ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ លោក រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ឈឹម កាន អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់មន្ទីរបរិស្ថានខេត្ត ដោយមានការចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញ កងកម្លាំងប្រដាប់អាវុធ អភិបាលក្រុង/ស្រុកទាំង០៥ អង្គការដៃគូនានា និងមន្រ្តីឧទ្យាននុរក្សជាច្រើនរូប ដែលប្រព្រឹត្តទៅនៅមន្ទីរបរិស្ថានខេត្ត នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ។

លោក ឈឹម កាន អភិបាលរងខេត្ត បានបញ្ជាក់ថា ពិធីបូកសរុបលទ្ធផលនាពេលនេះ ដើម្បីដឹងអំពីចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម សំណើដំណោះស្រាយ និងទិសដៅអនុវត្តបន្ត ក្នុងការរួមសហការគ្នា ស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ដែលបានកើតមានឡើង និងទទួលបានអនុសាសន៍ល្អៗ ដើម្បីឈានទៅសម្រេចនូវនូវជោគជ័យធំៗបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការអភិរក្ស និងអភិវឌ្ឍន៍នៅក្នុងខេត្ត ។ លោកបានណែនាំដល់មន្រ្តី នៃមន្ទីរបរិស្ថាន ត្រូវសហការគ្នា ក្នុងការទប់ស្កាត់ និងការអភិរក្សធនធានធម្មជាតិ សំដៅការអភិវឌ្ឍប្រទេសជាតិ និងការអភិវឌ្ឍរបស់ខេត្តមណ្ឌលគិរី ឲ្យមានការរីកចម្រើន ។

លោក រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំ ក៏ដូចជាមន្រ្តីនៃមន្ទីរបរិស្ថានខេត្ត ដែលបានខិតខំអនុវត្តការងាររបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេស ធានាបាននូវបរិស្ថានស្អាត សន្តិសុវត្ថិភាព និងការអភិរក្សធនធានធម្មជាតិ រួមទាំងការធ្វើឲ្យប្រសើរឡើង នូវកិច្ចគាំពារបរិស្ថាន ថែមទាំងផ្តល់នូវជំនឿទុកចិត្តដល់ប្រជាពលរដ្ឋ ក្នុងការរស់នៅ និងប្រកបមុខរបបចិញ្ចឹមជីវិតដោយភាពសុខសាន្ត ដើម្បីរួមចំណែកក្នុងសកម្មភាពអភិវឌ្ឍន៍សង្គម ដល់អ្នកវិនិយោគក្នុង និងក្រៅប្រទេស ក៏ដូចជាទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិចូលមកទស្សនាក្នុងតំបន់ទេសចរណ៍ធម្មដ៏ស្រស់ស្អាតនៃខេត្តមួយនេះ ។ លោក បានស្នើដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថាន ត្រូវរក្សាសាមគ្គីភាព និងបន្តខិតខំបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនឲ្យស័ក្តិសមជាមន្រ្តីបម្រើរាស្រ្ត សំដៅធ្វើឲ្យប្រសើរឡើងនូវការរស់នៅប្រកបដោយសុខុមាលភាព និងអនាម័យបរិស្ថានស្អាត រួមចំណែក ក្នុងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងរួមគ្នាការពារធនធានធម្មជាតិ ។

ដើម្បីពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាននៅកម្ពុជា សំដៅធានានូវប្រសិទ្ធភាពការងារ ដែលមានសសរស្តំចំនួន ០៥ ទី១. កិច្ចគាំពារបរិស្ថាន ទី២. កិច្ចការពារជីវៈចម្រុះ ទី៣. ការរស់នៅប្រកបដោយចីរភាព ទី៤. រដ្ឋបាលទំនើប និងទី៥. ការអភិរក្សធនធានធម្មជាតិ ។

តាមរបាយការណ៍របស់ប្រធានមន្ទីរបរិស្ថានខេត្ត លោក កែវ សុភ៌គ បានឲ្យដឹងថា មន្ទីរបានចងក្រងសំណុំរឿងបទល្មើសធនធានធម្មជាតិពីបណ្តាដែនជម្រកសត្វព្រៃនានាចំនួន ២០៥ករណី ក្នុងនោះ មានសំណុំរឿងពិន័យអន្តរកាលចំនួន ៧៥ករណី និងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តចំនួន ១៣០ករណី ។ ការបង្កើតសហគមន៍តំបន់ការពារធម្មជាតិ ក្នុងភូមិសាស្រ្តខេត្ត មានចំនួន ២១សហគមន៍ ស្មើនឹងទំហំផ្ទៃដីសរុបចំនួន ៦៣០៧៧ហិកតា ក្នុងនោះប្រជាពលរដ្ឋសរុបចំនួន ១៧៩៥៦នាក់ ស្មើនឹង ៣៤១៤គ្រួសារ និងមានចំនួនភូមិសរុប៤០ភូមិ ។ ការចុះបញ្ជីសហគមន៍ជនជាតិដើមភាគតិច មានចំនួន២១សហគមន៍ ក្នុងនោះដែនជម្រកសត្វព្រៃកែវសីមា ចំនួន១៨សហគមន៍ ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ចំនួន០២ និងនៅក្នុងដែនជម្រកសត្វព្រៃស្រែពកចំនួន ១សហគមន៍ផងដែរ ៕ សុខ ខេមរា


ចែករំលែក៖