់សង្កត់លើរបងថ្ម និងបង្គោលភ្លើងបាក់អស់១ដើមតែម្ដង ។ ខណៈនោះសំណាងខ្លាំងណាស់ ដែលពុំបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ ហើយអ្នកបើកបរក៏មិនបានរងគ្រោះថ្នាក់ដែរ បន្ទាប់មបានដើរចាកចេញពីកន្លែងកើតហេតុបាត់ ។

ក្រោយពេលកើតហេតុនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានចុះទៅពិនិត្យមើលស្ថានភាពជាក់ស្ដែងហើយបានឃើញមានការប៉ះពាល់ដល់របងផ្ទះអ្នកភូមិ និងបង្គោលភ្លើងផងនោះ ទើបប្រគល់ទៅឲ្យផ្នែកនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្តតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ​


ចែករំលែក៖